បូជាចារ្យមរណសាក្សី បាស៊ីល (Basil) ជាចាស់ព្រឹទ្ធាចារ្យនៃទីក្រុងអង់ស៊ីរ៉ា (Ancyra)
THE HIEROMARTYR [PRIEST-MARTYR] BASIL, PRESBYTER OF ANCYRA
ក្រោមរជ្ជកាលរបស់ព្រះចៅអធិរាជកុងស្តង់ទីយូស (Constantius) សត្ត បាស៊ីល បានរងទុក្ខវេទនាយ៉ាងខ្លាំងក្លា ពីពួកបង្រៀនខុសឆ្គងអារីអាន (Arians)។លោកត្រូវបានគេស្គាល់ថាជាអ្នកស្រឡាញ់សេចក្តីសុចរិតនៃគ្រិស្តអ័រតូដុក្ស (Orthodoxy)និងជាអ្នកគង្វាលពិតប្រាកដ របស់សមាជិកសហគមន៍របស់គាត់នៅទីក្រុងអង់ស៊ីរ៉ា។
នៅពេលដែល ជូលីអាន អ្នកក្បត់ជំនឿ (Julian the Apostate) ឡើងសោយរាជ្យ គេបានចាប់ផ្តើមបៀតបៀនគ្រិស្តសាសនិក។ ដោយសារសត្តបាស៊ីល បានចេញមុខរិះគន់អំពើអាក្រក់ថ្មីនេះ និងបានពង្រឹងជំនឿរបស់ប្រជាជន លោកត្រូវបានគេចាប់ដាក់គុក។ នៅពេលព្រះចៅអធិរាជ ជូលីអាន មកដល់ទីក្រុងអង់ស៊ីរ៉ា
សត្តបាស៊ីលត្រូវបាននាំមកជួបជាមួយទ្រង់។ ព្រះចៅអធិរាជបានព្យាយាមពន្យល់ សត្តបាស៊ីល ឱ្យលះបង់ជំនឿទៅលើព្រះគ្រីស្ទរបស់លោក ដោយសន្យាផ្តល់កិត្តិយសនិងទ្រព្យសម្បត្តិ។ សត្តបាស៊ីលបានឆ្លើយតបថា៖
«ខ្ញុំជឿលើព្រះគ្រីស្ទរបស់ខ្ញុំ ដែលលោកបានបដិសេធ ហើយជាព្រះដែលបានប្រទានរាជ្យសម្បត្តិផែនដីនេះមកដល់លោក។ ប៉ុន្តែ ព្រះ នឹងតដកហូតវាចេញពីលោកមិនយូរប៉ុន្មានទេ។ តើលោកមិនខ្មាស់អៀនចំពោះអាសនៈដ៏វិសុទ្ធនោះទេឬ ដែលលោកត្រូវបានជួយសង្គ្រោះនៅពេលដែលគេព្យាយាមសម្លាប់លោកនៅអាយុ ៨ ឆ្នាំ? ដូច្នេះ រាជ្យសម្បត្តិបណ្តោះអាសន្ននេះនឹងត្រូវដកហូតពីលោកមិនយូរប៉ុន្មានទេ ហើយរាងកាយរបស់លោក នឹងមិនត្រូវបានបញ្ចុះសពនៅពេលដែលព្រលឹងរបស់លោកត្រូវបានដក ចេញពីរាងកាយដោយការឈឺចាប់យ៉ាងខ្លាំង។»
ជូលីអានក្រោធខឹង ហើយបានបញ្ជាឱ្យគេដកស្បែកចេញពីរាងកាយសត្តបាស៊ីលចំនួន ៧ កន្លែងជារៀងរាល់ថ្ងៃ។ ពួកអ្នកធ្វើទារុណកម្មបានធ្វើដូច្នេះអស់រយៈពេលជាច្រើនថ្ងៃ។ នៅពេលសត្តបាស៊ីល ត្រូវបាននាំមកជួបព្រះចៅអធិរាជម្តងទៀត លោកបានដកស្បែករបស់ខ្លួនឯងចេញមួយកន្លែង ហើយបោះចូលទៅលើមុខជូលីអាន ដោយស្រែកថា៖
«យកវាទៅ ជូលីអាន ហើយស៊ីវាចុះ ប្រសិនបើម្ហូបបែបនេះផ្អែមឆ្ងាញ់ដល់លោក។ ប៉ុន្តែសម្រាប់ខ្ញុំ ព្រះគ្រីស្ទគឺជាជីវិត។»
ហេតុការណ៍នេះត្រូវបានគេផ្សព្វផ្សាយពេញទីក្រុង ហើយព្រះចៅអធិរាជ ដោយខ្មាស់អៀន បានចាកចេញពីទីក្រុងអង់ស៊ីរ៉ា យ៉ាងសម្ងាត់ទៅកាន់ទីក្រុងអង់ទីយ៉ុក (Antioch)។ ពួកគេបានបន្តធ្វើទារុណលើសត្តបាស៊ីល ដោយប្រើដែកក្តៅរហូតដល់លោកបានប្រគល់ព្រលឹងរបស់លោកទៅកាន់ព្រះជាម្ចាស់ ដែលលោកបានរងទុក្ខដើម្បីព្រះអង្គ ក្នុងឆ្នាំ ៣៦៣ នៃគ្រិស្តសករាជ។
