សត្តយ៉ូសែប (Joseph) អ្នកនិពន្ធចម្រៀងសរសើរតម្កើង
THE VENERABLE JOSEPH THE HYMNOGRAPHER

សត្តយ៉ូសែប កើតនៅកោះស៊ីស៊ីលី (Sicily) ក្នុងគ្រួសារដែលមានជំនឿមាំមួន និងមានសីលធម៌ ជាកូនប្រុស របស់លោកភ្លូទីនុស (Plotinus) និងនាងអាហ្គាថា (Agatha)។ បន្ទាប់ពីឪពុកម្តាយ បានទទួលមរណភាព លោកបានធ្វើដំណើរទៅកាន់ទីក្រុងទេសាឡូនីក (Thessalonica) ហើយត្រូវបាន បំបួស ជាសង្ឃ។ ក្នុងនាមជាសង្ឃ លោកគឺជាគំរូដ៏ល្អសម្រាប់អ្នកដទៃ ក្នុងការតម ការមានវិន័យតឹងរឹងក្នុងការបង្រ្កាបចំណង់និងអារម្មណ៍ផ្សេងៗ ការអធិស្ឋានមិនដែលឈប់ ការសូត្រទំនុកដំកើង ការភ្ញាក់រលឹកយប់ថ្ងៃ និងការខំប្រឹងប្រែងធ្វើការ។
អភិបាលព្រះសហគមន៍ នៃក្រុងសាឡូនីកបានតែងតាំងលោកជា ហៀរ៉ូម៉ុង (បូជាចារ្យដែលជាសង្ឈ)។ ក្នុងអំឡុងពេលលោក ហ្គ្រិហ្គ័ររី (Gregory) នៃឌេកាប៉ូលីស (Decapolis) មកដល់សាឡូនីក លោកបានកោតសរសើរ ចរិតដ៏ប្រពៃរបស់សត្តយ៉ូសែប ហើយបានអញ្ជើញលោកអោយចូលរួមនៅ សង្ឃស្ថាន របស់លោកនៅកុងស្តង់ទីនូប៉ុល(Constantinople)។
នៅពេលដែលការបង្រៀនខុសឆ្គងនៃពួកប្រឆាំងរូបអាយខន (Iconoclasm)
បានផ្ទុះឡើងជាថ្មីក្រោមរាជ្យអធិរាជ លេអូ (Leo) ជនជាតិអាមេនី សត្តយ៉ូសែបត្រូវបានចាត់អោយធ្វើដំណើរទៅទីក្រុងរ៉ូម (Rome)
ដើម្បីអំពាវនាវដល់ សម្ដេចប៉ាប និង ព្រះសហគមន៍រ៉ូម អោយចូលរួមជំហរការពារជំនឿអ័រតូដុក្ស។ ក្នុងអំឡុងពេលធ្វើដំណើរ លោកត្រូវបានពួកចោរសមុទ្រចាប់ខ្លួន ហើយនាំទៅកាន់កោះក្រេត (Crete) ដែលជាកន្លែងដែលពួកបង្រៀនខុសឆ្គងបានឃុំខ្លួនលោកនៅក្នុងគុកអស់រយៈពេល ៦ឆ្នាំ។ សត្តយ៉ូសែបរីករាយយ៉ាងខ្លាំង ដោយគិតថាខ្លួនបានទទួលសិរីរុងរឿងក្នុងការរងទុក្ខជាមួយព្រះគ្រិស្ត
ហើយបាននិយាយសរសើរព្រះជានិច្ច។ លោកចាត់ទុកខ្នោះដែកដែលគេចងខ្លួនគាត់ ថាជាគ្រឿងអលង្ការដ៏មានតម្លៃ។
នៅព្រឹកនៃថ្ងៃបុណ្យ កំណើតរបស់ព្រះគ្រិស្ត (Christ’s Nativity) ក្នុងឆ្នាំទី ៦ នៃការជាប់ឃុំឃាំងរបស់លោក អធិរាជលេអូដ៏ឃោរឃៅត្រូវបានគេសម្លាប់នៅក្នុង ព្រះសហគមន៍ ក្នុងពេលគាត់កំពង់ចូលរួមពិធី ម៉ាទីន (Matins)។ នៅពេលនោះដែរ សត្តនីកូឡាស (Nicholas) បានបង្ហាញខ្លួនអោយលោកឃើញនៅក្នុងគុក ហើយមានបន្ទូលថា៖ «ក្រោកឡើង ហើយតាមខ្ញុំមក!»។ សត្តយ៉ូសែបមានអារម្មណ៍ថាខ្លួនកំពុងហោះហើរលើអាកាស ហើយភ្លាមនោះ លោកបានឃើញខ្លួនឯងនៅមុខ ទ្វារក្រុងកុងស្តង់ទីនូប៉ុល។ ពួកអ្នកមានជំនឿដ៏ស្មោះត្រង់ទាំងអស់សែនសប្បាយចិត្តយ៉ាងខ្លាំងនឹងការមកដល់របស់លោក។
សត្តយ៉ូសែបបាននិពន្ធបទ កាណុន (Canons) និង ចម្រៀងសរសើរ ជាច្រើនសម្រាប់សត្តជាច្រើននាក់។ លោកមានព្រះគុណដោយមាន ប្រាជ្ញាឈ្លាសវៃអាចយល់ឃើញអនាគត (clairvoyance) ដែលជាហេតុធ្វើអោយ សម្ដេចប៉ាទ្រីអាក្ខ ហ្វូទីអូស (Patriarch
Photius) តែងតាំងលោកអោយធ្វើជា ឪពុកខាងព្រលឹង និងស្តាប់ការសារភាបបាប ពីក្រុមបូជាចារ្យ ហើយសម្ដេចប៉ាទ្រីអាក្ខបានសរសើរលោកថាជា «មនុស្សរបស់ព្រះ ជាទេវទូតក្នុងសាច់ឈាម និងជាឪពុកនៃពួកលោកឪពុកទាំងឡាយ»។
ក្នុងវ័យចំណាស់ជរាខ្លាំង សត្តយ៉ូសែបបានប្រគល់ព្រលឹងរបស់លោកទៅព្រះអម្ចាស់ ដែលលោកបានបម្រើដោយស្មោះត្រង់ ទាំងក្នុងការងារ និងចំរៀងសរសើរ។ លោកបានទទួលមរណភាព ដោយសន្តិភាពនៅថ្ងៃមុន ថ្ងែព្រហស្បតិ៍ដ៏វិសុទ្ធ
និងអស្ចារ្យ (Holy and Great Thursday) ក្នុងឆ្នាំ ៨៨៣ គ.ស.។
