សត្តី ម៉ារី (Mary) នៃប្រទេសអេហ្ស៊ីប
SAINT MARY OF EGYPT

ប្រវត្តិរបស់សត្តីអស្ចារ្យនេះត្រូវបានសរសេរដោយសត្តសូហ្វ្រូនីយ៉ុស (Sophronius) សម្ដេចប៉ាទ្រីអាក្ខនៃក្រុងយេរូសាឡិម។ ក្នុងអំឡុងរដូវតម (Great Lent) បូជាចារ្យសង្ឃ (heiromonk) ឈ្មោះ ហ្សូស៊ីម៉ាស់ (Zosimas) បានចូលទៅវាលរហោស្ថានឆ្ងាយពីទន្លេហ្ស័រដង់ (Jordan) អស់រយះពេល ២០ថ្ងៃ។ ភ្លាមនោះ លោកបានឃើញមនុស្សម្នាក់ដែលមានរាងកាយស្គមក្រៀមស្វិត និងអាក្រាត មានសក់ស្កូវ សដូចព្រិល ដែលកំពុងរត់គេចពីភ្នែកលោក។ ចាស់ព្រឹទ្ធាចារ្យបានដេញតាមយ៉ាងយូរ រហូតដល់អ្នកនោះឈប់នៅជាយស្ទឹង ហើយស្រែកឡើងថា៖
«លោកឪពុក ហ្សូស៊ីម៉ាស់ សូមលើកលែងទោសខ្ញុំ ដើម្បីព្រះអម្ចាស់។ ខ្ញុំមិនអាចជួបមុខលោកឪពុកបានឡើយ ព្រោះខ្ញុំជាស្ត្រីអាក្រាត»។
ហ្សូស៊ីម៉ាស់បានបោៈ អាវផាយខាងក្រៅឱ្យនាង ដែលនាងយកមកពាក់ហើយ ទើបបង្ហាញខ្លួនមុខលោក។ លោកព្រឹទ្ធាចារ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮឈ្មោះខ្លួនចេញពីមាត់ស្ត្រី ដែលលោកមិនដែលស្គាល់សោះ ។ ក្រោយពីលោកអង្វរយ៉ាងខ្លាំង នាងក៏ប្រាប់ដំណើរជីវិតរបស់នាង៖
នាងកើតនៅអេហ្ស៊ីប ហើយចាប់ផ្ដើមរស់នៅដោយអំពើអាស្រូវ នៅទីក្រុង អាឡិចសង់ឌ្រីយ៉ា (Alexandria) ពេលអាយុ១២ឆ្នាំ ហើយបានចំណាយពេល១៧ឆ្នាំក្នុងជីវិត អបាយមុខនេះ។ ថ្ងៃមួយ ដោយសារឥទ្ធិពលពី ចំណង់ភ្លើងកាម ខាងសាច់ឈាម នាងបានឡើងទូកមកក្រុងយេរូសាឡិម។ នៅពេលមកដល់ នាងចង់ចូលព្រះវិហារដើម្បីគោរពឈើឆ្កាងដ៏ឧត្តមថ្កុំថ្កើង ប៉ុន្តែមានអំណាចអាថ៌កំបាំង រារាំងមិនឱ្យនាងចូល។ ដោយភ័យខ្លាចយ៉ាងខ្លាំង នាងបានសម្លឹងមើលរូបអាយខនព្រះមាតាដ៏វិសុទ្ធនៃព្រះជាម្ចាស់នៅរោងចំហៀង (narthex) ហើយអធិស្ឋានសុំឱ្យនាងអាចចូលគោរពឈើឆ្កាងដ៏ឧត្តមថ្កុំថ្កើងបាន ហើយសារភាពថានាងជាមនុស្ស ដែលមានអំពើបាបនិងមិនបរិសុទ្ធ ហើយសន្យាថានាងនឹងទៅកន្លែងណាក៏បានតាមការណែនាំរបស់ព្រះនាង។ បន្ទាប់មក នាងក៏អាចចូលព្រះវិហារបាន។
ក្រោយពីគោរពឈើឆ្កាងហើយ នាងត្រឡប់មករោងចំហៀងវិញ ហើយនៅមុខរូបអាយខន នាងបានថ្លែងអំណរគុណដល់ព្រះមាតានៃព្រះជាម្ចាស់។ នៅពេលនោះឯង នាងបានឮសំឡេងមួយពោលថា៖
«បើអ្នកឆ្លងទន្លេហ្ស័រដង់ទៅ អ្នកនឹងរកឃើញសន្តិភាពពិតប្រាកដ!»។
