សត្តយ៉ូហាន គ្លីម៉ាកុស (John Climacus) ដ៏គួរអោយគោរព
THE VENERABLE JOHN CLIMACUS

សត្តយ៉ូហាន គ្លីម៉ាកុស គឺជាអ្នកនិពន្ធសៀវភៅ “ជណ្ដើរឡើងស្ថានសួគ៌” (The Ladder of Divine Ascent)។ លោកបានមកដល់ភ្នំស៊ីណាយ (Sinai) ពេលនៅ វ័យក្មេង អាយុ ១៦ឆ្នាំ ហើយបាននៅទីនោះជាប់រហូត ដែលដំបូងឡើយជាសិស្ស បន្ទាប់មកជាអ្នកបួសស្ងប់ស្ងាត់ និងទីបំផុត ជាចៅអធិការ នៃភ្នំស៊ីណាយរហូតដល់វ័យ៨០ឆ្នាំ មុននឹងទទួលមរណភាពក្នុងឆ្នាំ៦៤៩នៃគ.ស។ អ្នកសរសេរប្រវត្តិរបស់លោក គឺសង្ឃម្នាក់ឈ្មោះដានីយ៉ែល (Daniel) គាត់បានមានប្រសាសន៍ អំពីលោកថា៖ “រាងកាយរបស់លោកបានឡើងដល់កំពូលភ្នំស៊ីណាយ ខណៈព្រលឹងរបស់លោកបានឡើងដល់កំពូលស្ថានសួគ៌”។
លោកបាននៅក្រោមការដឹកនាំខាងវិញ្ញាណរបស់លោកម៉ាទីរីយ៉ុស (Martyrius) អស់រយៈពេល១៩ឆ្នាំ។ លោកអាណាស្តាស៊ីយ៉ុស (Anastasius) នៃស៊ីណាយ បានឃើញសត្តយ៉ូហានវ័យក្មេង ហើយបានព្យាករ ថាលោកនឹងក្លាយជាចាស់ព្រឹទ្ធាចារ្យនៃស៊ីណាយ។ ក្រោយពីឪពុកខាងវិញ្ញាណរបស់លោកទទួលមរណភាព សត្តយ៉ូហានបានចូលទៅរស់នៅក្នុងគុហាមួយ ដោយជីវិតជាអ្នកបួសយ៉ាងតឹងរ៉ឹងអស់រយៈពេល២០ឆ្នាំ។
សិស្សរបស់លោកឈ្មោះម៉ូសេ (Moses) បានដេកលក់នៅក្រោមម្លប់ ថ្មធំមួយ។ សត្តយ៉ូហាន កំពុងអធិស្ឋាននៅក្នុងបន្ទប់ក្រឡារបស់លោក បានឃើញថាសិស្សរបស់លោកកំពុងជួបគ្រោះថ្នាក់ ហើយបានសូមអង្វរព្រះជាម្ចាស់សម្រាប់គាត់។ ក្រោយមក នៅពេលម៉ូសេ ត្រឡប់មកវិញ គាត់បានដួលចុះលើជង្គង់ ហើយថ្លែងអំណរគុណដល់ឪពុកខាងវិញ្ញាណរបស់គាត់ដែលបានជួយសង្គ្រោះគាត់ពីសេចក្ដីស្លាប់។ គាត់បានប្រាប់ថានៅក្នុងសុបិន គាត់បានឮសត្តយ៉ូហានហៅគាត់ ហើយគាត់បានក្រោកឡើងភ្លាមៗនៅពេលដែលថ្មរៀបធ្លាក់។ បើគាត់មិនក្រោកឡើងទេ ថ្មនោះនឹងកិនគាត់គំទេច។
