មរណសាក្សីដ៏វិសុទ្ធ លោក គ្រីសាន់ធុស នាងដារីយ៉ា (Daria) ព្រមទាំងអ្នកដទៃទៀតជាមួយពួកគាត់
THE HOLY MARTYRS CHRYSANTHUS AND DARIA, AND OTHERS WITH THEM
លោក គ្រីសាន់ធុស (Chrysanthus) គឺជាកូនប្រុសតែមួយគត់របស់ លោកប៉ូលេមីអូស (Polemius) ដែលជាអភិជនដ៏ឆ្នើមម្នាក់ ដែលបានផ្លាស់លំនៅ ពីទីក្រុងអាឡិចសង់ឌ្រីយ៉ា (Alexandria) ទៅទីក្រុងរ៉ូម (Rome)។ ជាកូនរបស់ឪពុកម្តាយមានទ្រព្យសម្បត្តិលោក គ្រីសាន់ធុស បានសិក្សាច្រើនផ្នែកនៃចំណេះដឹងលោកីយ៍ ដោយមានអ្នកប្រាជ្ញជាច្រើនជាគ្រូបង្រៀន។ ប៉ុន្តែចំណេះដឹងលោកីយ៍បានធ្វើឲ្យលោកច្របូកច្របល់ ហើយធ្វើឲ្យលោកមិនច្បាស់ក្នុងចិត្ត ថាតើអ្វីជាការពិត។ ហេតុដូច្នេះ លោកក៏បានព្រួយបារម្ភ។ ប៉ុន្តែព្រះអម្ចាស់ ដែលជាអ្នករៀបចំគ្រប់យ៉ាង បានជួយលោកឲ្យរួចពីការព្រួយបារម្ភនេះ ដោយប្រទាន កូនសៀវភៅដែលមានព្រះគម្ពីរសញ្ញាថ្មី (Gospels) និងសៀវភៅកិច្ចការរបស់សាវ័ក (Acts of the Apostles) ឲ្យបានមកដល់ដៃរបស់ លោកគ្រីសាន់ធុស។ ក្រោយពីបានអានសៀវភៅនេះ ចិត្តគំនិតរបស់ គ្រីសាន់ធុសបានបំភ្លឺច្បាស់ ឲ្យដឹងពីការពិត។ លោកចង់មានគ្រូបង្រៀនម្នាក់ ហើយក៏បានរកឃើញគ្រូម្នាក់ឈ្មោះការពូហ្វូរុស (Carpophorus) ដែលជាបូជាចារ្យ ហើយក្រោយមក បានបង្រៀន និងធ្វើពិធីជ្រមុជទឹកឲ្យលោក។
ការនេះមិនធ្វើឲ្យឪពុករបស់លោកពេញចិត្តទេ ដូច្នេះគាត់បានព្យាយាមគ្រប់វិធីសាស្រ្តដើម្បីឲ្យលោកលះបង់ជំនឿលើព្រះគ្រីស្ត។ ដោយមិនបានសម្រេច ឪពុកដ៏អាក្រក់នេះ បានព្យាយាមធ្វើឲ្យលោកវិនាស ដោយដាក់លោកឲ្យនៅតែម្នាក់ឯងជាមួយ ស្ត្រីម្នាក់ដែលគ្មានសិលធមន៍។ ប៉ុន្តែគ្រីសាន់ធុសបានមានជ័យជំនះ ហើយបានរក្សាភាពបរិសុទ្ធរបស់លោក។
