សត្តនីគីតាស់ (Nicetas) អ្នកសារភាពជំនឿ
SAINT NICETAS THE CONFESSOR

សត្ត នីគីតាស់ បានកើតនៅតំបន់ប៊ីធីនី (Bithynia) ក្នុងទីក្រុង កេសារីយ៉ា (Caesarea)។ ឪពុករបស់លោកឈ្មោះហ្វីឡារ៉េត (Philaret) បានបួសជាព្រះសង្ឃក្រោយពេលប្រពន្ធរបស់ លោកទទួលមរណភាព ហើយ សត្តនីគីតាស់បានយកទៅនៅជាមួយលោកយាយខាងឪពុកគាត់។ លុះពេញវ័យ និងបញ្ចប់ការសិក្សាគ្រប់គ្រាន់ លោកបានចូលសង្ឃស្ថានមេឌីគ្យ៉ុង (Medikion) ធ្វើជាព្រះសង្ឃ ដែលត្រូវបានបំបួសដោយ ព្រឹទ្ធាចារ្យនីសេហ្វ័រ (Nicephorus)។
ក្រោយពី៧ឆ្នាំក្នុងការលំបាក និងការលត់ដំខ្លួនយ៉ាងតឹងរឹង សម្ដេច ប៉ាទ្រីអាក្ខ តារ៉ាស៊ីយ៉ុស (Tarasius) បានតែងតាំង លោកជាហៀរ៉ូម៉ាង់ [បូជាចារ្យដែលជាសង្ឃ] (hieromonk)។
ក្រោយពេលព្រឹទ្ធាចារ្យនីសេហ្វ័រ និងលោកអាថាណាស៊ីយ៉ុស (Athanasius) (មិត្តស្មោះស្ម័គ្ររបស់លោក) ទទួលមរណភាព សហគមន៍សង្ឃបានជ្រើស រើស សត្តនីគីតាស់ជាព្រឹទ្ធាចារ្យ ទោះបីលោកមិនព្រមក៏ដោយ។ អស់រយៈពេលជាច្រើនឆ្នាំ សត្តនីគីតាស់ បានក្លាយជាគំរូនៃជីវិតជាអ្នកបួស និងជីវិតបរិសុទ្ធដល់សហគមន៍សង្ឃ។
នៅពេលអធិរាជ ឡេអូទី៥ (Leo V) ជនជាតិអាមេនី ឡើងសោយរាជ្យ បន្ទាប់ ពីព្រះនាងអ៊ីរ៉េន (Irene) ដែលជាគ្រិស្តសាសនិកដ៏ស្មោះស្ម័គ្រ និងព្រះចៅអធិរាជ នីសេហ្វ័រ និងមីខាអែល ដែលជាគ្រិស្តអ័រតូដុក្ស សង្គ្រាមរូបអាយខន (iconoclastic struggle) បានឆាបឆេះឡើងវិញ។ ព្រះចៅអធិរាជនេះ បានដកហូតតំណែងសម្ដេចប៉ាទ្រីអាក្ខនីសេហ្វ័រ និងនិរទេសលោក ហើយតែងតាំង អ្នកបង្រៀនខុសឆ្គង ឈ្មោះធីអូដូតុស កាស៊ីតេរ៉ាស់ (Theodotus Cassiteras) ដែលជាមនុស្សមានជីវិតមិនបរិសុទ្ធ ឲមានឋានះនេះវិញ។ សត្តនីគីតាស់ក៏ត្រូវគេចាប់ដាក់គុក និងធ្វើទារុណកម្មដែរ ប៉ុន្តែលោកនៅតែមាំមួនក្នុងជំនឿអរតូដុក្ស (Orthodoxy)។
លោកត្រូវបានគេដឹកពីគុកមួយទៅគុកមួយ ហើយបានរងទុក្ខដោយសារការអត់ឃ្លាន ស្រេកទឹក រងារ ភាពក្តៅហែង និងការជេរប្រមាថ ។ ប៉ុន្តែលោកមិនបានអនុញ្ញាតឱ្យឲជំនឿរបស់លោក វៀចវេរឡើយ។ ការសើចចំអករបស់មនុស្សម្នាក់ឈ្មោះនីកូឡាស់ (Nicholas) ធ្វើឲលោកពិបាកចិត្តជាងគេ។ នៅថ្ងៃមួយ ឪពុករបស់នីកូឡាស់ដែលបានទទួលមរណភាព បានបង្ហាញខ្លួនៅក្នុងសុបិនរបស់ នីកូឡាស់ ហើយជេរប្រទេចគាត់ថា៖ «ឈប់ធ្វើបាបអ្នកបំរើរបស់ព្រះអម្ចាស់ម្នាក់នោះទៅ!»។ ចាប់ពីពេលនោះមក នីកូឡាស់ បានស្ដាយបាប ហើយមិនត្រឹមតែឈប់ធ្វើបាបសត្តនេះទេ ថែមទាំងរារាំងអ្នកដទៃមិនឱ្យធ្វើបាបលោកផង។
នៅពេលអធិរាជ ឡេអូ ជនជាតិអាមេនី បានស្លាប់ទៅ អំណាចត្រូវបានផ្ទេរទៅចៅអធិរាជអរតូដុក្សមីខាអែល ប៊ែលប៊ូស (Michael Balbus) (អធិរាជ ដែលនិយាយជាប់ត្រដិត) ហើយលោកបានដោះលែងអ្នកទទួលរងទុក្ខម្នេញ ទាំងអស់ ដែលស្មោះត្រង់នឹងជំនឿ គ្រិស្ត អ័រតូដុក្ស។
សត្តនីគីតាស់បានចាកចេញទៅកន្លែងស្ងាត់មួយនៅជិតក្រុងកុងស្តង់ទីណូប៉ូល (Constantinople) ដើម្បីចំណាយពេលវេលាដែលនៅសល់ក្នុងលោកកិយ៍នេះ ដោយការអធិស្ឋាន និងថ្លែងអំណរគុណដល់ព្រះអម្ចាស់។ ក្នុងមួយជីវិតនេះ លោកបានប្រព្រឹត្តអព្ភូតហេតុជាច្រើនតាមរយៈការអធិស្ឋាន។ ពេលលោកទទួលមរណភាព រាងកាយរបស់លោកត្រូវបានយកទៅសង្ឃស្ថានរបស់លោក។
ក្នុងពេលដង្ហែសព មនុស្សមានជំងឺជាច្រើនបានប៉ះពាល់រាងកាយ របស់លោក ហើយបានជាសះស្បើយ។ សពរបស់លោកត្រូវបានទុកនៅជិតផ្នូរ របស់ព្រឹទ្ធាចារ្យនីសេហ្វ័រ (ឪពុកខាងវិញ្ញាណរបស់លោក) និងលោកអាថាណាស៊ីយ៉ុស (មិត្តស្មោះស្ម័គ្ររបស់លោក)។
សត្តអ្នកដឹកនាំដ៏អស្ចារ្យនេះបានទទួលមរណភាពក្នុងឆ្នាំ៨២៤នៃគ្រិស្តសករាជ។
