មរណសាក្សី អ៊ូដូស៊ីយ៉ា ដ៏គួរឲ្យគោរព
THE VENERABLE MARTYR EUDOCIA
នាង អ៊ូដូស៊ីយ៉ា (Eudocia) បានរស់នៅក្នុងទីក្រុង ហេលីអូប៉ូលីស (Heliopolis) នៃភូមិភាគហ្វេនីស៊ី (Phoenicia) ក្នុងរជ្ជកាលរបស់ព្រះចៅអធិរាជត្រាយ៉ាន់ (Trajan)។ ដំបូងឡើយ អ៊ូដូស៊ីយ៉ាគឺជាមនុស្សដែលមានជីវិតពេញដោយតណ្ហា ប៉ុន្តែក្រោយមក នាងបានក្លាយជាអ្នកដែលសោកស្តាយបាបខ្លួនឯង និងជាអ្នកមានវិន័យខ្លាំង ហើយទីបំផុតក្លាយជា មរណសាក្សីដ៏គួរឱ្យគោរព។ តាមរយៈការងារជាអ្នករកស៊ីផ្លូវភេទពីមុននោះ នាងបាន រកប្រាក់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការផ្លាស់ប្តូរជីវិតរបស់នាងបានកើតឡើងដោយព្រះហឫទ័យនៃព្រះជាម្ចាស់ និងតាមរយៈព្រះសង្ឃចាស់ម្នាក់ឈ្មោះ ហ្គឺម៉ានុស (Germanus)។

ព្រះសង្ឃហ្គឺម៉ានុស ដែលបានមកកាន់ទីក្រុងនេះដើម្បីបំពេញកាតព្វកិច្ច បានស្នាក់នៅផ្ទះរបស់គ្រីស្ទានម្នាក់ ដែលស្ថិតនៅជាប់ផ្ទះរបស់នាងអ៊ូដូស៊ីយ៉ា។ នៅពេលល្ងាច តាមទំនៀមទម្លាប់របស់សង្ឃ លោកបានចាប់ផ្តើមសូត្រទំនុកដំកើង (Psalter) និងសៀវភៅមួយអំពីការវិនិច្ឆ័យទោសដ៏គួរឱ្យភ័យខ្លាច (Dread Judgment)។ អ៊ូដូស៊ីយ៉ាបានឮ ហើយស្តាប់យ៉ាងយកចិត្តទុកដាក់រហូតដល់ចប់។ សេចក្តីភ័យខ្លាច និងអារម្មណ៍រន្ធត់បានគ្របសង្កត់នាង ហើយនាងនៅភ្ញាក់រហូតដល់ព្រឹក។ នៅពេលព្រឹកឡើង នាងបានចាត់អ្នកបំរើឱ្យទៅអញ្ជើញសង្ឃនោះមកជួបនាង។ សង្ឃហ្គឺម៉ានុសបានមក ហើយ បានសន្ទនាយ៉ាងយូរជាមួយ អ៊ូដូស៊ីយ៉ា អំពីអ្វីដែលសង្ឃបានអានកាលពីយប់មុន និងអំពីជំនឿ និងការសង្គ្រោះជាទូទៅ។ ជាលទ្ធផលនៃការសន្ទនានេះ នាងអ៊ូដូស៊ីយ៉ាបានស្នើសុំបីស្សពនៅទីនោះឱ្យបំពេញពិធីជ្រមុជទឹកដល់នាង។
បន្ទាប់ពីបានទទួលពិធីជ្រមុជទឹក នាងបានប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់នាងដល់ព្រះសហគមន៍ ដើម្បីចែកចាយដល់ជនក្រីក្រ។ នាងបានដោះលែងទាសករ និង ឣ្នកបំរើរបស់នាង ហើយ បន្ទាប់មកបានចូលទៅនៅក្នុងគ្រិស្តសង្ឃស្ថានស្ត្រី។ ដូច្នេះ អ៊ូដូស៊ីយ៉ាបានសម្រេចចិត្តឧទ្ទិសជីវិតរបស់នាងដល់ការរស់នៅជាអ្នកបួសដោយ ការស្តាប់បង្គាប់ សេចក្តីអត់ធ្មត់ ការភ្ញាក់រលឹក ការអធិស្ឋាន និងការតម។ ក្រោយពី១៣ខែ នាងត្រូវបានជ្រើសរើសជាអ្នកគ្រប់គ្រងសង្ឈស្ថានស្ត្រី។ នាងបានរស់នៅក្នុងសង្ឈស្ថាន នេះអស់រយៈពេល៥៦ឆ្នាំ ហើយត្រូវបានព្រះជាម្ចាស់ប្រទានពរឱ្យមានព្រះគុណដ៏អស្ចារ្យ ដែលនាងអាចធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញ។ នៅពេលដែលការបៀតបៀនគ្រីស្ទានបានផ្ទុះឡើងក្រោមការដឹកនាំរបស់ព្រះអង្គ វីនសង់ (Vincent) អ៊ូដូស៊ីយ៉ាត្រូវបានកាត់ក្បាល។ សត្តី អ៊ូដូស៊ីយ៉ាគឺជាឧទាហរណ៍ដ៏រុងរឿងនៃការដែលសំបកដែលមិនស្អាតអាចត្រូវបានសម្អាត បន្សុត និងបំពេញដោយព្រះគុណនៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាក្លិនក្រអូបដ៏មានតម្លៃនៃឋានសួគ៌។
