សត្តបុគ្គលនៃ ថ្ងៃទី៨​ ខែមេសា

THE HOLY APOSTLES HERODION, AGABUS, RUFUS, ASYNCRITUS, PHLEGON AND HERMES


ពួកគាត់ទាំងអស់សុទ្ធតែជាសាវ័កក្នុងចំណោមសាវ័កទាំង៧០ (សាវ័ករង) ដែលសាវ័ក ប៉ុល (Paul) បាននិយាយអំពី​ពួកគាត់ នៅក្នុងសំបុត្ររបស់លោក។ សត្តហេរ៉ូឌីយ៉ូន (Herodion)​ គឺជាសាច់ញាតិរបស់លោកប៉ុល។ លោកប៉ុលបានសរសេរទៅកាន់រ៉ូមថា៖ ​«សូម​ជម្រាប​សួរ​ លោក​ហេរ៉ូ‌ឌីយ៉ូន ​ជា​សាច់‌ញាតិ​​ខ្ញុំ» (រ៉ូម ១៦:១១)។ ហេរ៉ូឌីយ៉ូន បានក្លាយជាអភិបាលព្រះសហគមន៍​នៃ ណេអូបារធី (Neoparthia) ហើយបានរងទុក្ខយ៉ាងខ្លាំងពីពួកជ្វីហ្វ។ ពួកគេបានវាយលោកនឹងឈើ គប់ដុំថ្មលើមាត់ និងចាក់លោកដោយកាំបិត។ បន្ទាប់ពីពួកគេទុកគាត់ចោលឲស្លាប់ សត្តហេរ៉ូឌីយ៉ូន បានក្រោកឡើងវិញហើយបន្តធ្វើកិច្ចបម្រើដល់ពួកសាវ័ក។ លោកបានជួយលោកសាវ័ក​ ពេត្រុស (Peter) នៅក្រុងរ៉ូមហើយត្រូវបានកាត់ក្បាល​ជាមួយគ្រិស្ទានដ៏ទៃទៀត នៅថ្ងៃដដែលដែលលោកពេត្រុស ត្រូវបាន​សំលាប់ដោយព្យួរលើឈើឆ្កាង។


សត្តអាហ្គាប៊ូស (Agabus)​ មានវិញ្ញាណព្យាករណ៍។ ការព្យាករណ៍ពីរ របស់លោកត្រូវបានកត់ត្រានៅក្នុង សៀវភៅ កិច្ចការសាវ័ក (Acts of the Apostles)៖

  • លើកទី១ លោកបានព្យាករណ៍អំពី​ទុរ្ភិក្សធំមួយដែលនឹងកើតមានពេញពិភពលោក ហើយវាក៏កើតឡើងពិតប្រាកដក្នុងរាជ្យកាលនៃអធិរាជ ក្លូឌីអូស (Claudius)៖ “ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកា‌ប៊ូស។ ដោយ​ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ
    គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន
    គឺ​នៅ​ក្នុង​រជ្ជ‌កាល​ព្រះចៅ​អធិ‌រាជ​ក្លូឌាស)។” កិច្ចការ 11:2
  • នៅពេលជួបលោកប៉ុលនៅ កេសារី (Caesarea) អាហ្គាប៊ូសបានយកខ្សែក្រវាត់របស់លោកប៉ុលមកចងដៃនិងជើងខ្លួនឯង ហើយមានប្រសាសន៍ថា៖​ “ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង។” កិច្ចការ 21:11


សត្តរូហ្វាស់ (Rufus) គឺជាអភិបាលព្រះសហគមន៍ នៃ ទីបេ (Thebes) ក្នុងប្រទេសក្រិក។ លោកប៉ុលក៏បានលើកឡើងអំពីលោកផងដែរ៖ «សូមជំរាបសួររូហ្វាស់ ដែលព្រះអម្ចាស់បានជ្រើសរើស» (រ៉ូម ១៦:១៣)។


សត្តអាស៊ីនគ្រីទុស (Asyncritus) គឺជាអភិបាលព្រះសហគមន៍នៃ ហ៊ីរកានី (Hyrcania) ក្នុងតំបន់អាស៊ី ហើយត្រូវបានលើកឡើងក្នុង រ៉ូម ១៦:១៤។


ហ្វ្លេហ្គោនគឺជាសម្ដេចប៉ាបនៃទីក្រុង ម៉ារ៉ាថុន (Marathon) ក្នុងតំបន់ថ្រេស (Thrace)។​ លោកត្រូវបានលើកឡើងជាមួយនឹងអ្នកដទៃទៀត៖ «សូមជំរាបសួរអាស៊ីនគ្រីទុស ហ្វ្លេហ្គោន ហេរមាស់ ប៉ាត្រូបាស ហេរមេស និងបងប្អូនដែលនៅជាមួយពួកគេ» (រ៉ូម ១៦:១៤)។


ហេរមាស់ (Hermas) គឺជាអភិបាលនៃតំបន់ ដាល់ម៉ាស៊ី (Dalmatia)។


ពួកអង្គទាំងអស់ប្រៀបដូចជាឃ្មុំរបស់ព្រះគ្រិស្ត បានពង្រីកទឹកឃ្មុំនៃ ដំណឹងល្អ (Gospel) ទូទាំងតំបន់ផ្សេងៗ ដោយរងទុក្ខយ៉ាងខ្លាំងដើម្បីសេចក្ដីស្រឡាញ់ចំពោះព្រះគ្រិស្ត។ ពួកគេបានចូលទៅកាន់ ព្រះរាជ្យអស់កល្បរបស់ព្រះគ្រិស្តជាទីស្រឡាញ់ដោយសេចក្ដីសុខ។