សត្តបុគ្គលនៃ ថ្ងៃទី៥​ ខែមេសា

THE HOLY MARTYRS AGATHOPODES AND THEODULUS


លោក អាហ្គាថូផូដ គឺជាជំនួយការបូជាចារ្យ (deacon) និងលោក ធីអូឌុល ជាអ្នកអានព្រះគម្ពីរ (reader) នៅព្រះសហគមន៍ ក្នុងទីក្រុងថេស្សាឡូនីក (Thessalonica)។ អាហ្គាថូផូដ ត្រូវបានតុបតែង ជាមួយនឹងសក់សស្កូវនៃវ័យចំណាស់ ឯលោកធីអូឌុលត្រូវបានតុបតែងជាមួយភាពបរិសុទ្ធនៃវ័យជំទង់។ ក្នុងរជ្ជកាលដែលអធិរាជ ឌីអូក្លេស្យ៉ង់ (Diocletian) បៀតបៀនគ្រីស្តបរិស័ទ្ធ ពួកគេទាំងពីរត្រូវបានគេហៅចូលតុលាការ។ ពួកគេបានឆ្លើយតបដោយអំណរគុន ហើយកាន់ដៃគ្នាដើរទៅដោយស្រែកហ៊ោថា៖ «យើងគឺជាគ្រីស្ទាន!»។

រាល់ការពន្យល់របស់ចៅក្រមដើម្បីឱ្យពួកគេបដិសេធព្រះគ្រីស្ទ និងថ្វាយបង្គំព្រះក្លែងក្លាយ គឺសុទ្ធតែឥតប្រយោជន៍ទាំងអស់។ ក្រោយពីជាប់ឃុំឃាំងយូរ និងអត់ឃ្លាន ពួកគេត្រូវបានកាត់ទោសពិឃាដដោយការទំលាក់ចូលក្នុងសមុទ្រ។ ដៃពួកគេត្រូវបានចងខ្ជាប់ពីក្រោយ ថ្មធ្ងន់ត្រូវបានព្យួរនៅនឹងក ហើយពួកគេត្រូវបានគេនាំទៅសមុទ្រដើម្បីទំលាក់ឲលង់ទឹក។ នៅពេលគេត្រៀមបោះទំលាក់ អាហ្គាថូផូដទៅក្នុងទឹកសមុទ្រជ្រៅ ​លោកបានស្រែកហ៊ោថា៖ «មើលចុះ! តាមរយៈពិធីជ្រមុជទឹកលើកទីពីរនេះ យើងត្រូវបានលាងសំអាតពីបាបទាំងអស់ ហើយយើងនឹងទៅជួបព្រះយេស៊ូគ្រីស្ទក្នុងភាពបរិសុទ្ធ!»។ មិនយូរប៉ុន្មាន សមុទ្របានស្រង់សពពួកគាត់មកដល់ច្រាំងវិញ ហើយពួកគ្រីស្ទានបានបញ្ចុះសពពួកគាត់ដោយកិត្តិយស។

សត្តធីអូឌុលបានបង្ហាញខ្លួនដល់មិត្តភក្តិរបស់លោកក្នុងរូបរាងដូចទេវទូតដ៏ភ្លឺថ្លាដោយស្លៀកពាក់ភ្លឺចែងចាំង ហើយបានបញ្ជាឱ្យគេចែកចាយទ្រព្យសម្បត្តិរបស់លោកដែលនៅសល់ទាំងអស់ដល់ជនក្រីក្រ។ សូម្បីតែបន្ទាប់ពីស្លាប់ ពួកគេនៅតែបន្តធ្វើអព្ភូតហេតុ។

សត្តដ៏អស្ចារ្យទាំងពីរនេះបានទទួលមរណភាពដោយជ័យជំនៈក្នុងរជ្ជកាលអធិរាជឌីអូក្លេស្យ៉ង់ និងព្រះអង្គម្ចាស់ហ្វូស្ទីនុស (Faustinus) នៃក្រុងថេស្សាឡូនីក ក្នុងឆ្នាំ៣០៣នៃគ្រិស្តសករាជ។