ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃ២៩ ខែកុម្ភៈ


លោកចន កាស្យ៉ាន់ ដ៏គួរអោយគោរព
THE VENERABLE JOHN CASSIAN

ចន ដែលជាលោកឪពុកខាងវិញ្ញាណ ដ៏មានគុណធម៌អស្ចារ្យនេះ ប្រសូត្រនៅក្រុងរ៉ូម ក្នុងគ្រួសារដ៏មានកិត្តិនាម។ ក្នុងវ័យជំទង់ លោកបានសិក្សាវិទ្យាសាស្ត្រពិភពលោកទាំងអស់ ជាពិសេសទស្សនវិជ្ជា និងតារាសាស្ត្រ។ ក្រោយមក លោកបានប្ដាជ្ញា​ខ្លួនទាំងស្រុងក្នុងការសិក្សាព្រះគម្ពីរដ៏វិសុទ្ធ។ ដោយមានបំណងចង់រីកចម្រើនខ្លួន ពីភាពល្អ ឲ្យកាន់តែល្អជាងនេះទៀត និងចង់ស្វែងរកការបរិបូណ៌ខ្ពស់ជាងនេះ កាស្យ៉ាន់បានធ្វើដំណើរពីក្រុងរ៉ូមទៅកាន់ក្រុងកុងស្តង់ទីនូប៉ូល ដើម្បីស្តាប់ និងជួបសត្តចន គ្រីស៊ូស្តូម។ សត្តគ្រីស៊ូស្តូមបានបង្រៀន និងបញ្ចូលលោកជាឌីអាកូន(ជំនួយការបូជាចារ្យ) ។ ក្រោយបានទទួលពរច្រើនពីប្រាជ្ញារបស់សត្តគ្រីស៊ូស្តូម កាស្យ៉ាន់បានធ្វើដំណើរឆ្ពោះទៅទិសខាងកើត ដើម្បីសិក្សាបន្ថែម និងស្វែងរកការបរិបូណ៌ខ្ពស់ជាងនេះ។ លោកបានស្នាក់នៅប្រទេសអេហ្ស៊ីប ហើយចំណាយពេលយូរបំផុតនៅតំបន់នីត្រីយ៉ា(Nitria) ក្នុងចំណោមពួកអ្នកប្រតិបត្តិខាងព្រលឹងដ៏ល្បីល្បាញ ដែលលោកបានរៀនសូត្រក្បួនខ្នាតនៃសីលធម៌គ្រប់ប្រភេទ។ ទីបំផុត លោកបានត្រឡប់មកភាគខាងលិចវិញ ហើយបានតាំងលំនៅនៅក្រុងម៉ាសេយ។ នៅទីនោះ លោកបានបង្កើតសហគមន៍អ្នកបួសពីរ មួយសម្រាប់បុរស និងមួយសម្រាប់ស្ត្រី។ ដោយការស្នើសុំពីពួកអ្នកបួសកាស្យ៉ាន់បានសរសេរសៀវភៅជាច្រើន។ ជាពិសេស សៀវភៅដ៏មានប្រយោជន៍សម្រាប់អ្នកស្រឡាញ់ជីវិតខាងព្រលឹងវិញ្ញាណគឺសៀវភៅ “សៀវភៅប្រាំបីអំពីការប្រយុទ្ធប្រឆាំងនឹងតណ្ហាចម្បងទាំងប្រាំបី” (The Institutes of the Monastic Life)។ សៀវភៅមួយទៀតដ៏សំខាន់គឺសៀវភៅប្រឆាំងនឹងពួកខុសឆ្គងណេស្តូរីអ៊ូស។ សៀវភៅនេះត្រូវបានសរសេរតាមសំណើរបស់អាក្ខឌីអាកូនលេអូ(Archdeacon Leo)។ លោកបានបំរើព្រះអម្ចាស់ដោយស្មោះត្រង់ និងបានពង្រីកប្រាជ្ញាដល់មនុស្សជាច្រើន រួចបានចូលទៅកាន់ជីវិតអស់កល្បនៅឆ្នាំ៤៣៥ គ.ស.។ សពរបស់សត្តចន កាស្យ៉ាន់ កំពុងស្ថិតនៅក្រុងម៉ាសេយ(Marseilles)(ប្រទេសបារាំង) រហូតមកដល់សព្វថ្ងៃនេះ។