សត្តបុគ្គលនៃ ថ្ងៃទី​ ២០ ខែមិនា


THE VENERABLE MARTYR JOHN AND THOSE WITH HIM FROM THE MONASTERY OF SAINT SAVA THE SANCTIFIED NEAR JERUSALEM

គ្រីស្តសង្ឃស្ថានដ៏រុងរឿងនេះ នៅតែមានរហូតដល់សព្វថ្ងៃនេះ ហើយត្រូវបានសត្តសាវ៉ា (Sava) នៃប្រទេសស៊ែប៊ី មកទស្សនា និងបានទទួលការឧបត្ថម្ភពី មេដឹកនាំ​ ប្រទេស​ ស៊ែប៊ី ពីរ​ បីនាក់ដែរ។ គ្រីស្តសង្ឃស្ថាននេះ ត្រូវបានវាយប្រហារ លុកលុយ និងបំផ្លិចបំផ្លាញដោយពួកអារ៉ាប់ដ៏ឃោរឃៅជាច្រើនដង។ ប៉ុន្តែ ដោយសារជំនួយផ្គត់ផ្គង់ពីព្រះជាម្ចាស់ វាត្រូវបានស្ដារឡើងវិញ និងថែរក្សារហូតមកដល់សព្វថ្ងៃនេះ។

ក្នុងរជ្ជកាលរបស់អធិរាជ កុងស្តង់ទីន​ (Constantine) ដែលជាបុត្ររបស់ មហាក្សត្រី អៀរីន (Irene) គ្រីស្តសង្ឃស្ថាននេះត្រូវបានវាយប្រហារ និងលុកលុយដោយពួកអារ៉ាប់។ ពួកសង្ឃមិនបានចង់រត់គេចពីកន្លែងនោះទេ ប៉ុន្តែពួកគេបានពិគ្រោះជាមួយលោកឪពុក ថូម៉ាស់ (Thomas) ហើយគាត់និយាយថា៖

«យើងបានរត់ពីលោកិយ មកកាន់ទីវាលរហោឋាននេះ ដើម្បីសេចក្ដីស្រឡាញ់ចំពោះព្រះគ្រិស្ត អញ្ចឹងវាជាការអាម៉ាស់ប្រសិនបើយើងរត់ចេញពីទីវាលរហោឋាននេះដោយសារការភ័យខ្លាចមនុស្ស។ ប្រសិនបើយើងត្រូវបានសម្លាប់នៅទីនេះ នោះយើងត្រូវបានសម្លាប់ដោយសារសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះគ្រិស្ត យើងបានមករស់នៅទីនេះដោយសារព្រះអង្គ។»

ដោយបានសម្រេចចិត្តយ៉ាងនេះ ពួកគាត់បានរង់ចាំពួកអារ៉ាប់ដែលប្រដាប់ដោយអាវុធ ប៉ុន្តែពួកគាត់គ្មានអាវុធជាប់ខ្លួនទេ​ ដូច្នេះពួកគាត់គឺដូចជាកូនចៀមដែលនៅមុខសត្វចចកអញ្ចឹង។ ពួកអារ៉ាប់បានសម្លាប់សង្ឃខ្លះដោយធ្នូ ហើយខ្លះទៀតពួកគេបានបិទឃុំឃាំងនៅក្នុងគុហា សត្តសាវ៉ា។ បន្ទាប់មក ពួកអារ៉ាប់បានដុតភ្លើងនៅមាត់គុហា ហើយពួកសង្ឃបានអត់ដង្ហើមស្លាប់ដោយសារតែផ្សែង។ ដូច្នេះពួកគេជាច្រើនបានស្លាប់ជា មរណសាក្សីនៃព្រះគ្រិស្ត ហើយបានទៅកាន់ព្រះនគររាជ្យរបស់ព្រះអង្គម្ចាស់ដែលពួកគេបានស្រឡាញ់ ហើយដោយសារសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នេះហើយដែល ពួកគាត់បានស្លាប់។ ពួកគេបានទទួលការឈឺចាប់ដ៏ថ្កុំថ្កើន មុនពិធីបុណ្យ ប៉ាស្កា​ (Pascha) [ពិធីបុណ្យរស់ឡើងវិញរបស់ព្រះគ្រីស្ទ] ក្នុងឆ្នាំ ៧៩៦ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលរបស់អធិរាជ​កុងស្តង់ទីន និង ម្តាយរបស់គាត់ ឈ្មោះ អៀរីន និងសម្ដេចប៉ាទ្រីអាក្ខ នៃយេរូសាឡិម ឈ្មោះ អេលីយ៉ាស​ (Elias)។

ការដាក់ទណ្ឌកម្មដ៏សាកសមបានកើតឡើងយ៉ាងឆាប់រហ័សដល់ពួកចោរឈ្លានពានទាំងនេះ។ ពួកគេបានត្រឡប់ទៅកាន់តង់របស់ពួកគេវិញ ហើយបានចាប់ផ្ដើមឈ្លោះប្រកែកគ្នា ហើយបានវាយប្រហារគ្នា និងសម្លាប់គ្នាទៅវិញទៅមក។។