ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃទី១៤ ខែមិនា

សត្ត​ បេនេឌិក្ត ដ៏គួរអោយគោរព

THE VENERABLE BENEDICT


សត្ត បេនេឌិក្ត បានកើតនៅក្នុងខេត្តនួរស៊ីយ៉ា (Nursia) ប្រទេសអ៊ីតាលី ក្នុងឆ្នាំ ៤៨០នៃគ្រិស្តសករាជ។ គាត់កើតមកក្នុងគ្រួសារមានឋានៈខ្ពស់ និងមានទ្រព្យសម្បត្តិច្រើន។គាត់មិនបានរៀនសូត្រនៅសាលាបានយូរប៉ុន្មានទេ ព្រោះគាត់ដឹងខ្លួនឯងថាការរៀនសូត្រតាមសៀវភៅអាចធ្វើឱ្យគាត់បាត់បង់ “ការយល់ដឹងដ៏អស្ចារ្យនៃព្រលឹងរបស់គាត់”។ គាត់បានចាកចេញពីសាលារៀន ដើម្បីក្លាយជា “បណ្ឌិតដែលមិនបានរៀនសូត្រនិងជាមនុស្សល្ងង់​ ដែលមានការយល់ដឹង”។ គាត់បានចូលទៅកាន់សង្ឃស្ថាន (Monastery) មួយ​ ហើយត្រូវបានបំបួសដោយសង្ឃម្នាក់ឈ្មោះ​ រ៉ូម៉ានុស (Romanus)។ បន្ទាប់មក គាត់បានដកខ្លួនទៅភ្នំខ្ពស់មួយ ហើយរស់នៅក្នុង រូងភ្នំ​ អស់ រយៈ ពេលជាងបីឆ្នាំ ដើម្បីប្រឈមមុខ​ តស៊ូ ជាមួយព្រលឹងរបស់គាត់។ សង្ឃរ៉ូម៉ានុសបាននាំនំប៉័ងមកឱ្យគាត់​ ហើយទំលាក់វាចុះតាមខ្សែពីលើភ្នំដល់ច្រករូងភ្នំ។ នៅពេលដែលសត្ត បេនេឌិក្ត បានក្លាយជាអ្នកល្បីល្បាញក្នុងតំបន់ គាត់បានចាកចេញពីរូងភ្នំនេះ ដើម្បីគេចពីកិត្តិនាមរបស់មនុស្ស។ គាត់មិនមានសេចក្តីមេត្តា ចំពោះ​ខ្លួនឯងទេ។ នៅពេលមួយ​ ដែលគាត់ជួបនឹង

អារម្មណ៍កាមដ៏ខ្លាំង គាត់បានដកសំលៀកបំពាក់ចេញ ហើយរមៀលខ្លួននៅលើបន្លារហូតដល់គាត់បានបណ្ដេញគំនិតអំពីមនុស្សស្រី ចេញពីខ្លួន។ព្រះជាម្ចាស់បានប្រទានអំណោយទានដ៏វិសុទ្ធជាច្រើនដល់គាត់ ដូចជា ការមើលឃើញ​រឿងអនាគត (clairvoyance), ការព្យាបាលជំងឺ, ការបណ្ដេញអារក្ស, ការធ្វើអោយអ្នកស្លាប់រស់ឡើងវិញ,​ និងការលេចមកជួបអ្នកដទៃពីចម្ងាយតាមរយៈនិមិត្តនិងសុបិន។ នៅពេលមួយ សត្តបេនេឌិក្តបានដឹងថា កែវស្រាដែលគេយកមកជូនគាត់មានថ្នាំពុល។នៅពេលគាត់ធ្វើសញ្ញាឈើឆ្កាងលើកែវនោះ វាបានបែកជាបំណែក។ នៅដើមឡើយគាត់បានបង្កើតសង្ឃស្ថានចំនួន ១២ កន្លែង ហើយនៅក្នុងគ្រប់សង្ឃស្ថាន គាត់បានដាក់សង្ឃចំនួន​ ១២ អង្គ។ ក្រោយមក គាត់បានចងក្រងច្បាប់ “បេណេឌិកទីន” (Benedictine) ពិសេស ដែលត្រូវបានអនុវត្តរហូតមកដល់សព្វថ្ងៃនៅក្នុងព្រះសហគមន៍រ៉ូម៉ាំង។


នៅ៦ថ្ងៃមុនពេលគាត់ទទួលមរណភាព គាត់បានបង្គាប់ឱ្យគេបើកផ្នូរ របស់គាត់ដែលត្រូវបានរៀបចំជាមុន ព្រោះសត្តបេនេឌិក្តបានដឹងថា ពេលវេលារបស់គាត់បានខិតជិតដល់ហើយ។គាត់បានប្រមូលសង្ឃទាំងអស់មក ផ្ដល់ដំបូន្មានឱ្យពួកគេ ហើយបន្ទាប់មកបានប្រគល់ព្រលឹងរបស់គាត់ទៅព្រះអម្ចាស់​ ដែលគាត់បានបំរើដោយស្មោះត្រង់ក្នុងភាពក្រីក្រ និងសុចរិត។ បងប្អូនស្រីរបស់គាត់ឈ្មោះស្កូឡាស្ទីកា (Scholastica) ដែលរស់នៅក្នុងសង្ឃស្ថានស្ត្រី បានធ្វើតាមគំរូរបស់ប្អូនប្រុសរបស់នាង ដោយបានបង្ក្រាបគ្រង់ចំណង់របស់ខ្លួនឯង និងបានឈានដល់ភាពល្អឥតខ្ចោះខាងវិញ្ញាណ។


នៅពេលដែលសត្តបេនេឌិក្តបានប្រគល់ព្រលឹងរបស់គាត់ហើយ សង្ឃពីរអង្គ​ ដែលម្នាក់កំពុងធ្វើដំណើរនៅលើផ្លូវ និងម្នាក់ទៀតកំពុងអធិស្ឋាននៅក្នុងបន្ទប់ដែលឆ្ងាយពីនោះបានឃើញនិមិត្តដូចគ្នាក្នុងពេលតែមួយ។ពួកគេបានឃើញផ្លូវមួយដែលលាតសន្ធឹងពីផែនដីទៅឋានសួគ៌ ដែលគ្របដោយសរសៃដ៏មានតម្លៃ និងភ្លឺរុងរឿងដោយជួរមនុស្សនៅជាយខាង។ នៅខាងមុខផ្លូវនោះ​មានបុរសម្នាក់ដែលមានរូបរាងដ៏ស្រស់ស្អាត និងភ្លឺថ្លាដែលមិនអាចពណ៌នាបាន​ហើយគាត់បានមានប្រសាសន៍ទៅកាន់ពួកគេថា ផ្លូវនេះត្រូវបានរៀបចំសម្រាប់សត្តបេនេឌិក្ត ដែលជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់។ ជាលទ្ធផលនៃនិមិត្តនេះ សង្ឃទាំងពីរបានដឹងថា គ្រូដ៏ល្អរបស់ពួកគេបានចាកចេញពីពិភពលោកនេះហើយ។
គាត់បានទទួលមរណភាទដោយសន្តិភាពក្នុងឆ្នាំ ៥៤៣ នៃគ្រិស្តសករាជ​ហើយបានចូលទៅកាន់ព្រះរាជ្យដ៏អស់កល្បរបស់ព្រះគ្រិស្ត។ ដោយសារ​​​​​​​​​​​អធិរាជ មីខាអែល (Michael) និង មាតារបស់លោក។