ភ្លាមនោះ នាងបានទិញនំបុ័ងបីដុំ ហើយចាប់ផ្ដើមដំណើរទៅទន្លេហ្ស័រដង់ ហើយបានទៅដល់ទីនោះនៅពេលល្ងាច។ ថ្ងៃបន្ទាប់ នាងបានទទួលសម្ព័ន្ធភាពដ៏វិសុទ្ធ (Holy Communion) នៅសង្ឃស្ថាននៃសត្តយ៉ូហាន (St. John) ហើយក៏ឆ្លងទន្លេហ្ស័រដង់ទៅ។ នាងបាននៅវាលរហោស្ថានអស់៤៨ឆ្នាំ ក្នុងសេចក្ដីទុក្ខលំបាកនិងភ័យខ្លាច ដោយប្រយុទ្ធជាមួយអារម្មណ៍កាមដូចជាប្រយុទ្ធជាមួយសត្វពាហនៈ។ នាងបានបរិភោគតែរុក្ខជាតិប៉ុន្នោះ។
ក្រោយពីបញ្ចប់ដំណើររឿង នៅពេលនាងឈរអធិស្ឋាន ហ្សូស៊ីម៉ាស់បានឃើញនាងអណ្តែតនៅលើអាកាស។ នាងបានសុំឱ្យលោកនាំព្រះសម្ព័ន្ធភាពដ៏វិសុទ្ធ(ព្រះកាយនិងលោហិតរបស់ព្រះគ្រីស្ត) ឱ្យនាងនៅឆ្នេរទន្លេហ្ស័រដង់ នៅឆ្នាំក្រោយ។ លុះដល់ឆ្នាំក្រោយ ហ្សូស៊ីម៉ាស់បានមកដល់ជាមួយព្រះសម្ព័ន្ធភាពដ៏វិសុទ្ធនៅពេលល្ងាច។ លោកឆ្ងល់ថាតើសត្តីនឹងឆ្លងទន្លេដោយរបៀបណា។ ពេលនោះ ក្រោមពន្លឺព្រះច័ន្ទ លោកបានឃើញនាងដើរមកដល់ទន្លេ ធ្វើសញ្ញាឈើឆ្កាងលើទឹក ហើយដើរលើទឹកដូចជាដើរលើដីគោក។
ក្រោយពេលហ្សូស៊ីម៉ាស់បានឲព្រះសម្ព័ន្ធភាពដ៏វិសុទ្ធទៅនាង នាងបានសុំឱ្យលោកមកស្ទឹងតូចដែលពួកគាត់បានជួបគ្នាលើកដំបូង ម្តងទៀតនៅឆ្នាំក្រោយ។ ពេលហ្សូស៊ីម៉ាស់មកដល់ គាត់បានឃើញរាងកាយគ្មានជីវិតរបស់នាងនៅទីនោះ។ នៅលើខ្សាច់ពីលើក្បាលនាងមានអក្សរសរសេរថា៖
«លោកឪពុកហ្សូស៊ីម៉ាស់ សូមកប់រាងកាយម៉ារីដ៏តូចទាប់នៅទីនេះ ទុកធូលីឲ្យទៅធូលីវិញ។ ខ្ញុំបានទទួលមរណភាពនៅថ្ងៃទី១ ខែមេសា នៅយប់ដដែលដែលព្រះគ្រីស្ទទទួលទុក្ខ ក្រោយពីបានទទួលព្រះសម្ព័ន្ធភាពដ៏វិសុទ្ធ»។
ពីចារឹកលើខ្សាច់នេះ ព្រឹទ្ធាចារ្យហ្សូស៊ីម៉ាស់បានដឹងឈ្មោះនាង និងការអស្ចារ្យមួយទៀតគឺ៖ កាលពីឆ្នាំមុន នៅពេលនាងទទួលព្រះសម្ព័ន្ធភាពដ៏វិសុទ្ធ នាងបានមកដល់ស្ទឹងនេះនៅយប់ដដែល ប៉ុន្ហ្សូតែលោក ហ្ស៊ីសូសុីម៉ាស់ត្រូវចំណាយពេលធ្វើដំណើរអស់២០ថ្ងៃ។ បន្ទាប់មក ហ្សូស៊ីម៉ាស់បានកប់រាងកាយសត្តីអស្ចារ្យម៉ារី ដែលជាជនជាតិអេហ្ស៊ីប។ ពេលត្រឡប់មកសង្ឃស្ថាន លោកបានរៀបរាប់ពីដំណើរជីវិតនិងការណ៍អស្ចារ្យដែលលោកបានឃើញដោយខ្លួនផ្ទាល់ភ្នែក។ នេៈបង្ហាញថា ព្រះអម្ចាស់ជ្រាបដឹងពី វិធីលើកតម្កើងអ្នកមានបាបដែលបានប្រែចិត្ត។ ព្រះសហគមន៍ប្រារព្ធពិធីរំលឹកពីនាងនៅថ្ងៃអាទិត្យទី៥នៃរដូវតមធំ ដើម្បី លើកនាងឡើងទុកជាគំរូ នៃការប្រែចិត្តស្តាយបាប ដល់គ្រិស្តសាសនិកទាំងឡាយ ក្នុងអំឡុងពេលនៃរដូវតមនេៈ ។ នាងបានទទួលមរណភាពកំឡុងឆ្នាំ៥៣០នៃគ.ស.។
