មរណសាក្សីដ៏វិសុទ្ធ ទាំងសែសិបពីរនាក់ ពីទីក្រុងអាម៉ូរីអា
THE HOLY FORTY-TWO MARTYRS FROM AMMORIA
ពួកគាត់ទាំងអស់គឺជាមេបញ្ជាការនៃអធិរាជសេឣ៉ូហ្វីឡូស (Theophilus) នៃចក្រភពប៊ីហ្សង់ទីន (Byzantine)។ នៅពេលដែលអធិរាជសេឣូហ្វីឡូស បានចាញ់សមរភូមិប្រឆាំងនឹងពួកសារ៉ាគីន (Saracens) នៅទីក្រុងអាម៉ូរីអា (Ammoria) ពួកសារ៉ាគីនបានកាន់កាប់ទីក្រុងនោះ ហើយបានចាប់គ្រីស្ទានជាច្រើននាក់ធ្វើជាទាសករ។ ក្នុងចំណោមពួកគេមានមេបញ្ជាការទាំងនេះផងដែរ។ គ្រីស្ទានដែលនៅសល់ត្រូវបានសម្លាប់ ឬលក់ជាទាសករ។ មេបញ្ជាការទាំងនោះត្រូវបានគេចាប់ចងដាក់ក្នុងគុក ហើយពួកគាត់បាននៅក្នុងគុកអស់រយៈពេល៧ឆ្នាំ។ ពួកមេដឹកនាំម៉ូស្លីម បានមកជួបពួកគាត់ជាច្រើនដង ដោយផ្តល់ដំបូន្មានឱ្យពួកមេបញ្ជាការទទួលយកសាសនាឥស្លាម ប៉ុន្តែពួកមេបញ្ជាការបានបដិសេធ។ នៅពេលដែលពួកសារ៉ាគីននិយាយទៅកាន់ពួកមេបញ្ជាការថា៖ «មហាម៉ាត់ (Mohammed) គឺជាព្យាការីពិត ហើយមិនមែនព្រះយេស៊ូវទេ» ពួកមេបញ្ជាការបានសួរពួកគេថា៖ «បើសិនជាមានមនុស្សពីរនាក់ជជែកតវ៉ាគ្នា អំពីវាល មួយ ហើយម្នាក់និយាយថា “វាលនេះជារបស់ខ្ញុំ” ហើយម្នាក់ទៀតនិយាយថា “ទេ វាជារបស់ខ្ញុំ” ហើយម្នាក់ក្នុងចំណោមពួកគាត់ពីរនាក់នេះ មានសាក្សីជាច្រើននាក់នៅជិតគាត់ ដែលនិយាយថា វាលនោះជារបស់ គាត់ រីឯម្នាក់ទៀតគ្មានសាក្សី គ្រាន់តែមានគាត់តែម្នាក់ឯង តើអ្នកនឹងនិយាយថាវាលនោះជារបស់អ្នកណា?» ពួកសារ៉ាគីនបានឆ្លើយថា៖ «ពិតជារបស់អ្នកដែលមានសាក្សីច្រើន!» ពួកមេបញ្ជាការបានឆ្លើយថា៖ «អ្នកបានវិនិច្ឆ័យត្រឹមត្រូវហើយ។ នេះគឺជារឿងដូចគ្នាចំពោះព្រះយេស៊ូវ និងមហាម៉ាត់។ ព្រះយេស៊ូវមានសាក្សីជាច្រើន៖ ព្យាការីពីសម័យបុរាណ ចាប់ពីម៉ូសេ (Moses) ដល់យ៉ូហានអ្នកត្រាស់ប្រកាស (John the Forerunner) ដែលអ្នកក៏ស្គាល់ដែរ ហើយពួកគេបានធ្វើសក្ខីកម្មអំពីទ្រង់ (ផ្ដល់អំណះអំណាង ជាសាក្សីអំពីទ្រង់) ចំណែកមហាម៉ាត់គ្មានសាក្សីណាមួយដែលធ្វើសក្ខីកម្មថាគាត់ជាព្យាការីនោះទេ។» ពួកសារ៉ាគីនបានខ្មាស់អៀន ហើយពួកគេបានព្យាយាមការពារសាសនារបស់ពួកគេម្តងទៀតដោយនិយាយថា៖ «សាសនារបស់យើងល្អជាងសាសនាគ្រីស្ទាន ដូចដែលបានបង្ហាញដោយរឿងនេះ៖ ព្រះបានប្រទានជ័យជម្នះដល់យើងលើអ្នក ហើយបានប្រទានដល់យើងនូវដែនដីដ៏ល្អបំផុតនៅលើពិភពលោក និងរាជាណាចក្រដ៏ធំជាងគ្រីស្ទាន។» ចំពោះរឿងនេះ ពួកមេបញ្ជាការបានឆ្លើយថា៖ «បើអញ្ចឹងមែន នោះសាសនាក្លែងក្លាយរបស់អេហ្ស៊ីប (Egyptians) បាប៊ីឡូន (Babylonians) ហេលេន (Hellenes) រ៉ូម (Romans) និងការគោរពភ្លើងរបស់ពួកពែរ្ស (Persians) គួរតែជាសាសនាពិត ព្រោះនៅក្នុងអតីតកាល ពួកគេទាំងនេះបានឈ្នះអ្នកដទៃ ហើយបានគ្រប់គ្រងលើពួកគេ។ វាច្បាស់ណាស់ថា ជ័យជម្នះ អំណាច និងទ្រព្យសម្បត្តិរបស់អ្នកមិនបង្ហាញពីសេចក្តីពិតនៃសាសនារបស់អ្នកនោះទេ។ យើងដឹងថា ព្រះជួនកាលប្រទានជ័យជម្នះដល់គ្រីស្ទាន ហើយជួនកាលអនុញ្ញាតឱ្យមានការទារុណទុក្ខ ដើម្បីកែតម្រូវពួកគេ និងនាំពួកគេឱ្យមានការស្តាយបាប និងសម្អាតអំពើបាបរបស់ពួកគេ។»
៧ឆ្នាំក្រោយ ពួកគាត់ត្រូវបានគេកាត់ក្បាល ក្នុងឆ្នាំ៨៤៥នៃគ.ស។ រាងកាយរបស់ពួកគាត់ត្រូវបានគេចោលទៅក្នុងទន្លេអឺហ្វ្រាត (Euphrates) ប៉ុន្តែពួកគាត់បានអណ្តែតទៅដល់ច្រាំងម្ខាង ដែលពួកគ្រីស្ទានបានប្រមូលហើយបញ្ចុះដោយកិត្តិយស។
