ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃទី១៨ ខែមិនា

សត្ត​ ស៊ីរីល ប៊ីស្សពថ្នាក់ខ្ពស់នៃក្រុងយេរូសាឡិម

St. Cyril Archbishop of Jerusalem


សត្ត ស៊ីរីល (Cyril) កើតនៅក្រុងយេរូសាឡិម (Jerusalem) ក្នុងរាជ្យរបស់ព្រះចៅអធិរាជកុងស្តង់ទីន ដ៏អស្ចារ្យ (Constantine the Great) និងបានទទួលមរណភាពក្នុងរាជ្យរបស់ព្រះចៅអធិរាជ ថេអូដូស៊ី ដ៏អស្ចារ្យ (Theodosius the​ Great) (គ.ស. ៣១៥-៣៨៦)។ លោកត្រូវបានតែងតាំងជាបូជាចារ្យនៅឆ្នាំ ៣៤៦ គ.ស. ហើយបានឡើងសោយរាជ្យបន្តពីសម្ដេចប៉ាទ្រីអាក្ខ ម៉ាក់ស៊ីមុស (Maximus)​ដ៏មានពរ នៃក្រុងយេរូសាឡិម នៅឆ្នាំ ៣៥០ គ.ស.។ លោកត្រូវបានដកចេញពីតំណែងចំនួនបីដង ហើយត្រូវបាន និរទេសចេញពីក្រុង។ ទីបំផុត ក្នុងរាជ្យរបស់ព្រះចៅអធិរាជ ថេអូដូស៊ី លោកបានត្រឡប់មកវិញ ប៉ុន្តែមិនត្រូវបានតែងតាំងឡើងវិញទេ។ លោកបានរស់នៅដោយសន្តិភាពអស់រយៈពេល ៨ ឆ្នាំ ហើយបានប្រគល់ព្រលឹងរបស់លោកទៅព្រះអម្ចាស់។ លោកបានឆ្លងកាត់ការតស៊ូ ពីរយ៉ាងដ៏ធ្ងន់ធ្ងរ៖

មួយគឺការតស៊ូប្រឆាំងនឹងពួកបង្រៀនខុសឆ្គង អារីអាន (Arians) ដែលបានមានអំណាចក្រោមរាជ្យរបស់អធិរាជកុងស្តង់ទីអ៊ូស (Constantius) កូនរបស់ព្រះចៅអធិរាជកុងស្តង់ទីន និងមួយទៀតគឺក្នុងរាជ្យរបស់អធិរាជជូលីអាន អ្នកក្បត់ជំនឿ (Julian the Apostate) ដែលគាត់បានតស៊ូប្រឆាំងនឹងពួកខុសឆ្គងនេះ និងពួកជ្វីហ្វ។


ក្នុងអំឡុងពេលដែល ពួកអារីអាន កំពុងគ្រប់គ្រង នៅថ្ងៃបុណ្យ ប៉េនតេកូស (Pentecost) សញ្ញានៃឈើឆ្កាង ដែលភ្លឺជាងព្រះអាទិត្យ បានលាតសន្ធឹងលើក្រុងយេរូសាឡិម និងភ្នំអូលីវ (Mount of Olives) អស់រយៈពេលច្រើនម៉ោង ចាប់ពីម៉ោង ៩ ព្រឹក។ បាតុហេតុ នេះត្រូវបានឃើញដោយប្រជាជនទាំងអស់នៃក្រុងយេរូសាឡិម ហើយត្រូវបានរាយការណ៍ជា លាយលក្ខណ៍ អក្សរទៅព្រះចៅអធិរាជកុងស្តង់ទីអ៊ូស ហេតុ​​ការណ៍នេះ បានជួយយ៉ាងខ្លាំងក្នុងការ រក្សាត្រឹមត្រូវនៃសាសនាអរតូដុក្ស (Orthodoxy) លើពួកបង្រៀនខុសឆ្គង។


ក្នុងអំឡុងរាជកាលរបស់អធិរាជ ជូលីអាន មានអភូត្តហេតុមួយទៀតបានកើតឡើង។​ ដើម្បីធ្វើឲ្យពួកគ្រីស្ទានអាប់ឱនកិត្តិយស ជូលីអានបានជំរុញពួកជ្វីហ្វឲ្យសាងសង់ ប្រាសាទសូឡូម៉ុន (Temple of Solomon)​ឡើងវិញ។ សត្តស៊ីរីល បានអធិស្ឋានទៅព្រះអម្ចាស់ដើម្បីកុំឲ្យការនេះកើតឡើង។ មានការរញ្ជួយដីយ៉ាងខ្លាំង ដែលបានកម្ទេចអ្វីៗទាំងអស់ដែលទើបតែស្ថាបនាឡើង។ បន្ទាប់មក ពួកជ្វីហ្វបានចាប់ផ្ដើមស្ដារឡើងវិញ។ ម្តងទៀត ការរញ្ជួយដីបានកើតឡើង ដែលមិនត្រឹមតែកម្ទេចផ្នែកថ្មីប៉ុណ្ណោះទេ ថែមទាំងបានធ្វើឲ្យថ្មចាស់ៗដែលជាគ្រឹះនៃប្រាសាទបានរលំរាយ និងបែកចេញជាបំណែកៗ។ ហើយដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានក្លាយជាការពិត៖


«នឹងមិនមានថ្មណាមួយនៅលើថ្មណាមួយទេ ដែលមិនត្រូវបានផ្ដួលចោល» (ម៉ាកុស ១៣:២; លូកា
២១:៦)។


ក្នុងចំណោមស្នាដៃជាច្រើនរបស់សត្តដ៏វិសុទ្ធនេះ គឺសៀវភៅ “ការបង្រៀនសាសនា”​ (Catechetical Discourses) ដែលជាស្នាដៃថ្នាក់ខ្ពស់ ដែលនៅតែរក្សាទុករហូតមកដល់សព្វថ្ងៃ ដែលបញ្ជាក់ពីសេចក្តីជំនឿ និងការប្រតិបត្តិរបស់គ្រិស្តសាសនាអរតូដុក្ស។ សត្តនេះគឺជាគ្រូគង្វាលជាន់ខ្ពស់ដ៏ពិសេសនិងជាអ្នក បដិបត្តិដ៏អស្ចារ្យម្នាក់។ លោកគឺជាមនុស្សស្លូតបូត មានការដាក់ខ្លួន ហើយមានរាងស្គម ដោយសារការតម។ លោកមានស្បែកស្វិត និងស្រពាប់។ ក្រោយពីជីវិតដ៏ពិបាកនិងការតស៊ូដ៏ថ្លៃថ្នូរសម្រាប់សេចក្តីជំនឿអរតូដុក្ស សត្តស៊ីរីលបានទទួលមរណភាព ដោយសន្តិភាព ហើយបានចូលទៅកាន់ព្រះរាជ្យដ៏អស់កល្បរបស់ព្រះអម្ចាស់។