ទុក្ខសាក្សី លោក ថេអូហ្វានេស ដ៌គួរឣោយគោរព
THE VENERABLE THEOPHANES THE CONFESSOR
សត្ត ថេអូហ្វានេស ត្រូវបានគេហៅថា អ្នកស្រុកស៊ីហ្គ្រីយ៉ាន (Sigrian) ពីព្រោះស៊ីហ្គ្រីយ៉ាន (Sigriane) គឺជាកន្លែងកំណើតរបស់គាត់។ គាត់ជាសាច់ញាតិរបស់អធិរាជលេអូ ជនជាតិអ៊ីសៅរៀន (Emperor Leo the Isaurian) និងកូប្រូនីម៉ូស (Copronymos) ជាបុត្ររបស់ព្រះអង្គ។ គាត់មានទ្រព្យសម្បត្តិច្រើន និងមានភាពរុងរឿង។ ប៉ុន្តែអ្វីៗទាំងអស់នេះបានបាត់បង់តម្លៃសម្រាប់ថេអូហ្វានេស នៅពេលដែលព្រះអម្ចាស់យេស៊ូគ្រិស្តបានចាប់ផ្តើមសោយរាជ្យនៅក្នុងព្រលឹងរបស់គាត់។ គាត់បានព្យាយាមបដិសេធសូមមិន រៀបអាពាហ៍ពិពាហ៍ ហើយនៅពេលដែលគាត់ត្រូវបានបង្ខំឲ្យរៀបការ គាត់បានជោគជ័យក្នុងការណែនាំ ភរិយារបស់គាត់ឲ្យរស់នៅជាមួយគាត់ដោយព្រហ្មចារីភាព ដូចជាបងប្អូនប្រុសស្រី។ នៅពេលដែលឪពុកម្តាយរបស់គាត់បានទទួលមរណភាព ភរិយារបស់គាត់បានចូលសង្ឃស្ថានស្រី ហើយគាត់បានចូលសង្ឃស្ថានបុរស។ សង្ឃស្ថានរបស់គាត់ស្ថិតនៅលើភ្នំស៊ីហ្គ្រីយ៉ាន (Sigrian Mountains) នៅក្នុងខេត្តស៊ីហ្ស៊ីកុស (Cyzicus)។ ថេអូហ្វានេស ដែលធ្លាប់មានភាពរុងរឿង និងមានទ្រព្យសម្បត្តិច្រើន បានរស់នៅក្នុងសង្ឃស្ថាននេះដូចជាអ្នកក្រីក្របំផុត។ អ្នកគ្រប់គ្នាបានភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូររបស់គាត់។ឈ្មោះរបស់គាត់ត្រូវបានគេស្គាល់គ្រប់ទីកន្លែង ដោយសារគាត់មានជំនឿរឹងមាំ ការតម និងប្រាជ្ញា ដូច្នេះគាត់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងក្រុមប្រឹក្សាសាកលលើកទី ៧ (Seventh Ecumenical Council) [ក្រុងនីកេអា (Nicaea), ឆ្នាំ ៧៨៧ គ្រិស្តសករាជ] ជាកន្លែងដែលការគោរពរូបអាយខនដ៏វិសុទ្ធត្រូវបានទទួលស្គាល់។ ដោយសារភាពបរិសុទ្ធ និងព្រហ្មចារីភាព របស់គាត់ ព្រះជាម្ចាស់បានប្រទានអំណោយឲ្យគាត់ មានសមត្ថភាពធ្វើការអស្ចារ្យ ដោយអាចព្យាបាលជំងឺទាំងអស់ ជាពិសេសជំងឺឆ្កួត។ គាត់បានអធិស្ឋានសម្រាប់អ្នកជំងឺ និងអ្នកដែលអភ័ព ហើយតាមរយៈការអធិស្ឋានរបស់គាត់ គាត់បានជួយពួកគេ។ គាត់បានបដិសេធក្នុងការអធិស្ឋានដើម្បីសុខភាពរបស់គាត់នៅពេលដែលគាត់ផ្ទាល់កើតជំងឺ ហើយជំងឺរបស់គាត់បាននៅជាមួយគាត់យូរអង្វែង ប៉ុន្តែគាត់បានអត់ធ្មត់នឹងជំងឺរបស់គាត់ដោយពេញនឹងឣំណរគុណ។ នៅពេលដែលការបៀតបៀនពីពួកបំផ្លាញរូបអាយខន (iconoclasts) បានចាប់ផ្តើមម្តងទៀតនៅក្រោមការគ្រប់គ្រងរបស់ស្តេចលេអូ ជនជាតិអាមេនី (Leo the Armenian) ដ៌អាក្រក់ ថេអូហ្វានេសត្រូវបាននាំយកទៅកាន់ទីក្រុងកុងស្តង់ទីនូបល៍ (Constantinople) ហើយត្រូវបានគេដាក់គុក ដែលគាត់បានរស់នៅក្នុងការលំបាក ការឈឺចាប់ និងការអាម៉ាស់អស់រយៈពេលពីរឆ្នាំ។ បន្ទាប់មក ចៅអធិរាជបាននិរទេសគាត់ទៅកាន់កោះសាម៉ូថ្រាស (Samothrace)។ ការនិរទេសនេះ គាត់បានមើលឃើញមុននៅក្នុងព្រលឹងរបស់គាត់ ហើយបានប្រាប់ដល់អ្នកយាមគុករបស់គាត់។ ក្រោយពេលដែលគាត់មកដល់កោះសាម៉ូថ្រាស គាត់បានរស់នៅអស់រយៈពេល ២៣ ថ្ងៃ ហើយបានចាកចេញទៅកាន់ព្រះអម្ចាស់ អ្នកបង្កើតរបស់គាត់ ដើម្បីទទួលយកមកុដកិត្តិយសដែលគាត់សាកសមទទួលបាន។
