សត្តម៉ាទីន (Martin) សាក្សីនៃជំនឿ និងជា ប៉ាបនៃក្រុងរ៉ូម
SAINT MARTIN THE CONFESSOR, POPE OF ROME

សត្តម៉ាទីនបានឡើងជាសម្ដេចប៉ាបនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ៦៤៩ នៃគ.ស. ក្នុងអំឡុងពេលមានការវែកញែកគ្នាយ៉ាងខ្លាំងរវាងអរតូដុក (Orthodox) និងពួកបង្រៀនខុសឆ្គងម៉ូណូធីលីត (Monothelete) ដែលជឿថាព្រះគ្រិស្តមានឆន្ទៈតែមួយគត់។
ព្រះចៅអធិរាជកុងស្តាន់ទី២ (Constans II) ចៅប្រុសរបស់ហេរ៉ាក្លុស (Heraclius) កំពុងសោយរាជ្យនៅពេលនោះ ហើយលោក ប៉ូល (Paul) គឺជា សម្ដេចប៉ាទ្រីអាក្ខ នៃក្រុងកុងស្តាន់ទីណូប៉ូល។ ដើម្បីបង្កើតសន្តិភាពក្នុងព្រះសហគមន៍ ព្រះចៅអធិរាជ បានចងក្រងសៀវភៅខ្លីមួយឈ្មោះ “ធីប៉ូស” (Typos) ដែលគាំទ្រពួកបង្រៀនខុសឆ្គង។
ប៉ាបម៉ាទីន បានកោះហៅប្រជុំក្រុមប្រឹក្សាប៊ីស្សប (Council) ចំនួន១០៥នាក់ (នៅព្រះវិហារព្រះអង្គសង្គ្រោះ នៅរាជវាំងឡាតេរ៉ាន់ (Lateran Palace) ក្នុងខែតុលា) ដែលបានថ្កោលទោសលើសៀវភៅរបស់អធិរាជនេះ។ នៅពេលជាមួយគ្នានោះ សម្ដេចប៉ាប បានសរសេរសំបុត្រមួយជូនសម្ដេចប៉ាទ្រីអាក្ខប៉ូល ដោយអង្វរឱ្យគាត់គោរពសេចក្តីជំនឿអរតូដក់ដ៏បរិសុទ្ធ និងណែនាំព្រះចៅអធិរាជ ឱ្យលះបង់ការបង្រៀនខុសឆ្គងនេះ។
សំបុត្រនេះបានធ្វើឱ្យព្រះចៅអធិរាជ និងសម្ដេចប៉ាទ្រីអាក្ខខឹងយ៉ាងខ្លាំង។ ព្រះចៅអធិរាជបានបញ្ជូន មេបញ្ជាការរបស់ព្រះអង្គ ឈ្មោះ អូលីមពីយ៉ុស (Olympius) ឲទៅទីក្រុងរ៉ូមដើម្បីចាប់ខ្លួន សម្តេចប៉ាប មកក្រុងកុងស្តាន់ទីណូប៉ូល។ ប៉ុន្តែមេបញ្ជាការមិនហ៊ានចាប់ខ្លួនប៉ាបទេ
ផ្ទុយទៅវិញ គាត់បានលួចជូនលុយទៅឱ្យទាហានម្នាក់ដើម្បី សម្លាប់ប៉ាបនៅក្នុងព្រះវិហារ។
ពេលទាហាននោះចូលទៅក្នុងព្រះវិហារ ជាមួយនឹងដាវ ដែលគាត់លាក់ជាប់ខ្លួន គាត់បានខ្វាក់ភ្នែក ភ្លាមៗ។ ដូច្នេះ ដោយសារព្រះចេតនារបស់ព្រះ ប៉ាបម៉ាទីនបានគេចផុតពីសេចក្តីស្លាប់។
នៅពេលនោះដែរ ពួកសារ៉ាស៉ិន (Saracens) បានវាយប្រហារក្រុងស៊ីស៊ីលី (Sicily)
ហើយ អូលីមពីយ៉ុសត្រូវបានបញ្ជូនទៅទីនោះ ដែលគាត់បានស្លាប់នៅទីនោះ។ បន្ទាប់មក
តាមឧបាយកលរបស់សម្ដេចប៉ាទ្រីអាក្ខប៉ូល ព្រះចៅអធិរាជបានបញ្ជូនមេបញ្ជាការម្នាក់ទៀតឈ្មោះធីអូដរ(Theodore) ឱ្យចាប់ខ្លួនសម្តេចប៉ាប និងនាំមកក្រុងកុងស្តាន់ទីណូប៉ូល ដោយចោទប្រកាន់ថា ប៉ាបម៉ាទីន បានសហការជាមួយពួកសារ៉ាស៉ិន ហើយមិនគោរពព្រះមាតាដ៏វិសុទ្ធ (All-pure Mother of God)។
នៅពេលមេបញ្ជាការមកដល់រ៉ូម ហើយអានបណ្តឹងចោទប្រកាន់ប៉ាបម៉ាទីន ប៉ាបបានឆ្លើយថា៖
“នេះគឺជាការមួលបង្កាច់ ហើយខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយពួកសារ៉ាស៉ិន ដែលជាសត្រូវនឹងសាសនាគ្រិស្ត ឡើយ។ ចំពោះព្រះមាតាដ៏វិសុទ្ធ បើអ្នកណាមិនឲតម្លៃ មិនសារភាព
និងមិនគោរពនាង អ្នកនោះនឹងជាប់ពៀរក្នុងលោកនេះ និងលោកខាងមុខ!”
ទោះយ៉ាងណា ការសម្រេចចិត្តរបស់មេបញ្ជាការនៅតែមិនផ្លាស់ប្តូរ។ ប៉ាបម៉ាទីន ត្រូវបានគេចង
និងនាំមកក្រុងកុងស្តាន់ទីណូប៉ូល ដែលគាត់ត្រូវជាប់ឃុំឃាំងអស់រយៈពេលយូរ កើតជំងឺធ្ងន់ និងរងទុក្ខ ពីការព្រួយចិត្ត និងអត់ឃ្លាន រហូតដល់ត្រូវបាននិរទេសទៅ ឃែរសូន(Cherson)។ ប៉ាបម៉ាទីន បានរស់នៅក្នុងការនិរទេសអស់រយៈពេល២ឆ្នាំ ហើយបានទទួលមរណភាពនៅឆ្នាំ៦៥៥ នៃគ.ស. ដោយប្រគល់ព្រលឹងរបស់គាត់ទៅព្រះអម្ចាស់ ដែលគាត់បានរងទុក្ខយ៉ាងខ្លាំងដើម្បីទ្រង់។
២ឆ្នាំមុនមរណភាពរបស់ប៉ាបម៉ាទីន សម្ដេចប៉ាទ្រីអាក្ខប៉ូល ដែលបានកែប្រែចិត្ត ក៏បានស្លាប់ទៅ។
ពេលព្រះចៅអធិរាជមកជួប ប៉ាទ្រីអាក្ខប៉ូល មុនពេលគាត់ស្លាប់ គាត់បានងាកមុខទៅជញ្ជាំង យំសោកស្តាយ សារភាពថាខ្លួនបានប្រព្រិត្ត អំពើបាបទៅកាន់ ប៉ាបម៉ាទីន យ៉ាងធ្ងន់ធ្ងរ ហើយអង្វរឱ្យព្រះចៅអធិរាជដោះលែងប៉ាប។
