សត្តបុគ្គលនៃ ថ្ងៃទី១៦ ខែមេសា

THE HOLY FEMALE MARTYRS AGAPE, CHIONIA AND IRENE


សត្តីទាំងបីអង្គនេះគឺជាបងប្អូនស្រីដែលរស់នៅក្បែរទីក្រុងអាឃីលេអ៊ី (Aquileia)។ អំឡុងពេលអធិរាជឌីអូក្លេស្យ៉ង់ (Diocletian) យាងមកប្រថាប់នៅអាឃីលេអ៊ី ព្រះអង្គបានបញ្ជាឱ្យធ្វើឃាតលោកឪពុកខាងវិញ្ញាណដ៏គួរអោយគោរព​ គឺលោក គ្រីសូហ្គោនុស (Chrysogonus)។ នៅពេលនោះ​ មានព្រឹទ្ធាចារ្យម្នាក់ឈ្មោះហ្សូអ៊ីលុស (Zoilus) បានឃើញទិព្វហេតុ ដែលបង្ហាញពីទីតាំងសពរបស់ លោកគ្រីសូហ្គោនុស ដែលមិនទាន់បានបញ្ចុះ។ លោកព្រឹទ្ធាចារ្យបានរួសរាន់ទៅរកឃើញសពរបស់មរណសាក្សីនេះ ហើយដាក់ក្នុងម្ឈូស ហើយរក្សាទុកនៅផ្ទះរបស់លោក។ ៣០ថ្ងៃក្រោយ សត្តគ្រីសូហ្គោនុសបានបង្ហាញខ្លួនដល់លោក ដោយប្រាប់ថា ក្នុងរយៈពេល៩ថ្ងៃ ស្ត្រីព្រហ្មចារីទាំងបីនេះនឹងទទួលមរណសាក្សីកម្ម ហើយលោកហ្សូអ៊ីលុសក៏នឹងសោយទិវង្គតនៅពេលនោះដែរ។


ដំណឹងដូចគ្នានេះក៏ត្រូវបានទទួលដោយសត្តីអាណាស្តាស៊ីយ៉ា (Anastasia) តាមវិវរណៈទិព្ធ​​។ នាងត្រូវបានគេស្គាល់ថាជា អ្នករំដោះអ្នកជាប់ឃុំឃាំង (នាងជាស្ត្រីមានការយល់ដឹងខាងសីលធម៍និងខាងវិញ្ញាណ​ – ត្រូវបានគោរពរំលឹក ថ្ងៃទី ២២ ខែ​ធ្នូ) ហើយក៏ជាជាសិស្សរបស់គ្រីសូហ្គោនុស។


ពិតមែនតាមដែលបានព្យាករណ៍ បន្ទាប់ពី៩ថ្ងៃ លោកព្រឹទ្ធាចារ្យហ្សូអ៊ីលុសបានសោយទិវង្គត ហើយស្ត្រីព្រហ្មចារីទាំងបីត្រូវបានគេនាំមកជំនុំជម្រះចំពោះមុខអធិរាជ។ អធិរាជបានបង្ខំឱ្យស្ត្រីទាំងបីនេះថ្វាយបង្គំរូបសំណាកព្រះក្លែងក្លាយ ប៉ុន្តែពួកនាងទាំងអស់បានបដិសេធហើយប្រកាសជំនឿដ៏មុះមុតរបស់ពួកនាងលើព្រះគ្រីស្ត។ អ៊ីរ៉េនេបានប្រាប់អធិរាជថា វាជាការល្ងង់ខ្លៅក្នុងការថ្វាយបង្គំវត្ថុធ្វើពីថ្មនិងឈើ ដែលត្រូវបានទិញដោយតម្លៃកំណត់​ ហើយដែលត្រូវបានផលិតដោយដៃមនុស្សសាមញ្ញ។ អធិរាជដែលក្រោធ បានបញ្ជាឱ្យគេដាក់ពួកនាងឃុំឃាំង។


នៅពេលអធិរាជយាងទៅម៉ាសេដូនី (Macedonia) ពួកទាសករ និងអ្នកជាប់ឃុំឃាំងទាំងអស់ត្រូវបាននាំយកទៅជាមួយទ្រង់ រួមទាំងសត្តីទាំងបីនេះផង។អធិរាជបានប្រគល់ពួកនាងទៅឱ្យមេបញ្ជាការម្នាក់ឈ្មោះឌុលស៊ីទ្យុស (Dulcitius) ដើម្បីធ្វើទារុណកម្ម។ មេបញ្ជាការ ដែលកំពុងឆេវឆាវដោយអារម្មណ៍អាក្រក់​ បានព្យាយាមរំលោភពួកនាង។ ទោះយ៉ាងណា នៅពេលគាត់ព្យាយាមចូលក្នុងគុកឃុំឃាំងដែលពួកនាងកំពុងអធិស្ឋានដល់ព្រះ គាត់បានទៅជាវង្វេងស្មារតី។ គាត់បានដួលចូលក្នុងចង្ក្រាន និងឆ្នាំងខ្មៅនៅច្រកចូល ហើយចាប់អោបនិងថើបវត្ថុទាំងនោះ រួចចេញពីកន្លែងនោះដោយប្រលាក់ពណ័ខ្មៅពេញខ្លួន។


អធិរាជ បន្ទាប់ពីឮពីហេតុការណ៍នេះ បានបញ្ជាឱ្យមេបញ្ជាការម្នាក់ទៀតឈ្មោះស៊ីស៊ីនុស (Sisinius) ឲទទួលខុសត្រូវក្នុងការជំនុំជម្រះសត្តីទាំងនេះ។ បន្ទាប់ពីការទារុណកម្មដ៏យូរ
ចៅក្រមបានផ្ដន្ទាទោសសត្តីពីរអង្គឱ្យសោយទិវង្គតដោយការដុតទាំងរស់ ចំណែកនាងអ៊ីរ៉េនេត្រូវបានឃុំខ្លួនបន្ត ដោយលោកសង្ឃឹមថានឹងអាចបំពានលើនាង។ ប៉ុន្តែនៅពេលចៅក្រមបញ្ជាឱ្យនាំអ៊ីរ៉េនេទៅកន្លែងស្ត្រីពេស្យាជាមួយនឹងពួកទាហាន ទេវទូតរបស់ព្រះបានជួយសង្គ្រោះសត្តីដ៏បរិសុទ្ធនេះដោយរារាំងពួកទាហាន ហើយនាំនាងទៅដល់ភ្នំមួយ។ ថ្ងៃបន្ទាប់ មេបញ្ជាការនិងទាហានបានទៅដល់ភ្នំនោះ ប៉ុន្តែពួកគេមិនអាចឡើងដល់កំពូលបានឡើយ។ គាត់បានបញ្ជាឱ្យគេធ្វើឃាតសត្តីអ៊ីរ៉េនេដោយគ្រាប់ព្រួញ។


សត្តីអាណាស្តាស៊ីយ៉ាបានប្រមូលសពរបស់សត្តីទាំងបីនេះមកកន្លែងតែមួយ ហើយបញ្ចុះដោយកិត្តិយស។ ពួកនាងទាំងអស់បានទទួលមរណសាក្សីកម្មដើម្បីព្រះគ្រីស្តជាស្តេចនិងជាព្រះអម្ចាស់
នៅឆ្នាំប្រហែល៣០៤នៃគ.ស។