ឪពុករបស់លោកបានបង្ខំឲ្យលោករៀបការជាមួយ នាងដារីយ៉ា (Daria) ដែលជាក្មេងស្រីដែលកាន់សាសនាព្រះក្លែងក្លាយ។ គ្រីសាន់ធុសបានណែនាំដារីយ៉ាឲ្យទទួលជំនឿលើព្រះគ្រីស្ត ហើយរស់នៅជាមួយគ្នាដូចជាបងប្អូន ទោះបីជាពួកគេប្រាប់ថាពួកគេរៀបការក៏ដោយ។ នៅពេលឪពុករបស់លោកស្លាប់ គ្រីសាន់ធុស បានចាប់ផ្ដើមប្រកាសជំនឿព្រះគ្រីស្តយ៉ាងច្បាស់ ហើយរស់នៅជាគ្រិស្តសានិក ទាំងលោក និងគ្រួសារទាំងមូលរបស់លោក។ ក្នុងរាជ្យរបស់ព្រះចៅអធិរាជ នូមេរីអាន (Numerian) លោកនិងដារីយ៉ាត្រូវបានធ្វើទារុណកម្មយ៉ាងឃោរឃៅដោយសារជំនឿរបស់ពួកគេ។ សូម្បីតែអ្នកធ្វើទារុណកម្មឈ្មោះក្លូឌីអូស (Claudius) ក៏បានឃើញការអត់ធ្មត់របស់មរណសាក្សីដ៏ថ្លៃថ្នូរទាំងនេះ និងបាតុភូតអស្ចារ្យដែលបានកើតឡើងក្នុងអំឡុងពេលដែលពួកគាត់កំពុងទទួលទារុណកម្ម ដូច្នេះ ក្លូឌីអូស និងគ្រួសារទាំងមូលរបស់លោក ក៏បានទទួលជំនឿព្រះគ្រីស្ត។ ដោយសារជំនឿថ្មីនេះ ក្លូឌីអូសត្រូវគេសម្លាប់ដោយចាប់ច្រមុជក្នុងទឹក ដើម្បីអោយលង់ទឹក។ ឯកូនប្រុសទាំងពីររបស់លោកត្រូវបានគេកាត់ក ហើយភរិយារបស់លោក បន្ទាប់ពីបានអធិស្ឋានហើយ នាងក៏បានស្លាប់នៅលើ ឈើឆ្កាង។
ដារីយ៉ាបានអត់ធ្មត់យ៉ាងខ្លាំងក្លាក្នុងការទទួលទារុណកម្ម ដែលធ្វើឲ្យពួកដែលកាន់សាសនាព្រះក្លែងក្លាយស្រែកថា៖ «ដារីយ៉ាគឺជាព្រះធីតា!»។ ទីបំផុត គេបានបញ្ជាឲ្យយកគ្រីសាន់ធុស និងដារីយ៉ា ទៅដាក់ក្នុងរណ្តៅជ្រៅ ហើយគ្របដុំថ្មពីលើ។ ក្រោយមក ព្រះវិហារមួយត្រូវបានសង់នៅលើទីតាំងនេះ។ នៅជិតរណ្តៅននេះមានរូងថ្មមួយ ដែលជាកន្លែងដែលពួកគ្រីស្ទាន មួយចំនួនបានជួបជុំគ្នាដើម្បីអធិស្ឋាន និងធ្វើពិធីសម្ពន្ឋភាពដ៏វិសុទ្ធ ដើម្បីរំលឹកដល់មរណសាក្សីគ្រីសាន់ធុស និងដារីយ៉ា។
ក្រោយពីដឹងអំពីការនេះ ពួកដែលកាន់សាសនាព្រះក្លែងក្លាយបានវាយប្រហារនិងបិទរូងនោះ ហេតុនេះធ្វើឲ្យពួកគ្រីស្ទានទាំងនេះចូលទៅកាន់ពិភពលោកដ៏ប្រសើរជាងនេះ ដែលព្រះគ្រីស្តគ្រប់គ្រងជារៀងរហូត។ មរណសាក្សីដ៏ថ្លៃថ្នូរទាំងនេះ គឺគ្រីសាន់ធុស ដារីយ៉ា និងអ្នកដទៃទៀតជាមួយពួកគាត់ ដែលក្នុងនោះមាន បូជាចារ្យ ឌីអូដូរុស (Diodorus) និងឌីអាកូន ឈ្មោះ ម៉ារីអានុស (Marianus)។ ពួកគាត់បានទទួលទារុណកម្មដើម្បីព្រះគ្រីស្តនៅក្រុងរ៉ូម ក្នុងឆ្នាំ ២៨៣ ឬ ២៨៤ គ.ស.។
