ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃ៩ ខែមិនា


THE HOLY FORTY MARTYRS OF SEBASTE

ពួកគាត់ទាំងអស់គឺជាទាហាននៃកងទ័ពរ៉ូមាំង ហើយមានជំនឿជាប់លាប់លើព្រះអម្ចាស់យេស៊ូវ។ នៅពេលដែលការបៀតបៀនគ្រីស្ទានបានចាប់ផ្តើមក្នុងរាជ្យរបស់អធិរាជលីស៊ីនីអ៊ូស (Licinius) ពួកគាត់ត្រូវបានគេយកមកជំនុំជម្រះនៅ នៅ​ចំពោះ​មុខ​មេ​បញ្ជាការ។ នៅពេលដែលមេបញ្ជាការគំរាមកំហែងថានឹងដកហូតកិត្តិយសរបស់ពួកគាត់ជាទាហាន សត្តកាន់ឌីឌូស (St. Candidus) បានឆ្លើយថា៖

«កុំដកហូតតែកិត្តិយសរបស់យើងជាទាហាននោះឡើយ សូមដកហូតរាងកាយរបស់យើងផង ព្រោះគ្មានអ្វីដែលថ្លៃថ្នូរ ឬជាទីស្រឡាញ់សម្រាប់យើងជាងព្រះគ្រីស្ទ ជាព្រះរបស់យើងទេ។»

បន្ទាប់ពីនោះ មេបញ្ជាការនោះបានបញ្ជាឱ្យអ្នកបម្រើរបស់គេ គប់ថ្មទៅលើសត្តមរណសាក្សី ដ៏វិសុទ្ធទាំងនោះ។ នៅពេលដែលអ្នកបម្រើកំពុង គប់ថ្មទៅលើគ្រីស្ទាន ថ្មទាំងនោះបានបត់ ត្រឡប់ ចេញវិញ ហើយធ្លាក់មកលើអ្នកបម្រើវិញ យ៉ាងខ្លាំង។ ថ្មមួយបានបុកមុខមេបញ្ជាការ ហើយធ្វើឱ្យធ្មេញរបស់គាត់ជ្រុះ។  

ពួកអ្នកធ្វើទារុកណកម្ន ដែលខឹងសម្បារដូចសត្វព្រៃ បានចងសត្តមរណសាក្សីទាំងអស់ ហើយចោលពួកគាត់ទៅក្នុងបឹង។ ពួកគេបានដាក់អ្នកយាមជុំវិញបឹង ដើម្បីកុំឱ្យអ្នកណាម្នាក់រត់គេចផុត។ នៅពេលនោះ មានខ្យល់ត្រជាក់យ៉ាងខ្លាំង ហើយបឹងក៏កកជុំវិញរាងកាយរបស់សត្តមរណសាក្សី។ ដើម្បីបង្កើនការឈឺចាប់ និងទុក្ខលំបាករបស់ពួកគេ ហើយដើម្បីឱ្យមានអ្នកណាម្នាក់បដិសេធព្រះគ្រីស្ទ និងទទួលស្គាល់ព្រះក្លែងក្លាយរបស់រ៉ូមាំង ពួកអ្នកធ្វើទារុកណកម្នបានដុតកំដៅ និងបំភ្លឺអាងទឹកមួយនៅជិតបឹង ដែលអាចមើលឃើញ បានដោយសត្តមរណសាក្សី ដែលកំពុង តែត្រជា់កឡើងកក។ ជាការពិត មានសត្តមរណសាក្សីម្នាក់បានមាចិត្តទន់ខ្សោយ។ គាត់បានចេញពីទឹកបឹងកក ហើយចូលទៅក្នុងអាងទឹកនោះ។ ហើយភ្លាមនោះ អព្ភូតហេតុបានកើតឡើង ពន្លឺអស្ចារ្យមួយ ដែលមកពីស្ថានសួគ៌ បានផ្ដល់កំដៅដល់ទឹកកកក្នុងបឹង និងរាងកាយរបស់ពួកមរណសាក្សី។ ជាមួយនឹងពន្លឺនោះ មកុដ៣៩គ្រឿងបានចុះមកពីស្ថានសួគ៌ ហើយអណ្តែតនៅលើក្បាលរបស់ពួកគេ។ នៅពេលឃើញហេតុការនេះ អ្នកយាមម្នាក់ នៅលើច្រាំង បានដោះសំលៀកបំពាក់របស់គាត់ទាំងអស់ ប្រកាសស្គាល់ព្រះនាមព្រះអម្ចាស់យេស៊ូវ ហើយចូលទៅក្នុងបឹង ដើម្បីឱ្យគាត់អាចបានទទួលមកុដទី៤០ជំនួសអ្នកដែលបានក្បត់។ ជាការពិត មកុដចុងក្រោយបានចុះមកលើគាត់។  

នៅថ្ងៃបន្ទាប់ ប្រជាជនទាំងមូលនៅក្នុងទីក្រុងបានភ្ញាក់ផ្អើលនៅពេលឃើញថា សត្តមរណសាក្សីទាំងនេះនៅតែមានជីវិត។ បន្ទាប់មក ចៅក្រមដ៏ឃោរឃៅបានបញ្ជា ឱ្យបំបាក់ជើង របស់ពួកគេ ហើយចោលរាងកាយរបស់ពួកគេទៅក្នុងទឹក ដើម្បីកុំឱ្យគ្រីស្ទានអាចយករាងកាយរបស់ពួកគេមកបញ្ចុះសពបាន។ នៅថ្ងៃទី៣ ពួកសត្តមរណសាក្សីបានបង្ហាញខ្លួនដល់ប៊ីស្សបពេត្រុស (Bishop Peter) ដែលជាប៊ីស្សបនៃទីក្រុងនោះ ហើយបានហៅឱ្យគាត់ប្រមូលរាងកាយរបស់ពួកគេ និងយកវាចេញពីទឹក។ ប៊ីស្សបពេត្រុស ជាមួយនឹងបុព្វជិតរបស់គាត់បានចេញទៅក្នុងយប់ងងឺត ហើយបានឃើញរាងកាយរបស់សត្តមរណសាក្សីទាំងនោះភ្លឺចែងចាំងនៅក្នុងទឹក។ រាល់ឆ្អឹងដែលបែកពីរាងកាយរបស់ពួកគាត់ បានអណ្តែតឡើងលើ ហើយភ្លឺដូចជាទៀន។ ប៊ីស្សបពេត្រុស បានប្រមូលរាងកាយរបស់ពួកគេ ហើយបញ្ចុះសពដោយកិត្តិយស។