សត្តបុគ្គលនៃ ថ្ងៃទី​ ២៧ ខែមិនា


THE HOLY MARTYR MATRONA

សត្តីម៉ាត្រូណា​ (Matrona) ជាក្មេងកំព្រា ធ្លាប់ធ្វើជាអ្នកបំរើក្នុងផ្ទះជនជាតិ យូដាម្នាក់ នៅក្រុងថេស្សាឡូនីក (Thessalonica)​ ។ ប្រពន្ធរបស់ជនជាតិយូដានេះ ធម្មតាតែងតែជេរប្រមាថសត្តីម៉ាត្រូណាដោយសារជំនឿរបស់នាងទៅលើព្រះគ្រីស្ទ។ នាងបានព្យាយាមពន្យល់ឱ្យសត្តីម៉ាត្រូណា បដិសេធព្រះគ្រីស្ទ
និងឲ្យចូលរួមការជួបជុំនៅសាលាប្រជុំ (synagogue)។ ប៉ុន្តែសត្តីម៉ាត្រូណា ដ៏ស្លូតបូតបានបន្តធ្វើការងារដោយយកចិត្តទុកដាក់ ហើយមិនបាននិយាយអ្វីទៅកាន់ចៅហ្វាយនាងឡើយ។ ហើយក្នុងភាពស្ងៀមស្ងាត់ នាងបានអធិស្ឋានទៅកាន់ព្រះគ្រីស្ទជាព្រះអម្ចាស់។

នៅថ្ងៃមួយ ប្រពន្ធជនជាតិយូដានេះ បានដឹងថាសត្តីម៉ាត្រូណា បានចូលរួមការជួបជុំនៅព្រះ‌សហ‌គមន៍ ដោយគ្មានការអនុញ្ញាត។ នាងបានសួរទាំងពេញកំហឹង ទៅសត្តី ម៉ាត្រូណាថា ហេតុអ្វីបានជានាងមិនទៅចូលរួមប្រជុំនៅសាលាប្រជុំ។ សត្តីម៉ាត្រូណា បានឆ្លើយថា៖ «ព្រោះព្រះអង្គម្ចាស់គង់នៅក្នុង ព្រះ‌សហ‌គមន៍គ្រីស្ទាន ហើយទ្រង់បានដកខ្លួនចេញពីសាលាប្រជុំរបស់ជនជាតិយូដាហើយ។»

ដោយខឹងខ្លាំងនឹងចម្លើយដ៏ក្លាហាននេះ ប្រពន្ធជនជាតិយូដាបានវាយដំ សត្តីម៉ាត្រូណា​ ចាប់ដាក់នាងក្នុងបន្ទប់ងងឹត ហើយចងដៃនាង។ ថ្ងៃបន្ទាប់ នៅពេលសត្តីម៉ាត្រូណា កំពុងលុតជង្គង់អធិស្ឋាន និងសរសើរតម្កើងព្រះ ខ្សែចងនោះបានរបូតចេញពីដៃនាង​ ដោយសារព្រះចេស្តា​រព្រះអង្គម្ចាស់។​ នាងត្រូវបានចាប់ដាក់ក្នុងបន្ទប់ងងឹត​ ពីរដងទៀត។ នៅទីបញ្ចប់ សត្តីម៉ាត្រូណា បានស្លាប់ដោយសារអត់ឃ្លាន។

ប្រពន្ធជនជាតិយូដា ដ៏ឃោរឃៅបានយករាងកាយរបស់សត្តីដ៏បរិសុទ្ធនេះ បោះចោលពីលើដំបូលផ្ទះ។ ពួកគ្រីស្ទានបានយករាងកាយរបស់មរណសាក្សីនេះ ទៅបញ្ចុះដោយកិត្តិយស។ ប៊ីស្សព អាឡិចសាន់ដឺ (Alexander) បានដឹងអំពី ការអស្ចារ្យជាច្រើនរបស់សត្តីមរណសាក្សីដ៏វិសុទ្ធនេះ ហើយបានសង់ព្រះសហគមន៍ មួយនៅលើផ្នូរ របស់នាង។

ចំណែកប្រពន្ធជនជាតិយូដាដ៏អាក្រក់នោះ បានទទួលការដាក់ទណ្ឌកម្មដ៏សាក់សម៖ ដោយនៅពេលដែលនាងឈរនៅកន្លែងដដែលដែលនាងបានបោះរាងកាយសត្តីម៉ាត្រូណា នាងបានរអិល ធ្លាក់ពីលើ ហើយស្លាប់នៅកន្លែងនោះទៅ។