សត្តបុគ្គលនៃ ថ្ងៃទី៩​ ខែមេសា

THE HOLY MARTYR EUPSYCHIUS


សត្ត អ៊ូភ្សីគីយុស (Eupsychius) កើតមកក្នុងគ្រួសារដ៏ថ្លៃថ្នូរ ហើយបានទទួលការអប់រំយ៉ាងល្អក្នុងជំនឿ។ ក្នុងរាជ្យរបស់ ជូលីយ៉ាន់ អ្នកក្បត់ជំនឿ (Julian the
Apostate) និងនៅពេលដែលសត្ត មហាបុរស​ លោកបាស៊ីល (Basil) គ្រប់គ្រងព្រះសហគមន៍នៃព្រះជាម្ចាស់ក្នុងទីក្រុងកេសារ៉េ (Caesarea) សត្តអ៊ូភ្សីគីយុស បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីសំខាន់ម្នាក់។ ប៉ុន្តែ គាត់មិនបានរស់នៅ ក្នុងជីវិតអាពាហ៍ ពិពាហ៍នេះ សូម្បីតែមួយថ្ងៃឡើយ។


នៅពេលគាត់កំពុងប្រារពពិធីរៀបអាពាហ៍ពិពាហ៍របស់គាត់ ក៏មានពិធីបុណ្យរបស់ពួកអារក្សដែលពួកគេបូជាយញ្ញទៅដល់ព្រះក្លែងក្លាយឈ្មោះថា ហ្វរធុន (Fortune)។ សត្ត អ៊ូភ្សីគិយុស ជាមួយនឹងដៃគូរបស់គាត់ បានចូលទៅក្នុងវិហារនោះ បំផ្លាញរូបព្រះក្លែងក្លាយទាំងអស់ ហើយបំផ្លាញវិហារនោះ ធ្វើឲបាក់បែកផងដែរ។


ពេលឮដំណឹងនេះ អធិរាជ ចូលីយ៉ាន់ ក្តៅក្រហាយយ៉ាងខ្លាំង ហើយបានបញ្ជាឱ្យកាត់ក្បាលអ្នកទាំងនោះ ឱ្យបញ្ជូនគ្រីស្ទានជាច្រើនទៅក្នុងជួរកងទ័ព ឱ្យដាក់ពន្ធដារធ្ងន់ធ្ងរដល់គ្រីស្ទានទាំងអស់ ឱ្យគ្រីស្ទានសាងសង់វិហារ ហ្វរធុនឡើងវិញ ហើយឲដកឈ្មោះដ៏គួរឱ្យគោរព​ គឺ ឈ្មោះ”កេសារ៉េ”  ពីទីក្រុងនេះ (ដែលបានប្រគល់ដោយអធិរាជ ក្លូឌៀស (Claudius)) ហើយត្រូវហៅវាតាមឈ្មោះដើមវិញ​ គឺឈ្មោះ ម៉ាហ្សា (Maza)។


សត្ត អ៊ូបភ្សីគីយុស ត្រូវបានគេចងជាប់នឹងដើមឈើ ហើយត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅ បន្ទាប់មកត្រូវបានគេកាត់ក្បាល ក្នុងឆ្នាំ ៣៦២ នៃគ.ស។ មិនយូរប៉ុន្មានក្រោយមក អធិរាជចូលីយ៉ាន់ ដ៏អាក្រក់ បានឈប់នៅទីក្រុងនេះ មុននឹងបន្តរដំណើរទៅប្រទេស ពែរ្ស (Persia) ដែលគាត់កំពុងប្រយុទ្ធប្រឆាំងជាមួយ។ សត្ត បាស៊ីល មហាបុរស បានចេញមកជួបគាត់ ដោយកាន់នំបុ័ងបីដុំ ដែលជាសញ្ញានៃការគោរពនិងបដិសណ្ឋារះ ។ អធិរាជបានបញ្ជាឱ្យគេយកស្មៅមួយក្តាប់​ ជូនជាអំណោយដល់សត្ត។ សត្ត បាស៊ីល បានមានប្រសាសន៍ទៅកាន់អធិរាជថា៖

“ឱអធិរាជអើយ​ អ្នកសើចចំអកយើង។ យើងយកនំបុ័ងដែលយើងហូបជាអាហារមកជូនអ្នក ហើយអ្នកវិញ ប្រគល់ស្មៅជាអាហារចិញ្ចឹមសត្វ មកយើង ដែលដោយអំណាចរបស់អ្នក មិនអាចផ្លាស់ប្តូរវាទៅជាអាហារមនុស្សបានឡើយ។”

អធិរាជឆ្លើយតបថា៖

“ចូរដឹងថា ខ្ញុំនឹងឱ្យអ្នកហូបស្មៅនេះ ពេលខ្ញុំត្រឡប់មកពីពែរ្សវិញ។”


បុន្តែ អ្នកក្បត់ជំនឿដ៏អាក្រក់នេះ មិនបានត្រឡប់មកពី ពែរ្សវិញឡើយ ព្រោះគាត់បានស្លាប់ដោយមរណភាពដ៏សមស្រប និងដែលមិនតាមធម្មជាតិ។