ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃ១០ ខែមិនា


THE HOLY MARTYR CODRATUS OF CORINTH AND OTHERS WITH HIM

ក្នុងអំឡុងពេលនៃការបៀតបៀនលើគ្រីស្ទាន ប្រជាជនជាច្រើនដែលមានជំនឿបានរត់ទៅលាក់ខ្លួន នៅលើភ្នំ និងក្នុងល្អាងភ្នំ។ ម្ដាយរបស់សត្ត កូដ្រាតុស (Codratus) ក៏បានធ្វើដូច្នោះដែរ។ នាងកំពុងមានផ្ទៃពោះនៅពេលនោះ ហើយបានផ្តល់កំណើតឱ្យកូដ្រាតុសនៅក្នុងព្រៃ មិនយូរប៉ុន្មាននាងក៏បានស្លាប់ ។ សត្តកូដ្រាតុសបានធំធាត់ឡើងតែម្នាក់ឯងនៅក្នុងវាលរហោឋាន ត្រូវបានថែរក្សា ចិញ្ចឹម និងដឹកនាំដោយសា ជំនួយពីព្រះឣម្ចាស់ និង ដោយទេវតាអ្នកតាមរក្សា។ ព្រះឣម្ចាស់ ដែលបានប្រទាននំ ម៉ាណា ពីស្ថានសួគ៌ដល់ពួកអ៊ីស្រាអែលនៅក្នុងវាលរហោឋាន បានបង្អុរទឹកសន្សើមផ្អែម ពីពពកមកលើមាត់របស់កុមារកូដ្រាតុស។ នៅពេលដែលគាត់មានអាយុ១២ឆ្នាំ គាត់បានចូលទៅក្នុងទីក្រុង។ នៅទីនោះ មានមនុស្សម្នាក់ដែលមានចិត្តល្អបានស្រឡាញ់គាត់ ហើយបានផ្តល់ការអប់រំឱ្យគាត់។ គាត់បានសិក្សាវិជ្ជាពេទ្យ ហើយបានព្យាបាលអ្នកជំងឺដោយ ប្រើថ្នាំធម្មជាតិ បន្តែញឹកញាប់ជាងនេះទៅទៀតនោៈ គឺ ព្យាបាលដោយ ការអធិស្ឋានពេញដោយអំណាច ខាងវិញ្ញាណ ដែលគាត់មានក្នុងខ្លួនតាំងពីកុមារភាពមក។

នៅពេលដែលការបៀតបៀន ថ្មីមួយបានកើតឡើងក្រោមរាជ្យរបស់អធិរាជ ដេស៊ីអ៊ូស (Decius) សត្ត កូដ្រាតុសត្រូវបានគេយកមកជំនុំជម្រះ ហើយត្រូវបានចាប់ដាក់គុក។ មានសត្តមរណសាក្សី៥នាក់ទៀតបានចូលរួមជាមួយគាត់ ហើយបានប្រកាសទទួលស្គាល់ព្រះនាមព្រះគ្រីស្ទ។ ពួកគេគឺសត្ត ស៊ីព្រីអ៊ែន (Cyprian), សត្ត ឌីយ៉ូនីស៊ីអ៊ូស (Dionysius), សត្ត អាណិកទុស (Anectus), សត្ត ប៉ុល (Paul) និងសត្ត ក្រិសេនស៍ (Crescens)។ ពួកគាត់ទាំងអស់ត្រូវបានអូសតាមដងផ្លូវ ដោយពួកអ្នកគោរព ព្រះក្លែង ក្លាយ ជាពិសេសដោយកូន របស់ពួកគេ។ ពួកគេត្រូវបានគេវាយដំដោយឈើ និងគប់ដោយដុំថ្ម រហូតដល់ពួកគេត្រូវបានអូសទៅដល់ ឆាកកាត់ទោស។ នៅទីនោះ សត្តមរណសាក្សីទាំងនោះបាន អធិស្ឋានទៅព្រះជាម្ចាស់ ហើយត្រូវបានគេកាត់ក្បាល។ បន្ទាប់មក ទឹកជ្រោះមួយបានផុសចេញពីដី នៅចំកន្លែងនោះ ដែលត្រូវបានគេហៅថា «កូដ្រាតុស» រហូតដល់សព្វថ្ងៃ ដែលជាការរំលឹកដល់ការ ស្លាប់ដ៏ក្លាហានរបស់សត្តមរណសាក្សីទាំង៦នាក់ដ៏វិសុទ្ធនេះ។ ពួកគាត់បានរងទុក្ខលំបាក ដោយកិត្តិយសដើម្បីសេចក្តីពិត ក្នុងឆ្នាំ២៥០នៃគ.ស នៅទីក្រុងកូរិនថូស (Corinth) ក្នុងរាជ្យរបស់អធិរាជដេស៊ីអ៊ូស (Decius) និងអធិបតីយ៉ាសុន (Jason)។