សត្តបុគ្គលនៃ ថ្ងៃទី១៣ ខែមេសា

THE HIEROMARTYR [PRIEST-MARTYR] ARTEMON


អាតេម៉ុន (Artemon) គឺជាបូជាចារ្យនៅក្រុងឡាអូឌីសេ (Laodicea) ក្នុងរាជ្យចៅអធិរាជ​ ឌីអូក្លេស្យង់
(Diocletian)។ នៅពេលឈរនៅតុលាការទណ្ទកម្ម គាត់បានមានប្រសាសន៍អំពីខ្លួនឯងថា៖

«ខ្ញុំមានឈ្មោះថា អាតេម៉ុន ជាអ្នកបំរើព្រះយេស៊ូ ដ៏វិសុទ្ធរបស់ខ្ញុំ។ អស់រយៈពេល ១៦ ឆ្នាំ ខ្ញុំបានធ្វើជាអ្នកអាន (lector) និងអានសៀវភៅនៅក្នុងព្រះវិហាររបស់ព្រះ។ អស់រយៈពេល ២៨ ឆ្នាំ ខ្ញុំបានធ្វើជាឌីកង (deacon) ហើយអានព្រះគម្ពីរដ៏វិសុទ្ធ។ ដោយព្រះគុណព្រះយេស៊ូ ខ្ញុំបានបំពេញតួនាទីជាព្រឹទ្ធាចារ្យ (presbyter) អស់រយៈពេល ៣៣ ឆ្នាំ ដោយបង្រៀនមនុស្ស និងនាំពួកគាត់អោយដើរតាមផ្លូវនៃការសង្គ្រោះ។»

ចៅក្រមបាននាំគាត់ទៅកាន់ព្រះវិហារ អេស្គុឡាព្យុស (Aesculapius) ដែលអ្នកទាយហោរាបានចិញ្ចឹមពស់ធំៗដើម្បីបូជាដល់ «ព្រះ»។ ពួកគេទាំងអស់គិតថាពស់នឹងខាំអាតេម៉ុន ប៉ុន្តែអាតេម៉ុនបានធ្វើសញ្ញាឈើឆ្កាង
ហើយដោយអំណាចឈើឆ្កាង ពស់ទាំងអស់ត្រូវជាប់នឹងដី មិនអាចរើខ្លួនបាន។ បន្ទាប់មក គាត់បាននាំពស់ទាំងនោះចេញទៅក្រៅ ហើយផ្លុំដង្ហើមមកលើពួកវា ពស់ទាំងអស់ក៏ងាប់ភ្លាម។


អ្នកទាយហោរាទាំងអស់ភ័យរន្ធត់យ៉ាងខ្លាំង។ វីតាលីស (Vitalis) មេអ្នកទាយហោរានៃវិហារនេះ បានឃើញអព្ភូតហេតុនេះ
ក៏រត់មកដួលចុះលុតជង្គុងនៅចំពោះអាតេម៉ុន ហើយស្រែកថា៖ «ព្រះរបស់គ្រិស្ទានអស្ចារ្យណាស់!»​។​ ហើយមរណសាក្សីនេះ បានធ្វើពិធីជ្រមុជទឹកដល់គាត់ ព្រមទាំងមិត្តភក្តិរបស់គាត់មួយចំនួន។


ចៅក្រមដែលពោរពេញដោយចិត្តអាក្រក់ នៅតែបន្តធ្វើទុក្ខបុកម្នេញអាតេម៉ុនដែលមានវ័យចំណាស់នេះ ជាច្រើនវិធី។ នៅពេលមួយ
គាត់បានព្យាយាមចាប់បោះ អាតេម៉ុនចូលទៅក្នុងធុងជ័រកៅស៊ូដែលកំពុងពុះ ប៉ុន្តែចៅក្រមខ្លួនឯងត្រូវបានទម្លាក់ពីលើសេះ ហើយធ្លាក់ទៅក្នុងធុងជ័រនោះ ហើយស្លាប់។


គេបានឃើញឥន្ទ្រីពីរហើរចុះមកចាប់ចៅក្រម​ លើកគាត់ចេញពីសេះ ហើយចោលគាត់ទៅក្នុងជ័រនោះ។ សត្តអាតេម៉ុនបានរួចខ្លួនអស់មួយ រយៈពេល ហើយធ្វើដំណើរទៅគ្រប់ទីកន្លែង តែងតែមានក្តាន់ពីរដែលគាត់ស្រឡាញ់ទៅជាមួយគាត់ ហើយបង្រៀនប្រជាជននាៗ។ ទីបំផុត
គាត់ត្រូវបានចាប់ខ្លួនម្តងទៀត ហើយកាត់ក្បាលនៅឆ្នាំ ៣០៣ គ.ស.។ ព្រលឹងរបស់គាត់បានឡើងទៅស្ថានសួគ៌ ក្នុងព្រះរាជ្យរបស់ព្រះយេស៊ូ ដែលគាត់បានបំរើដោយស្មោះត្រង់។