សត្តបុគ្គលនៃ ថ្ងៃទី​ ២៩ ខែមិនា


SAINT MARK, CONFESSOR AND BISHOP OF ARETHUSA IN SYRIA

យើងត្រូវបានដឹងអំពីទុក្ខវេទនា របស់សត្តម៉ាក ពីសត្ត ហ្គ្រិហ្គ័រី អ្នក​ទ្រឹស្ដី (Gregory the Theologian) និង លោក​ ថេអូដូរ៉េតុស (Theodoretus) ដ៏មានព្រះគុណ។ តាមរបាយការណ៍របស់ពួកគាត់ ក្នុងរាជ្យព្រះចៅអធិរាជកុងស្តង់ទីន (Constantine) សត្តម៉ាក បានកំទេច វិហារសាសនាព្រះក្លែងក្លាយ ហើយបំប្លែងមនុស្សជាច្រើនឱ្យទៅជាគ្រីស្ទាន។ ពេល ព្រះចៅអធិរាជ ជូលីអាន (Julian) ឡើងសោយរាជ្យ ហើយបានប្រកាសលះបង់ជំនឿលើព្រះគ្រីស្ទ ប្រជាជនខ្លះនៅ ក្រុងអារ៉េទូសា ក៏បានបដិសេធព្រះគ្រីស្ទ ហើយត្រឡប់ទៅកាន់សាសនាព្រះក្លែងក្លាយវិញ។ ពួកគេបានក្រោកឡើងប្រឆាំងនឹងសត្តម៉ាក ដោយសារលោកបានបំផ្លាញវិហាររបស់ពួកគេ ដោយទាមទារឱ្យលោកសង់វិហារថ្មី ឬបង់ប្រាក់ជាច្រើន។

ដោយសារសត្តម៉ាក ដ៏ចាស់ជរា បដិសេធមិនធ្វើអ្វីទាំងពីរយ៉ាងនេះ លោកត្រូវបានគេវាយដំ សើចចំអក និងអូសតាមដងផ្លូវ។ បន្ទាប់មក​ ពួកគេបានកាត់ត្រចៀករបស់លោកដោយប្រើ ខ្សែអំបោះស្តើង។ ពួកគេបានដោះសំលៀកបំពាក់របស់លោក លាបទឹកឃ្មុំលើលោក ហើយចងលោកទៅនឹងដើមឈើ ក្រោមថ្តៃ ក្តៅហែងក្នុងខែក្តៅ ដើម្បីអោយ ឪមាល់ មូស​ និង​ ស្រាំងទិចលោក។ មរណសាក្សីរបស់ព្រះគ្រីស្ទនេះ បានអត់ទ្រាំគ្រប់យ៉ាងដោយមិនត្អូញត្អែរ។

សត្តម៉ាកមានវ័យចំណាស់ ប៉ុន្តែព្រះភ័ក្ត្ររបស់លោកភ្លឺដូចទេវទូត។ ពួកកាន់សាសនាព្រះក្លែងក្លាយ បានបន្ថយតម្លៃសងសម្រាប់សាងវិហារក្លែងក្លាយរបស់ពួកគេ
ហើយទីបំផុតសុំឱ្យលោកបង់ប្រាក់តិចតួចបំផុត។ លោកអាចធ្វើបានដោយងាយ ប៉ុន្តែលោកបដិសេធមិនព្រមចេញសូម្បីមួយកាក់។ សេចក្តីអត់ធ្មត់របស់លោកបានធ្វើឱ្យប្រជាជនចាប់អារម្មណ៍ខ្លាំង ហើយពួកគេក៏ចាប់ផ្តើមគោរព និងអាណិតលោក។ ពួកគេបានបន្ថយតម្លៃវិហារដល់សូន្យ ដើម្បីអោយលោករស់។ ទីបំផុត
ពួកគេបានដោះលែងលោក ហើយម្នាក់ៗបានទទួលការបង្រៀនពីលោក ហើយត្រឡប់មកជឿលើព្រះគ្រីស្ទវិញ។

ក្នុងពេលជាមួយគ្នានេះ នៅក្រុងហេលីអូប៉ូលីស (Heliopolis) ជាប់នឹងភ្នំលីបាណុន (Lebanon) មានសេវករ ម្នាក់ឈ្មោះស៊ីរីល (Cyril) ក៏បានទទួលទុក្ខវេទនាដូចគ្នាដែរ។ ក្នុងអំឡុងពេលដែលគ្រីស្ទសាសនា មានសេរីភាព សត្តស៊ីរីល បានបំផ្លាញរូបសំណាកព្រះក្លែងក្លាយខ្លះ ហើយក្រោយមកត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅក្រោមរាជ្យ របស់អធិរាជជូលីអាន។

ពួកកាន់សាសនាព្រះក្លែងក្លាយខឹងខ្លាំងនឹងលោក ដល់ថ្នាក់ដែលនៅពេលពួកគេសម្លាប់គាត់​ ពួកគេបានខាំរាងកាយគាត់ ហើយដកពោះវៀនរបស់គាត់ចេញ។
នៅថ្ងៃដដែលដែលសត្តស៊ីរីលទទួលទុក្ខ មានមនុស្សជាច្រើនទៀតក៏ទទួលទុក្ខដែរ។ ពួកកាន់សាសនាព្រះក្លែងក្លាយ ដ៏ឃោរឃៅ បានកាត់រាងកាយពួកគេជាបំណែកៗ លាយជាមួយស្រូវអារ្យ ហើយដាក់ជាចំណីឲ្យជ្រូកសុី។ ទណ្ឌកម្មបានមកដល់ពួកគេវិញយ៉ាងឆាប់រហ័ស៖ ធ្មេញពួកគេបានធ្លាក់អស់ ហើយក្លិនស្អុយយ៉ាងទ្រាំមិនបាន បានចេញពីមាត់ពួកគេ។