សត្តបុគ្គលនៃ ថ្ងៃទី៧​ ខែមេសា

SAINT GEORGE THE CONFESSOR



សត្ត ហ្គេអរហ្គី (George) ត្រូវបានជ្រើសរើស និងតែងតាំងជាមេត្រូប៉ូលីតនៃទីក្រុង មីទីលីន (Metropolitan of Mitylene) ដោយសារគុណសម្បត្តិដ៏អស្ចារ្យរបស់គាត់
ដែលទទួលបានតាមការរស់នៅដោយបំពេញកិច្ចការងារជាអ្នកបួសយ៉ាងយូរឆ្នាំ។ សត្តដ៏វិសុទ្ធនេះបានដឹកនាំហ្វូងខាងវិញ្ញាណរបស់គាត់យ៉ាងប្រយ័ត្នប្រយែង និងយ៉ាងខ្មីឃ្មាតរហូតដល់វ័យចំណាស់។


នៅពេលដែលការបៀតបៀនដ៏ឃោរឃៅបានចាប់ផ្តើមក្រោមរជ្ជកាលរបស់អធិរាជលីអូ ជនជាតិ អាមេនី (Leo the Armenian) ដែលជាអ្នកបំផ្លាញរូបអាយខន (icons) ដ៏វិសុទ្ធ
សត្តវ័យចំណាស់ដ៏បរិសុទ្ធនេះត្រូវបានហៅអោយមកក្រុងកុងស្តង់ទីនូប៉ុល (Constantinople) ដើម្បីចូលរួមក្នុងសន្និសីទ នៃក្រុមអភិបាលព្រះសហគមន៍ (bishops) ដែលមានបំណង (តាមរាជបំណងរបស់អធិរាជ) បញ្ឈប់ការគោរពរូបអាយខន។ សត្ត ហ្គេអរហ្គីមិនត្រឹមតែបដិសេធការអនុវត្តតាមបំណងរបស់អធិរាជដ៏អាក្រក់នោះទេ ថែមទាំងបានឈរជាមួយ អភិបាលព្រះសហគមន៍ ដទៃទៀតដើម្បីការពាររូបអាយខនដ៏វិសុទ្ធ។


គាត់មិនត្រឹមតែត្រូវបានគេចំអកដោយសារការនេះប៉ុន្នោះទេ ថែមទាំងត្រូវបានអធិរាជបញ្ជាអោយនិរទេសទៅតំបន់ឃែរសុន (Cherson)។នៅទីនោះ គាត់បានអត់ទ្រាំរងទុក្ខ ផ្លូវកាយ និងការខ្វះខាតគ្រប់បែបយ៉ាងរហូតដល់ចុងជីវិត។ គាត់បានទទួលមរណភាព ហើយបានចូលទៅកាន់ជីវិតអស់កល្ប នៅប្រមាណឆ្នាំ ៨១៦ គ.ស.។ ដោយសារបារមីភាពដ៏វិសុទ្ធ និងសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះយេស៊ូ សត្តហ្គេអរហ្គី បានក្លាយជាអ្នកធ្វើអព្ភូតហេតុដ៏អស្ចារ្យ ទាំងពេលគាត់នៅរស់ និងក្រោយពីស្លាប់។