សត្ត សូហ្វ្រូនីអូស ប៉ាទ្រីអាក្ខនៃយេរូសាឡឹម
SAINT SOPHRONIUS, PATRIARCH OF JERUSALEM
សត្ត សូហ្វ្រូនីអូស កើតនៅក្នុងទីក្រុងដាម៉ាស្គុស (Damascus) ក្នុងគ្រួសារអ្នកមានទ្រពសម្បត្តិ និងឋានះខ្ពង់ខ្ពស់។ ទោះបីជាគាត់បានទទួលការអប់រំខាងលោកិយក៏ដោយ ក៏គាត់នៅតែមិនអស់ចិត្ត ហើយបានចេញទៅស្វែងរកប្រាជ្ញាខាងវិញ្ញាណ។ នៅក្នុងគ្រិស្តសង្ឃស្ថានរបស់សត្ត ថេអូដូស្យូស (St. Theodosius) គាត់បានជួបនឹងសង្ឃម្នាក់ឈ្មោះ ចន ម៉ូស្កូស (John Moschus) ដែលគាត់បានជ្រើសរើសធ្វើជាគ្រូរបង្រៀនរបស់គាត់។ សត្ត សូហ្វ្រូនីអូស និងចន ម៉ូស្កូស បានធ្វើដំណើរជាមួយគ្នា ទៅកាន់គ្រិស្តសង្ឃស្ថាននាៗ និងជួបជាមួយអ្នកបួស នៅអេហ្ស៊ីប។ ហើយពាក្យប្រដៅណែនាំរបស់គាត់ នោៈគឺ
«រៀនចំណេះដឹងខាងវិញ្ញាណឲ្យបានច្រើន ជារៀងរាល់ថ្ងៃ។»
អ្វីដែលពួកគាត់បានរៀន ពួកគាត់បានសរសេរទុក ហើយក្រោយមកបានបោះពុម្ពជាសៀវភៅពីរក្បាល ដែលមានចំណងជើងថា «ទីវាលវិញ្ញាណ» (The Spiritual Meadow)។ ក្រោយមក ពួកគាត់បានធ្វើ

ដំណើរទៅកាន់ទីក្រុងរ៉ូម (Rome) ដែលចន ម៉ូស្កូស បានទទួលមរណភាព ហើយបានទុកសំបុត្របណ្តាំទៅសត្ត សូហ្វ្រូនីអូស ដើម្បីឲ្យនាំសពរបស់គាត់ទៅកាន់ភ្នំស៊ីណាយ (Sinai) ឬក៏គ្រិស្តសង្ឃស្ថាន របស់សត្ត ថេអូដូស្យូស។ សត្ត សូហ្វ្រូនីអូស បានបំពេញប្រាថ្នារបស់គ្រូរបស់គាត់ ហើយបាននាំសពរបស់គាត់ទៅកាន់គ្រិស្តសង្ឃស្ថាន នៃសត្ត ថេអូដូស្យូស។ បន្ទាប់មក គាត់បាននៅក្នុងទីក្រុងយេរូសាឡឹម ដែលទើបតែបានរំដោះពីពួកពែរ្ស (Persians)។ គាត់បានចូលរួមក្នុងពិធីនាំឈើឆ្កាងដ៏វិសុទ្ធ (Honorable Cross) ពីពែរ្សមកវិញ ដែលអធិរាជហេរ៉ាក្លេអូស (Emperor Heraclius) បានលីនៅលើស្មារបស់គាត់ចូលកាន់ទីក្រុងដ៏វិសុទ្ធ។ ប៉ាទ្រីអាក្ខ ហ្សាការីអាស (Patriarch Zacharias) ដែលមានវ័យចំណាស់ និងបានត្រឡប់មកពីការជាប់ឃុំឃាំង ក៏មិនបានរស់បានយូរប៉ុន្មាន មុនពេលគាត់បានទៅកាន់លោកខាងមុខ។ ប៉ាទ្រីអាក្ខ ហ្សាការីអាស ត្រូវបានជំនួសដោយ ម៉ូដេស្តុស (Modestus) ដែលបានទទួលមរណភាពនៅឆ្នាំ ៦៣៤ គ្រិស្តសករាជ។ ម៉ូដេស្តុស ក៏ត្រូវបានជំនួសដោយ សត្ត សូហ្វ្រូនីអូស ដែលជាអ្នកមានពរជាទីបំផុត។ សត្ត សូហ្វ្រូនីអូស បានគ្រប់គ្រង ព្រះសហគមន៌ របស់គាត់ អស់រយៈពេល ១០ ឆ្នាំ ដោយប្រាជ្ញា និងការខិតខំយ៉ាងក្លាហាន។ គាត់បានក្រោកឡើងការពារជំនឿគ្រិស្តអរតូដុក្ស (Orthodoxy) ប្រឆាំងនឹងការបង្រៀនខុសឆ្គងម៉ូណូថេលេទីស្ម (Monotheletism) ដែលគាត់បានថ្កោលទោសនៅក្នុងក្រុមប្រឹក្សានៅយេរូសាឡឹម មុនពេលវាត្រូវបានថ្កោលទោសនៅក្នុងក្រុមប្រឹក្សាសាកលលើកទី ៦ (Sixth Ecumenical Council) [នៅកុងស្តង់ទីនូបល៍ (Constantinople), ឆ្នាំ ៦៨០-៦៨១ គ្រិស្តសករាជ]។ គាត់បានសរសេរ «ជីវិតសត្តី ម៉ារីនៃអេហ្ស៊ីប (St. Mary of Egypt)» រៀបចំចងក្រងសៀវភៅ «របៀបរាបរយនៃការប្រទានពរដ៏ធំជាងគេនៃទឹក» (The Order of the Greater Blessing of Water) និងបានបញ្ចូលបន្ថែម បទទំនុកតម្កើង និងចំរៀងថ្មីៗជាច្រើន ទៅក្នុងពិធីថ្វាយបង្គំបូជាដ៏វិសុទ្ធផ្សេងៗ។ នៅពេលដែលកាលីហ្វ អូម៉ា (Caliph Omar) របស់អារ៉ាប់បានចូលកាន់កាប់ទីក្រុងយេរូសាឡឹម សត្ត សូហ្វ្រូនីអូស បានសូមអង្វរឲ្យគេមិនសម្លាប់ជីវិតគ្រីស្ទាន ដែលអូម៉ាបានសន្យា តែមិនបានធ្វើដូចការសន្យា។ នៅពេលអូម៉ាបានចាប់ផ្តើមប្លន់ និងធ្វើបាបគ្រីស្ទាននៅយេរូសាឡឹម សត្ត សូហ្វ្រូនីអូស បានយំសោក ហើយបានអធិស្ឋានទៅព្រះជាម្ចាស់ឲ្យយកគាត់ចេញពីលោកនេះ ដើម្បីកុំឲ្យគាត់ឃើញការប្រមាថកន្លែងដ៏វិសុទ្ធ។ ព្រះជាម្ចាស់បានស្តាប់ពាក្យអធិស្ឋានរបស់គាត់ ហើយបានយកសត្ត សូហ្វ្រូនីអូស ទៅកាន់ឋានសួគ៌ ក្នុងឆ្នាំ ៦៤៤ គ្រិស្តសករាជ។
