សត្តបុគ្គលនៃ ថ្ងៃទី១១​ ខែមេសា

HE HIEROMARTYR [PRIESTLY-MARTYR] ANTIPAS, BISHOP OF PERGAMUM IN ASIA MINOR


សត្ត អាន់ទីប៉ាស ត្រូវបានរៀបរាប់នៅក្នុងគម្ពីរវិវរណៈថា៖ “អាន់ទីប៉ាស សាក្សីដ៏ស្មោះត្រង់របស់ខ្ញុំ ដែលត្រូវបានសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា នៅទីដែលសាតាំងរស់នៅ ” (វិវរណៈ ២:១៣) គឺទីក្រុងពែរហ្គាមុម(Pergamum)។ ប្រជាជនទីក្រុងនេះ រស់នៅក្នុងភាពងងឹតនៃសាសនាព្រះក្លែងក្លាយ និងក្នុងភាពមិនបរិសុទ្ធយ៉ាងខ្លាំង។ ពួកគេជាទាសករនៃតណ្ហា ជាអ្នកបោកប្រាស់ និងជាមនុស្សសាហាវឃោរឃៅ។ និយាយខ្លីទៅ ពួកគេគឺជាអ្នកបំរើសាតាំង។ នៅទីនេះ សត្ត អាន់ទីប៉ាស បានរស់នៅ “ដូចជាពន្លឺនៅក្នុងភាពងងឹត ដូចជាផ្កាកុលាបនៅចំណោមបន្លា និងដូចជាមាសនៅក្នុងភក់”។ នៅក្នុងទីក្រុងនេះ អ្នកណាដែលចាប់ ហើយសម្លាប់គ្រីស្ទាន ត្រូវបានគេចាត់ទុកថាជាមនុស្សល្អនិងសុច្ចរិត។


ជំនឿព្រះក្លែងក្លាយរបស់ពួកគេមានដូចជា ការទាយអនាគត ការបកស្រាយសុបិន ការបំរើអារក្ស និងអំពើថោកទាបខុសពីធម្មជាតី យ៉ាងធ្ងន់ធ្ងរ។ ពួកអារក្សខ្លាចសត្ត អាន់ទីប៉ាស ដូចខ្លាចភ្លើង។ ពួកវាបានបង្ហាញខ្លួនដល់គ្រូទាយក្នុងសុបិន ហើយសារភាពថា ពួកវាខ្លាចសត្ត អាន់ទីប៉ាស យ៉ាងខ្លាំង ហើយត្រូវរត់ចេញពីទីក្រុងនេះ។ ពួកបូជាចារ្យព្រះក្លែងក្លាយបានប្រមូលមនុស្សជាច្រើនដើម្បីប្រឆាំងនឹងសត្ត អាន់ទីប៉ាស ហើយសួរចម្លើយគាត់ ដោយព្យាយាមបង្ខំឱ្យគាត់បដិសេធព្រះគ្រីស្ទ និងថ្វាយបង្គំព្រះក្លែងក្លាយ។
សត្ត អាន់ទីប៉ាស បានមានប្រសាសន៍ទៅកាន់ពួកគេថា៖

“នៅពេលដែលព្រះរបស់អ្នក ដែលអ្នកហៅថាជាម្ចាស់នៃសកលលោក ខ្លាចខ្ញុំ ដែលគ្រាន់តែជាមនុស្សសាមញ្ញ ហើយត្រូវរត់ចេញពីទីក្រុងនេះ តើអ្នកមិនដឹងទេថា ជំនឿរបស់អ្នកគ្រាន់តែជាការបោកបញ្ឆោត?”

សត្តបានបន្តពន្យល់ពួកគេអំពីជំនឿគ្រីស្ទាន ជាជំនឿតែមួយគត់ដែលពិត និងនាំឱ្យរួចផុតពីអំពើបាប។ ពួកគេខឹងក្រោធដូចសត្វពាហនៈ ហើយអូសសត្ត អាន់ទីប៉ាស ដែលមានវ័យចំណាស់ ទៅកាន់វិហារអារតេមីស (Artemis) ដែលមានរូបគោសំរឹទ្ធឈរនៅខាងមុខ។ ពួកគេបានដុតគោសំរឹទ្ធអោយក្តៅ ហើយបោះអ្នកបំរើរបស់ព្រះជាម្ចាស់ម្នាក់នេះចូលទៅក្នុងនោះ។ ពីខាងក្នុងគោភ្លើងនេះ សត្តអាន់ទីប៉ាស បានសរសើរតម្កើងព្រះជាម្ចាស់ដោយសេចក្តីអំណរ ដូចយ៉ូណាស (Jonah) នៅក្នុងពោះត្រីធំ ឬដូចយុវជនទាំងបីនៅក្នុងឡភ្លើង។ សត្ត អាន់ទីប៉ាស បានអធិស្ឋានឲ ហ្វូង(ព្រះសហគមន៍)របស់គាត់ និងដើម្បីលោកិយទាំងមូល រហូតដល់ព្រលឹងរបស់គាត់ចេញពីរាងកាយដ៏ខ្សោយ ហើយឡើងទៅកាន់ព្រះរាជ្យរបស់ព្រះគ្រីស្ទក្នុងចំណោមពួកទេវទូត។ គាត់បានស្លាប់ពេញដោយទុកលំបាក ហើយបានទទួលមកុដនៃសិរីរុងរឿង ដ៏មិនរសាត់ក្នុងឆ្នាំ៩២ នៃគ.ស.។