មហាមរណសាក្សី ហ្គេអរហ្គី ដ៏វិសុទ្ធ
THE HOLY GREAT-MARTYR GEORGE

សត្តដ៏រុងរឿងនិងមានជ័យនេះ កើតនៅក្នុងតំបន់កាប់ប៉ាដូស៊ី (Cappadocia) ជាកូនរបស់ឪពុកម្តាយមានទ្រព្យនិងសុចរិត។ ឪពុករបស់គាត់បានទទួលរងទុក្ខដើម្បីព្រះគ្រីស្ត ហើយម្តាយរបស់គាត់បានផ្លាស់ទីលំនៅទៅនៅប៉ាឡេស្ទីន (Palestine)។ ពេលលោក ហ្គេអរហ្គី (George) ធំឡើង គាត់បានចូលបម្រើក្នុងកងទ័ព ហើយនៅអាយុ២០ឆ្នាំ គាត់បានទទួលឋានៈជា មេទ័ពទ្រិព៊ូន (tribune) ហើយបានបម្រើអធិរាជឌីអូក្លេស្យ៉ង់ (Diocletian)។ ពេលអធិរាជចាប់ផ្តើមបៀតបៀនគ្រីសាសនិកដោយយ៉ាងឃោរឃៅ ហ្គេអរហ្គីបានឈរនៅមុខអធិរាជ ហើយប្រកាសដោយសេចក្តីក្លាហានថាគាត់ជាគ្រីស្តសាសនិក។ អធិរាជបានចាប់គាត់ដាក់គុក ហើយដាក់ជើងគាត់ក្នុងខ្នោះឈើ ហើយដាក់ថ្មធំលើដើមទ្រូងគាត់។ បន្ទាប់មក អធិរាជបានបញ្ជាអោយចាប់ចង លោក ហ្គេអរហ្គី ទៅនឹងរង្វង់កង់មួយ ដែលមានដែកគោលធំៗពីក្រោម ហើយបង្វិលគាត់រហូតដល់រាងកាយគាត់មានរបួសឈាមពេញខ្លួន។ បន្ទាប់មក ពួកគេបានជីករណ្តៅដាក់គាត់ ដោយទុកតែក្បាលគាត់នៅលើដី ហើយទុកគាត់នៅទីនោះអស់៣ថ្ងៃ៣យប់។ បន្ទាប់មក គេបានអោយហ្គេអរហ្គីផឹកថ្នាំពុលដែលអាចសំលាប់មនុស្សបាន ដែលបង្កើតដោយអ្នកវិជ្ជាមន្តអាគមម្នាក់។ ប៉ុន្តែក្នុងពេលទទួលទុក្ខទាំងអស់នេះ ហ្គេអរហ្គីបានអធិស្ឋានដល់ព្រះជានិច្ច ហើយព្រះបានប្រោសគាត់ភ្លាមៗ និងជួយសង្គ្រោះគាត់ពីសេចក្តីស្លាប់ ធ្វើអោយគេគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ពេលគាត់បានធ្វើអោយមនុស្សស្លាប់រស់ឡើងវិញតាមរយៈការអធិស្ឋាន មនុស្សជាច្រើនបានទទួលយកជំនឿគ្រីស្ទាន។ ក្នុងចំណោមអ្នកទាំងនោះមាន នាងអាឡិចសាន់ដ្រា (Alexandra) ដែលជាប្រពន្ធអធិរាជឌីអូក្លេស្យ៉ង់ មេដឹកនាំបូជាចារនៃសាសនាព្រះក្លែងក្លាយ កសិករគ្លីសេរីអូស (Glycerius) វ៉ាឡេរីអូស (Valerius) ដូណាតុស (Donatus) និងថេរីនុស (Therinus)។ ចុងក្រោយ អធិរាជបានបញ្ជាអោយគេកាត់ក្បាលហ្គេអរហ្គីនិងមហេសីរបស់ខ្លួនគឺអាឡិចសាន់ដ្រា។ អាឡិចសាន់ដ្រាដ៏មានពរបានស្លាប់នៅលើរន្ទា មុនពេលគេកាត់ក្បាល ហើយសត្តហ្គេអរហ្គីត្រូវបានគេកាត់ក្បាលនៅឆ្នាំ៣០៣ គ.ស។
អព្ភូតហេតុជាច្រើនបានកើតឡើងនៅលើផ្នូររបស់សត្តហ្គេអរហ្គី។ លោកបានបង្ហាញខ្លួន ទាំងក្នុងសុបិននិងច្បាស់ជាក់ស្តែង ដល់អ្នកដែលបានអធិស្ឋានហៅគាត់ តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។ ដោយសារសេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្តជាព្រះអម្ចាស់ វាមិនពិបាកទេសំរាប់សត្តហ្គេអរហ្គី ក្នុងការលះបង់អ្វីៗទាំងអស់ ដូចជា ឋានៈ ទ្រព្យសម្បត្តិ កិត្តិយសក្នុងអាណាចក្រ មិត្តភក្តិ និងលោកិយទាំងមូល។ ដោយសារសេចក្តីស្រឡាញ់នេះ ព្រះអម្ចាស់បានប្រទានអោយគាត់នូវសិរីល្អដ៏អស់កល្ប ទាំងនៅស្ថានសួគ៌និងលើផែនដី ព្រមទាំងជីវិតអស់កល្បក្នុងរាជ្យរបស់ព្រះអង្គ។ លើសពីនេះ ព្រះអម្ចាស់បានប្រទានអំណាចនិងសិទ្ធិដល់គាត់ក្នុងការជួយអ្នកដែលកំពុងរងទុក្ខនិងការលំបាក ដែលគោរពគាត់និងហៅឈ្មោះគាត់។
