សត្តបុគ្គលនៃ ថ្ងៃទី20 ខែមេសា

 THE VENERABLE THEODORE TRICHINAS


សត្តថេអូដ័រ ​(Theodore) គឺជាប្រជាពលរដ្ឋនៃក្រុងកុងស្តង់ទីនូប៉ូល (Constantinople)និងជាកូនរបស់ឪពុកម្តាយមានទ្រព្យសម្បត្តិ។ ពេលនៅក្មេង​ លោកបានលាចាកផ្ទះនិងទ្រព្យសម្បត្តិរបស់ឪពុកម្តាយ ហើយចូល បួសនៅសង្ឃស្ថានដែលអនុវត្តការរស់នៅតែម្នាក់ឯងដាច់ពីសង្ឃដ៏ទៃទៀត ក្នុងតំបន់ថ្រេស (Thrace)។ នៅទីនោះ​ គាត់បានរស់នៅដោយការបំពេញតបៈយ៉ាងតឹងរឹង។ គាត់ដេកលើថ្មដើម្បីឲ្យដេកបានតិច។​ លោកធ្វើដំណើរគ្រប់ទីកន្លែងទាំងក្បាលទទេរ ហើយស្លៀក​ខោអាវតែមួយកំប្លេ ដែលធ្វើពីរោមពពែ ហេតុនេះហើយបានគេហៅលោកថា «ទ្រីឃីណាស» (ភាសាក្រិច) ឬ «កុស្ត្រែត» (ភាសាស៊ែប) ដែលមានន័យថា «អ្នកស្លៀកខោអាវរោម»។


ដោយសារការព្យាយាមបំពេញតបៈដ៏អស្ចារ្យរបស់គាត់ ដើម្បីសង្គ្រោះព្រលឹងខ្លួន ព្រះជាម្ចាស់បានប្រទានអំណោយទានអស្ចារ្យដល់គាត់ គឺអំណាចធ្វើអព្ភូតហេតុ ទាំងពេលគាត់នៅរស់ និងក្រោយពេលស្លាប់។ គាត់បានស្លាប់យ៉ាងស្ងប់នៅឆ្នាំប្រហែល ៤០០ នៃគ្រិស្តសករាជ។ រាងកាយរបស់គាត់ត្រូវបានគេឃើញហូរចេញនូវប្រេង (Chrism) ដ៏ពិសិដ្ឋ។