សត្តបុគ្គលនៃ ថ្ងៃទី22 ខែមេសា

 THE VENERABLE THEODORE THE SYKEOTE


សត្តថេអូដ័រ (Theordore) បានកើតនៅភូមិស៊ីគេអូន (Sykeon) ខេត្តហ្គាឡាទី (Galatia) ហេតុនេះហើយទើបគេហៅគាត់ថា «អ្នកភូមិស៊ីគេអូន»។ តាំងពីអាយុ១០ឆ្នាំ គាត់បានចាប់ផ្ដើមរស់នៅដោយតមអាហារយ៉ាងតឹងរឹង និងតែងអធិស្ឋានពេញមួយយប់ ដោយយកតម្រាប់តាមលោកស្តេផាន (Stephen) ដែលជាព្រឹទ្ធាចារ្យរស់នៅក្នុងផ្ទះរបស់គាត់។ ម្ដាយរបស់គាត់ឈ្មោះម៉ារីយ៉ា (Maria) ជាមេម៉ាយសម្បូរទ្រព្យ ហើយមានបំណងចង់ឲ្យកូនប្រុសចូលបម្រើក្នុងកងទ័ព។ ប៉ុន្តែ សត្តហ្គេអរហ្គី (George) បានបង្ហាញខ្លួនដល់នាងក្នុងសុបិន ហើយប្រាប់ថា ថេអូដ័រ ត្រូវបានគ្រោងឲ្យបម្រើព្រះមហាក្សត្រឋានសួគ៌ មិនមែនព្រះមហាក្សត្រផែនដីនោះទេ។


សត្តហ្គេរអរហ្គីបានបង្ហាញខ្លួនដល់សត្តថេអូដ័រជាច្រើនដង ដើម្បីណែនាំ និងជួយសង្គ្រោះគាត់ពីគ្រោះថ្នាក់ផ្សេងៗដែលអារក្សបានរៀបចំ។ គាត់ក៏បានឃើញ​ ថេអូតូកុស​ (ម្តាយរបស់ព្រះ) ជាច្រើនដងដែរ។ ការបំពេញតបៈរបស់សត្តថេអូដ័រគឺខ្លាំងក្លាជាងអ្នកបួសដទៃទៀតនៅសម័យនោះទៅទៀត។ គាត់បានលុតដំកាយរបស់គាត់ដោយការអត់អាហារ អត់ទឹក ពាក់ច្រវាក់ដែក និងឈរអធិស្ឋានពេញមួយយប់។ គាត់ធ្វើដូច្នេះដើម្បីចងព្រលឹងរបស់គាត់ជាមួយនឹងសេចក្ដីស្រឡាញ់ដល់ព្រះ ហើយដើម្បីធ្វើឲ្យព្រលឹងវិញ្ញាណរបស់គាត់ ជាម្ចាស់គ្រប់គ្រងរាងកាយរបស់គាត់។


ព្រះអម្ចាស់ដ៏មេត្តាករុណាបានឆ្លើយតប​ទៅនឹងសេចក្តីស្រឡាញ់របស់ Theodore​ ដោយក្តីស្រឡាញ់។ ទ្រង់បានប្រទានអំណាចអស្ចារ្យ ឈ្នះលើអារក្ស និងជំងឺផ្សេងៗរបស់មនុស្ស។ គាត់ត្រូវបានគេស្គាល់ល្បីល្បាញគ្រប់ទីកន្លែង​ថាជាអ្នកព្យាបាលដ៏អស្ចារ្យ។​ ដោយសារភាពបរិសុទ្ធ និងសេចក្ដីអនុវត្តខ្ជាប់ខ្ជួន គាត់ត្រូវបានតែងតាំងជាប៊ីស្សប (Bishop) នៃទីក្រុងអាណាស្តាស៊ីអូប៉ូលីស (Anastasiopolis) ទោះបីគាត់មិនព្រមក៏ដោយ។ គាត់បានបម្រើការជាប៊ីស្សបអស់រយៈពេល ១១ ឆ្នាំបន្ទាប់មកគាត់បានសូមព្រះអម្ចាស់ដោះលែងគាត់ពីតំណែងនេះ ដើម្បីអាចត្រឡប់ទៅរស់នៅជាអ្នកបួសដូចដើមវិញ។ បន្ទាប់ពីនោះ គាត់បានត្រឡប់ទៅកាន់សង្ឃស្ថានរបស់គាត់វិញ ហើយនៅជន្មាយុចាស់ គាត់បានប្រគល់ព្រលឹងរបស់គាត់ទៅព្រះអង្គម្ចាស់​ ដែលគាត់បានស៊ូរទ្រាំរងទុក្ខលំបាកខ្លាំងដើម្ពីទ្រង់។ គាត់បានស្លាប់នៅដើមរាជ្យអធិរាជហេរ៉ាក្លេ (Heraclius) ប្រហែលឆ្នាំ៦១៣ នៃគ្រិស្តសករាជ។