ដោយសារការជំរុញពីសមាគមន៍សង្ឃ សត្តយ៉ូហានបានយល់ព្រមក្លាយជាចាស់ព្រឹទ្ធាចារ្យ ហើយបានដឹកនាំផ្លូវព្រលឹងមនុស្សដោយសេចក្ដីខ្មីឃ្មាតនិងសេចក្ដីស្រឡាញ់។ មានមនុស្សខ្លះបានរិះគន់សត្តយ៉ូហាន ថានិយាយច្រើនពេក។ តែដោយមិនមានអារម្មណ៍ខឹងឡើយ សត្តយ៉ូហានបាននៅស្ងៀមស្ងាត់អស់មួយឆ្នាំ។ លោកមិននិយាយ ពាក្សមួយមាត់សោៈ រហូត ដល់ ពួកសង្ឃជួយអង្វរឱ្យលោកនិយាយ និងបន្តបង្រៀនប្រាជ្ញាដែលព្រះប្រទានដល់លោក។
នៅពេលមួយ មានអ្នកធ្វើដំណើរទស្សនាសាសនា ៦០០នាក់បានមកដល់ សង្ឃស្ថានភ្នំស៊ីណាយ អ្នករាល់គ្នាបានឃើញក្មេងប្រុសម្នាក់ពាក់សំលៀកបំពាក់ជនជាតិយូដាកំពុងបំរើនៅតុអាហារ ដឹកនាំបុរសបំរើផ្សេងៗ និងចាត់ចែងកិច្ចការ។ ភ្លាមនោះ ក្មេងប្រុសនោះបានរលាយបាត់។ នៅពេលអ្នករាល់គ្នាបានកត់សំគាល់ហើយគេក៏ចាប់ផ្ដើមសួរសំណួរ ហើយសត្តយ៉ូហានបានមានប្រសាសន៍ទៅពួកគេថា៖ “កុំរកគាត់អី ព្រោះថានោះគឺលោកហោរាម៉ូសេ កំពុងបំរើនៅកន្លែងរបស់គាត់”។
ក្នុងអំឡុងពេលស្ងៀមស្ងាត់នៅក្នុងគុហា សត្តយ៉ូហានបាននិពន្ធសៀវភៅដ៏មានតម្លៃជាច្រើន ដែលល្បីល្បាញក្នុងនោះបំផុតគឺសៀវភៅ “ជណ្ដើរ”។ សៀវភៅនេះនៅតែត្រូវបានអានដោយមនុស្សជាច្រើនសព្វថ្ងៃនេះ។ នៅក្នុងសៀវភៅនេះ សត្តយ៉ូហានបានពិពណ៌នាអំពីវិធីលើកព្រលឹងឡើងដល់ព្រះជាម្ចាស់ ដោយប្រៀបធៀបវាទៅនឹងការឡើងជណ្ដើរ។
មុនពេលទទួលមរណភាព សត្តយ៉ូហានបានតែងតាំងលោក ហ្គេអរហ្គី (George) ដែលជាបងប្អូនរួមមាតាបិតានឹងលោក ជាចៅអធិការ។ លោកហ្គេអរហ្គីបានព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបែកចាកពីសត្តយ៉ូហាន។ ពេលនោះ សត្តយ៉ូហានបានមានប្រសាសន៍ទៅគាត់ថា បើសិនជាលោក អាចសាកសម នៅក្បែរ ព្រះ ជាម្ចាស់នៅលោកខាងមុខ លោកនឹងសូមអង្វរព្រះឱ្យលោកហ្គេអរហ្គី បានយកទៅស្ថានសួគ៌នៅឆ្នាំដដែលនោៈ ដែរ។ ហើយវាក៏បានកើតឡើងដូច្នោះមែន។ ក្រោយពី១០ខែ លោកចៅអធិការ ហ្គេអរហ្គីបានទទួលមរណភាព ហើយបានចូលទៅរស់នៅក្នុងចំណោមប្រជាជនស្ថានសួគ៌ ដូចជាបងប្រុសដ៏អស្ចារ្យរបស់គាត់ គឺសត្តយ៉ូហាននេះដែរ។
