មរណសាក្សីដ៏វិសុទ្ធ សត្ត តេរ៉ង់ស៊ី [ឬ តេរ៉េន់ទីអ៊ូស], អាហ្វ្រីកានុស, ម៉ាក់ស៊ីមុស, ប៉ុមពីយ៉ុស និងអ្នកដទៃទៀតចំនួន ៣៦ នាក់ជាមួយពួកគាត់
THE HOLY MARTYRS TERENCE (TERENTIUS), AFRICANUS, MAXIMUS, POMPEIUS (POMPILIUS) AND THIRTY-SIX OTHERS WITH THEM

ពួកគាត់ទាំងអស់បានទទួលការឈឺចាប់ដើម្បីព្រះគ្រីស្ទ ហើយបានទទួលមកុដនៃសិរីរុងរឿង ក្នុងរាជ្យរបស់អធិរាជដេគីអ៊ូស (Decius)។ តាមបញ្ជារបស់ព្រះអធិរាជ មេបញ្ជាការ តំបន់អាហ្វ្រិក បានប្រកាសដល់ប្រជាជនថាមនុស្សគ្រប់គ្នាត្រូវតែបូជាយញ្ញដល់ព្រះក្លែងក្លាយ។ អ្នកណាដែលប្រឆាំង មេបញ្ជាការបានគំរាមថានឹងធ្វើ ទារុណកម្មយ៉ាងឃោរ ឃៅ។ កាលបើឮការគំរាមនេះ មនុស្សជាច្រើនបានចាកចោលជំនឿ ហើយក្រាបថ្វាយព្រះក្លែងក្លាយ។ ទោះយ៉ាងណា អ្នកទាំង៤០នាក់ នេះនៅតែមានជំនឿមាំមួន ហើយត្រូវបានគេធ្វើទារុណកម្ម។
សត្ត តេរ៉ង់ស៊ី បានលើកទឹកចិត្តបងប្អូនរួមទុក្ខរបស់គាត់ដោយមានប្រសាសន៍ថា៖
“បងប្អូនអើយ ចូរយើងប្រុងប្រយ័ត្នកុំឲ្យបដិសេធព្រះគ្រីស្ទ ជាព្រះជាម្ចាស់របស់យើង
បើមិនដូច្នោះ ទ្រង់នឹងបដិសេធយើងនៅចំពោះព្រះបិតាស្ថានសួគ៌ និងពួកទេវទូតដ៏វិសុទ្ធ។”
មេបញ្ជាការបានបែងចែកពួកគេជាពីរក្រុម។ ក្រុមដំបូងមាន៣៦នាក់ ត្រូវបានវាយដំ ហើយគេកោសស្បែករបស់ពួកគេ ចាក់អំបិលទៅលើរបួស បន្ទាប់មកគេកាត់ក្បាលពួកគេទាំងអស់។ ចំណែកក្រុមទីពីរមាន៤នាក់ ត្រូវបានគេចាប់ដាក់គុក ដោយពាក់ច្រវាក់ដែកធ្ងន់នៅកដៃ កជើង និងក។ ពេលនោះ ទេវទូតរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួននៅក្នុងគុក ហើយប៉ះច្រវាក់របស់ពួកគេ ច្រវាក់នោះក៏ធ្លាក់ចេញ។ បន្ទាប់ មក ទេវទូតបានរៀបចំតុអាហារដ៏សម្បូណ៌បែប ផ្ដល់ដល់ពួកគេ។
ពួកគេត្រូវបានយកមកដាក់ទារុណកម្ម ម្តងទៀត ហើយបន្ទាប់មកត្រូវបានយកដាក់គុកឡើងវិញ។មេបញ្ជាការបានបញ្ជាឱ្យ គ្រូទាយសាសនា ក្លែងក្លាយប្រមូលសត្វមានពិស និងគួរឲ្យស្អប់ខ្ពើម ដូចជាពស់ និងខ្យាដំរី ឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយចាក់ពួកវាចូលក្នុងគុកជាមួយពួកមរណសាក្សី។ សត្វគួរឲ្យស្អប់ខ្ពើមទាំងនោះ មិនបានខាំពួកអ្នកដែលព្រះជាម្ចាស់ស្រឡាញ់នោះទេ គឺពួកវានៅជំុគ្នា នៅជ្រុងជញ្ជាំងមួយអស់រយៈពេលបីថ្ងៃ។ នៅថ្ងៃទីបី ពេលដែលទ្វារគុកបើក សត្វគួរឲ្យខ្ពើមទាំងនោះ បានរត់ចេញមក ហើយខាំអ្នកទាយទាំងនោះវិញ។
ចុងក្រោយ មេបញ្ជាការបានផ្តន្ទាទោសប្រហារជីវិត ដល់មរណសាក្សីទាំង៤នាក់។ ពេលគេនាំពួកគាត់មកកាត់ក្បាល ពួកគាត់បានច្រៀងទំនុកដំកើងដោយអំណរ ហើយសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រទានកិច្ចស្លាប់ដ៏បរិសុទ្ធដល់ពួកគេ។ ពួកគេបានទទួលមរណភាពដ៏ថ្លៃថ្នូរក្នុងឆ្នាំ២៥០ នៃគ.ស. ហើយបានទទួលព្រះរាជ្យស្ថានសួគ៌។
