ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃទី១៧ ខែមិនា

សត្ត អាឡិចសុី​ ហៅថា មនុស្ស​ ដែលដើរតាមព្រះហរទ័យរបស់ព្រះអម្ចាស់

St. Alexis – Man of God


ផ្លូវដែលព្រះជាម្ចាស់នាំមនុស្ស ដែលមានប្រាថ្នាចង់ធ្វើឲ្យព្រះអម្ចាស់ពេញព្រះហរទ័យ និងបំពេញតាមច្បាប់របស់ព្រះអង្គ គឺមានច្រើនបែបច្រើនយ៉ាង។


ក្នុងសម័យរបស់ព្រះចៅអធិរាជអុណូរីអូស (Honorius) នៅក្រុងរ៉ូម (Rome)​ មានមន្ត្រី​ ជាន់ខ្ពស់ម្នាក់ ឈ្មោះ អ៊ូហ្វេមីអានុស (Euphemianus) ដែលមានកិត្តិយសខ្ពង់ខ្ពស់​ និងមាន ទ្រព្យសម្បត្តិច្រើនឥតគណនា។ លោកនិង ភរិយារបស់លោកឈ្មោះណអាហ្គ្លេដា (Aglaida) បានរស់នៅប្រកបនូវអ្វីៗ​ដែល ធ្វើឲ្យសព្វព្រះហទ័យព្រះជាម្ចាស់។ ទោះបីជាលោក មានទ្រព្យសម្បត្តិច្រើនក៏ដោយ លោកអ៊ូហ្វេមីអានុស បានអង្គុយញ៉ាំម្ហូបតែម្តងក្នុងមួយថ្ងៃ បន្ទាប់ពីព្រះអាទិត្យ លិច។


លោកមានកូនប្រុសតែមួយគត់ឈ្មោះអាឡិចស៊ី (Alexis) ដែលត្រូវបានរៀបចំឲ្យរៀបការនៅពេលដែលគាត់ពេញវ័យ។ ប៉ុន្តែនៅយប់រៀបការ អាឡិចស៊ីបានចាកចេញមិនត្រឹមតែពីភរិយារបស់លោកប៉ុណ្ណោះទេ ថែមទាំងចាកចេញពីផ្ទះឪពុកម្តាយរបស់

លោកផងដែរ។ លោកបានឡើងទៅលើនាវា ហើយទៅដល់ក្រុងអេដេសា (Edessa) នៅតំបន់ មេសូប៉ូតាមី (Mesopotamia)​ ដែលមានរូប អាយខន អស្ចារ្យរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលត្រូវបានប្រទានមកពីព្រះអង្គម្ចាស់ផ្ទាល់ទៅមហាក្សត្រ អាប់ហ្គារ (Abgar)។​


ក្រោយពីបានក្រាបគោរពរូបអាយខននេះហើយ អាឡិចស៊ីបានស្លៀកពាក់ជាអ្នកសុំទាន។ លោកបានរស់នៅក្នុងក្រុងនេះអស់ រយៈពេល ១៧ ឆ្នាំ ហើយអធិស្ឋានដោយមិនដែលឈប់ ទៅព្រះជាម្ចាស់នៅក្នុងរោងខាងមុខព្រះវិហារ ទេអូតូកូស (Theotokos)។​ នៅពេលដែលគេដឹងថាលោកជាមនុស្សដ៏វិសុទ្ធ លោកបានភ័យខ្លាចការសរសើរពីមនុស្ស ហើយបាន ចាកចេញ ពីក្រុងអេដេសា ឡើងទៅលើនាវា ហើយធ្វើដំណើរទៅក្រុងឡាអូឌីសេ (Laodicea)។ ដោយតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ កប៉ាល់នោះត្រូវបានខ្យល់បក់បោកឲ្យវិលត្រឡប់មកក្រុងរ៉ូមវិញ។ លោកអាឡិចស៊ី បានគិតថានេះជាព្រះហឫទ័យរបស់ព្រះ ហើយបានសម្រេចចិត្តទៅរស់នៅក្នុងផ្ទះឪពុកម្តាយរបស់លោកដែលគ្មានគេស្គាល់ ដើម្បីបន្តជីវិត នៃការបដិសេធខ្លួនឯង។ ឪពុករបស់លោកមើលមិនស្គាល់ថា លោកជាកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួននោះទេ ប៉ុន្តែដោយសារសេចក្តីមេត្តា គាត់បានអនុញ្ញាតឲ្យលោករស់នៅក្នុងរោងតូចមួយនៅក្នុងផ្ទះ។ អាឡិចស៊ីបានរស់នៅទីនោះអស់រយៈពេល ១៧ ឆ្នាំទៀត ដោយរស់នៅដោយទទួលទានតែនំប៉័ង និងទឹកប៉ុណ្ណោះ។ លោកត្រូវបានអ្នកបំរើធ្វើបាបជាច្រើនយ៉ាង ប៉ុន្តែលោកបានអត់ធ្មត់រហូតដល់ចុងបញ្ចប់។ នៅពេលដែលពេលវេលារបស់លោកជិតមកដល់ លោកបានសរសេរសំបុត្រមួយ កាន់វាជាប់នឹងដៃ ហើយស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ រហូតដល់ទទួលមរណភាពនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ៤១១ គ.ស.។ នៅពេលជាមួយគ្នានោះ មានការបង្ហាញវិវរណនៅក្នុងព្រះវិហាររបស់សាវ័កទាំង ១២ រូប។ នៅចំពោះព្រះភ័ក្ត្រព្រះចៅអធិរាជ និងសម្ដេចប៉ាទ្រីអាក្ខ មានសំឡេងមួយបានលាន់ឡើងថា៖

