សត្តបុគ្គលនៃ ថ្ងៃទី៦​ ខែមេសា

SAINT EUTYCHIUS, PATRIARCH OF CONSTANTINOPLE


សត្តអ៊ូទីឃីយ៉ុស បានកើតនៅតំបន់ហ្វ្រីហ្គៀ (Phrygia) ក្នុងគ្រួសារដែលមានជំនឿមាំមួន។ ឪពុករបស់លោកជាមេបញ្ជាការយោធា។ កាលពីកុមារភាព នៅពេលលោកលេងជាមួយមិត្តរួមអាយុ ពួកគេបានលេងល្បែងសរសេរឈ្មោះនិងមុខងារអនាគតលើជញ្ជាំង។ អ៊ូទីឃីយ៉ុសបានសរសេរ៖ «អ៊ូទីឃីយ៉ុស – សម្ដេចប៉ាទ្រីអាក្ខ!»។ ពេលអាយុ៣០ឆ្នាំ លោកបានក្លាយជាព្រឹទ្ធាចារ្យនៃសង្ឃស្ថានមួយក្នុងទីក្រុងអាម៉ាស៊ី (Amasea)។


ពេលអាយុ៤០ឆ្នាំ លោកត្រូវបានតែងតាំងឱ្យធ្វើជាតំណាងរបស់មេត្រូប៉ូលីតនៃអាម៉ាស៊ី
នៅក្នុងសន្និបាតសាកលលើកទី៥ (ឆ្នាំ៥៥៣នៃគ.ស.)។ នៅសន្និបាតនោះ លោកបានភ្លឺដូចផ្កាយ
ដោយសារចំណេះដឹងនិងសេចក្ដីអង់អាចរបស់លោក។ នៅពេលជំលោះអំពី​ ថាតើពួកបង្រៀនខុសឆ្គងដែលបានស្លាប់ហើយ គួរតែត្រូវដកចេញ​ពីព្រះសហគមន៍ លោកអ៊ូទីឃីយ៉ុសបានគាំទ្រយោបល់នេះ ហើយបានយកព្រះគម្ពីរ សៀវភៅ ពង្សាវតារ ក្សត្រទី៣ (ការបកប្រែខ្លះ​ គឺសៀវភៅ ១ពង្សាវតារ ១៣:១-៨) និងពង្សាវតារក្សត្រទី៤​(២ពង្សាវតារ ២៣:១៦) មកជាភស្តុតាង។


សម្ដេចអ៊ូទីឃីយ៉ុសបានទទួលការស្រឡាញ់ពីចៅអធិរាជយ៉ូស្ទីនីយ៉ាន់ (Justinian) និងសម្ដេចប៉ាទ្រីអាក្ខមេណាស់ (Menas)។ ព្រះអង្គតែងសុំយោបល់ពីលោក ហើយសម្ដេចមេណាស់ (ដែលមានទ្រព្យសម្បត្តិច្រើន) បានតែងតាំងលោកជាអ្នកស្នងតំណែង ។

សម្ដេចអ៊ូទីឃីយ៉ុសបានគ្រប់គ្រងព្រះសហគមន៍ដោយសន្តិភាពអស់១២ឆ្នាំ។ ក្រោយមក អារក្ស​បាន​បង្ក​ ព្យុះបញ្ហាមកដល់លោក​ និងដល់​ ព្រះអធិរាជ។​ អធិរាជយ៉ូស្ទីនីយ៉ាន់ ត្រូវបានបញ្ឆោតឲជឿការបង្រៀនខុសឆ្គងម៉ូណូហ្វីស៊ីត (Monophysite heresy) ដែលបង្រៀនថាព្រះយេស៊ូមានរាងកាយ ​( មុនពេលទ្រង់រស់ឡើងវិញ ) ជាព្រះផង​ និងជា​មនុស្សផង​ហើយ មិនចេះឃ្លាន ស្រេកទឹក ឬឈឺចាប់ ។ សម្ដេចអ៊ូទីឈីយ៉ុសបានជំទាស់នឹងការបង្រៀនខុសឆ្គងនេះយ៉ាងខ្លាំងក្លា ហើយត្រូវបាននិរទេសទៅសង្ឃស្ថានដើមរបស់លោកអស់១២ឆ្នាំ ៨ខែ។ នៅទីនោះ លោកបានប្រព្រឹត្តអព្ភូតហេតុជាច្រើន ដោយព្យាបាលមនុស្សមានជំងឺផ្សេងៗ តាមរយៈការអធិស្ឋាននិងការលាបប្រេងដ៏វិសុទ្ធ។


អធិរាជយ៉ូស្ទីនីយ៉ាន់បានកែប្រែចិត្តគំនិត ហើយបានទទួលមរណភាព។ ព្រះចៅអធិរាជយ៉ូស្ទីន (Justin) ដែលឡើងសោយរាជ្យបន្តបានឲសម្ដេចអ៊ូទីឃីយ៉ុសត្រឡប់មកគ្រងតំណែងសម្ដេចប៉ាទ្រីអាក្ខវិញ។ លោកបានបន្តគ្រប់គ្រងព្រះសហគមន៍ដោយសុខសន្តិភាពរហូតដល់ទទួលមរណភាពនៅឆ្នាំ៥៨២នៃ គ.ស. ក្នុងវ័យ៧០ឆ្នាំ។