សត្តមរណសាក្សីដ៏វិសុទ្ធ លោក សាបប៉ាស៍ ស្ត្រាតេឡាតេស [មេបញ្ជាការទ័ព]
THE HOLY MARTYR SABBAS STRATELATES [THE GENERAL]

សត្តដ៏វិសុទ្ធនេះរស់នៅក្នុងក្រុងរ៉ូម (Rome) ក្នុងរាជ្យអធិរាជអូរេលីអាន (Aurelian) ហើយគាត់កាន់តំណែងជាមេបញ្ជាការទ័ព។ តាមពូជពង្ស គាត់មកពីវង្សត្រកូល ហ្គោធី (Gothic)។ គាត់តែងទៅជួបគ្រីស្ទសាសនិកដែលជាប់ឃុំឃាំង ហើយ ជួយឧបត្ថម្ភពួកគេដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ដោយសារសេចក្តីបរិសុទ្ធនិងការតមយ៉ាងតឹងរឹង ព្រះបានប្រទានអំណាចដល់គាត់អោយឈ្នះលើពួកអារក្ខ។ ពេលសាបប៉ាស៍ (Sabbas) ត្រូវបានគេចោទប្រកាន់ថាជាគ្រីស្ទសាសនិក គាត់បានឈរយ៉ាងក្លាហាននៅមុខអធិរាជ បោះចោលខ្សែក្រវាត់យោធា ហើយប្រកាសជាសាធារណៈនូវជំនឿចំពោះព្រះគ្រីស្តជាព្រះ អម្ចាស់ ។ សាបប៉ាស៍ត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅ៖ គាត់ត្រូវបានវាយដំ កោសស្បែកដោយក្រចកដែក និងដុតជាមួយភ្លើងទៀន។ ប៉ុន្តែគាត់មិនបានស្លាប់ដោយសារទារុណកម្មទាំងនេះឡើយ ផ្ទុយទៅវិញគឺនៅតែមានជីវិតរឹងមាំ។
ដៃគូកងទ័ពរបស់គាត់ ពេលឃើញថាព្រះកំពុងជួយគាត់យ៉ាងជាក់ស្តែង ក៏បានទទួលយកជំនឿគ្រីស្ទសាសនិក ហើយមនុស្សចំនួន៧០នាក់ក្នុងចំណោមពួកគេត្រូវបានកាត់ក្បាលភ្លាមៗតាមបញ្ជារបស់អធិរាជ។ ព្រះគ្រីស្តអម្ចាស់បានបង្ហាញខ្លួន តាមពន្លឺចាំងចែងដ៏អស្ចារ្យ ដល់សត្តសាបប៉ាស៍នៅក្នុងគុក ដើម្បីលើកទឹកចិត្តវីរមណៈសាក្សីរបស់ទ្រង់។ បន្ទាប់មក សាបប៉ាស៍ត្រូវបានកាត់ទោសអោយស្លាប់ដោយពន្លិចក្នុងទឹក។ គាត់ត្រូវបានគេបោះចោលទៅក្នុងទន្លេជ្រៅ ហើយគាត់បានប្រគល់ព្រលឹងរបស់គាត់ដល់ព្រះ នៅឆ្នាំ២៧២ គ.ស។ ព្រលឹងរបស់គាត់បានឡើងទៅដល់ព្រះអម្ចាស់ ដែលគាត់បានរក្សាភាពស្មោះត្រង់ដល់ទ្រង់ ទោះបីគាត់ត្រូវទទួលទារុណកម្មជាច្រើនក៏ដោយ។