«សូមរកមនុស្សដែលដើរតាមព្រះហរទ័យរបស់ព្រះអម្ចាស់»។

ក្រោយមក គេបានដឹងថា «មនុស្សដែលដើរតាមព្រះហរទ័យរបស់ព្រះអម្ចាស់» នោះគឺស្ថិតនៅក្នុងផ្ទះរបស់អ៊ូហ្វេមីអានុស។ ព្រះចៅអធិរាជ ព្រមទាំងសម្ដេច ប៉ាទ្រីអាក្ខ និងអ្នកផ្សេងនៅជាមួយគ្នានោះបានមកដល់ផ្ទះរបស់អ៊ូហ្វេមីអានុស ហើយបន្ទាប់ពីការពិភាក្សាយូរអង្វែង ពួកគេបានដឹងថាអ្នកសុំទាននោះគឺជា «មនុស្សរបស់ព្រះអម្ចាស់»។ នៅពេលពួកគេចូលទៅក្នុងរោងតូចនោះ ពួកគេបានឃើញអាឡិចស៊ីស្លាប់ហើយ ប៉ុន្តែមុខរបស់លោកភ្លឺដូចព្រះអាទិត្យ។ ពីសំបុត្រនោះ ឪពុកម្តាយរបស់លោកបានដឹងថានេះគឺជាកូនរបស់ពួកគេ ឈ្មោះអាឡិចស៊ី។ ហើយភរិយារបស់លោកអាឡិចស៊ី ដែលបានរស់នៅដាច់ពីលោកអស់រយៈពេល ៣៤ ឆ្នាំ ក៏បានដឹងថានេះគឺជាប្តីរបស់នាង។ ពួកគេទាំងអស់គ្នាបានពិបាកចិត្ត និងឈឺចាប់យ៉ាងខ្លាំង។ ក្រោយមក ពួកគេមានចិត្តធូរស្រាល នៅ ពេលឃើញព្រះអង្គបានប្រទានកិត្តិយសដល់បុរសដែលព្រះអង្គបានជ្រើសរើស។ មនុស្សជាច្រើនដែលមានជំងឺបានជាសះស្បើយ​ នៅពេលដែលពួកគេបានកាន់ប៉ះ សពរបស់លោក។ ហើយ សពរបស់លោកបានហូរចេញជាប្រេងក្រអូបឈ្ងុយ។ សពរបស់លោកត្រូវបានដាក់ក្នុងម្ឈូសធ្វើពីថ្មរ៉ូសា (marble) និងថ្មយ៉ាស់ពឺ (jasper)។ ក្បាលរបស់លោកត្រូវបានរក្សាទុកនៅក្នុងព្រះវិហារសត្តឡូរិស (St. Laurus) នៅភូមិភាគ ភេឡូពូនីស (Peloponnese)។