សត្ត ព័រភីរីយ៉ូស ប៊ីស្សពនៃក្រុងហ្គាហ្សា
SAINT PORPHYRIUS, BISHOP OF GAZA
លោកកើតមកក្នុងគ្រួសារដែលមានឪពុកម្ដាយធូរធារ នៅក្នុងទីក្រុងសាឡូនីក (Thessalonica)។ ពីពេលកុមារភាពរហូតដល់អាយុ ២៥ ឆ្នាំ លោកបានរស់នៅក្នុងទីក្រុងកំណើត។ បន្ទាប់មក លោកបានលាចាកគ្រួសារ និងជីវិតលោកិយ ហើយចូលទៅរស់នៅក្នុងទីវាលរហោឋាននៃប្រទេសអេហ្ស៊ីប។ ក្រោមការណែនាំរបស់ឪពុកខាងវិញ្ញាណដែលមានបទពិសោធន៍មួយរូប លោកបានបំពេញពិធីបំបួសជាសង្ឃ ហើយបានរស់នៅទីនោះអស់រយៈពេល ៥ ឆ្នាំ។ បន្ទាប់មកលោកបានធ្វើដំណើរទៅកាន់ទឹកដីដ៏វិសុទ្ធ (Holy Land) ជាមួយនឹងព្រះសង្ឃ ឈ្មោៈម៉ាក ដែលជាមិត្តដ៏ស្មោះត្រង់របស់លោក។ នៅជិតទីក្រុងយេរូសាឡិម លោកបានរស់នៅជាអ្នកបួសក្នុងគុហាមួយជាបព្វជិត អស់រយៈពេល ៥ ឆ្នាំទៀត។ ប៉ុន្តែបន្ទាប់មក ជើងរបស់លោកបានចុះខ្សោយ ហើយលោកមិនអាចដើរបាន។ ទោះយ៉ាងណា លោកបានព្យាយាមដើរលើជង្គង់ ហើយ


បានចូលរួមក្នុងពិធីថ្វាយបង្គំដ៏ទេវភាពជានិច្ច។ នៅថ្ងៃមួយ ព្រះអម្ចាស់បានប្រាប់លោកតាមរយៈសុបិន្ត ហើយបានព្យាបាលជំងឺនោះ ដោយធ្វើឲ្យជើងរបស់លោកជាសះស្បើយវិញ។ នៅពេលដែលលោកត្រូវបានជ្រើសរើសជាបីស្សពនៃក្រុងហ្គាហ្សា លោកបានទទួលភារៈនេះដោយសោកសៅ។ នៅក្រុងហ្គាហ្សា លោកបានឃើញមានគ្រីស្ទានតែ ២៨០ នាក់ប៉ុណ្ណោះ។ ប្រជាជនដទៃទៀតគឺជាអ្នកកាន់សាសនាបូជារូបព្រះក្លែងក្លាយ។ តែដោយសារជំនឿដ៏ខ្លាំងក្លា និងការអត់ធ្មត់ លោកបានជោគជ័យក្នុងការបំប្លែងណែនាំប្រជាជនក្រុងហ្គាហ្សាឲ្យមកកាន់គ្រីស្ទសាសនា។ លោកបានធ្វើដំណើរទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ល (Constantinople) ដើម្បីជួបព្រះចៅអធិរាជអាកាឌីយ៉ូស (Arcadius) និងសត្ត ចន គ្រីសូស្តូម (John Chrysostom) ដើម្បីសុំការគាំទ្រក្នុងការតស៊ូប្រឆាំងនឹងអ្នកកាន់សាសនាបូជារូបព្រះក្លាយ។ លោកបានទទួលការគាំទ្រដូចបំណង។ ប្រាសាទបូជារូបព្រះក្លែងក្លាយត្រូវបានបិទ ហើយរូបព្រះក្លែងក្លាយត្រូវបានបំផ្លាញ។ បន្ទាប់មក លោកបានសាងព្រះវិហារដ៏ស្អាតមួយ ដោយប្រើសសរពីថ្មដីម៉ាប់ ៣០ ដើម។ អគ្គមហេសី អ៊ូដូស៊ីយ៉ា (Eudocia) បានជួយយ៉ាងខ្លាំងក្នុងការសាងសង់ព្រះវិហារនេះ។ លោកបានរស់នៅ រហូតដល់បានឃើញ ទីក្រុងហ្គាហ្សាទាំងមូលបានកែប្រែមកកាន់ជំនឿ គ្រិស្តសាសនាវិញ ប៉ុន្តែវាបានកើតឡើងបន្ទាប់ពីការតស៊ូ ការលំបាក និងការអធិស្ឋានពេញដោយទឹកភ្នែកជាច្រើនដង ទៅកាន់ព្រះជាម្ចាស់។ លោកបានសម្រាកនៅក្នុងព្រះអម្ចាសយ៉ាងស្ងប់នៅឆ្នាំ ៤២១ គ្រិស្តសករាជ។ លោកបានធ្វើការអស្ចារ្យទាំងពេលនៅរស់ និងក្រោយពេលស្លាប់។ សព្វថ្ងៃនេះ សពរបស់លោកនៅតែស្ថិតនៅក្រុងហ្គាហ្សា។
