សាវ័កដ៏វិសុទ្ធ និង ជាអ្នកប្រកាសដំណឹងល្អ លោក ម៉ាកុស (Mark)
THE HOLY APOSTLE AND EVANGELIST MARK

សត្តម៉ាកុស (Mark) គឺជាអ្នករួមដំណើរ និងជាជំនួយការរបស់សាវ័កពេត្រុស (Peter)។ ក្នុងសំបុត្រទី១របស់គាត់ ពេត្រុសបានហៅម៉ាកូសថាជាកូនរបស់គាត់—មិនមែនកូនតាមសាច់ឈាមទេ គឺជាកូនតាមវិញ្ញាណ។ [«ព្រះសហគមន៍*នៅក្រុងបាប៊ីឡូន សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុស ជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។» (១ពេត្រុស ៥:១៣)]។ ពេលលោកម៉ាកុសនៅក្នុងទីក្រុងរ៉ូម (Rome) ជាមួយលោកពេត្រុស ពួកគ្រីស្ទានដ៏ទៃទៀតបានអង្វរគាត់អោយសរសេរ ពីការបង្រៀនដ៏ពេញដោយការសង្គ្រោះអំពីព្រះយេស៊ូអម្ចាស់ ព្រមទាំងអព្ភូតហេតុ និងជីវិតរបស់ទ្រង់ ទុកអោយពួកគេ។ ដូច្នេះ លោកម៉ាកុសបានសរសេរ សៀវភៅដំណឹងល្អដ៏វិសុទ្ធ (គម្ពីរដំណឹងល្អម៉ាកុស) ដែលសាវ័កពេត្រុសផ្ទាល់បានឃើញ និងជាសាក្សីថាការសរសេរនេះពិតជាត្រឹមត្រូវ។
ម៉ាកុសត្រូវបានពេត្រុសតែងតាំងជាប៊ីស្សប ហើយបញ្ជូនទៅប្រទេសអេហ្ស៊ីប (Egypt) ដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ដូច្នេះ សត្តម៉ាកុសគឺជាអ្នកផ្សព្វផ្សាយដំណឹងល្អដំបូងគេ និងជាប៊ីស្សបដំបូងគេ ក្នុងប្រទេសអេហ្ស៊ីប។ អេហ្ស៊ីបនៅពេលនោះកំពុងត្រូវបានគ្របដណ្តប់ដោយភាពងងឹតរបស់សាសនាព្រះក្លែងក្លាយ ការគោរពថ្វាយព្រះក្លែងក្លាយ ការទស្សទាយវាសនា និងចិត្តអាក្រក់ព្យាបាទ។ ដោយសារជំនួយពីព្រះជាម្ចាស់ សត្តម៉ាកុសបានជោគជ័យក្នុងការសាបព្រោះគ្រាប់ពូជនៃការបង្រៀនអំពីព្រះគ្រីស្ទទូទាំងតំបន់លីប៊ី (Libya) អាម៉ូនីស៊ី (Ammonicia) និងពេនតាប៉ូលីស (Pentapolis)។
ចេញពីពេនតាប៉ូលីសមក ម៉ាកុសបានមកដល់ទីក្រុងអាឡិចសង់ឌ្រី (Alexandria) គឺជាកន្លែង ដែលព្រះវិញ្ញាណដឹកនាំគាត់។ នៅទីនោះ គាត់បានបង្កើតព្រះសហគមន៍របស់ព្រះ តែងតាំងប៊ីស្សប បូជាចារ្យ និងឌីកង ( ជំនួយការបូជាចារ្យ) ហើយបានពង្រឹងជំនឿដ៏ថ្លៃថ្នូរ របស់ពួកគេទាំងអស់ ឲបានរឹងមាំ។ ម៉ាកុសបានពង្រឹង ការបង្រៀន របស់គាត់តាមរយៈអព្ភូតហេតុជាច្រើន។ នៅពេលពួកសាសនាព្រះក្លែងក្លាយ ចោទប្រកាន់ម៉ាកុសថាជាអ្នកបំផ្លាញសាសនាពួកគេ ហើយអភិបាលទីក្រុង ចាប់ផ្តើមស្វែងរកគាត់ ម៉ាកុសបានភៀសខ្លួនចេញទៅពេនតាប៉ូលីសវិញ ដែលគាត់បានបន្តពង្រឹងកិច្ចការមុនៗរបស់គាត់។ ពីរឆ្នាំក្រោយមក ម៉ាកុសបានត្រឡប់មកអាឡិចសង់ឌ្រីវិញ ដែលធ្វើអោយអ្នកជឿទាំងអស់ ដែលមានចំនួនច្រើនជាងមុន បានរីករាយត្រេកអរ យ៉ាងខ្លាំង។
នៅពេលនេះដែរ ពួកសាសនាព្រះក្លែងក្លាយបានចាប់ខ្លួនម៉ាកុស ចងគាត់យ៉ាងតឹង ហើយអូសគាត់លើផ្លូវថ្មដុំៗ ដោយស្រែកថា៖ «យើងនឹងអូសគោទៅក្រោល!»។ ពេលគាត់របួសហូរឈាមពេញខ្លួន គេបានចោលគាត់ទៅក្នុងគុក។ នៅទីនោះមានទេវទូតមកបង្ហាញខ្លួនដល់គាត់ ដើម្បីជួយឲ្យគាត់ក្លាហាន និងរឹងបុឹងឡើង។ បន្ទាប់មក ព្រះយេស៊ូអម្ចាស់ផ្ទាល់បានបង្ហាញខ្លួន ដល់គាត់
និងមានព្រះបន្ទូលថា៖ «សូមឲ្យអ្នកប្រកបដោយសេចក្ដីសុខសាន្ត ម៉ាកុស អ្នកប្រកាសដំណឹងល្អរបស់ខ្ញុំ!»។ ម៉ាកុស ឆ្លើយតបវិញថា៖ «សូមឲ្យព្រះអង្គប្រកបដោយសេចក្ដីសុខសាន្តដែរ ព្រះអម្ចាស់យេស៊ូគ្រីស្តរបស់ខ្ញុំ!»។
ថ្ងៃបន្ទាប់ ពួកអ្នកឃោរឃៅទាំងនោះបានដឹកគាត់ចេញពីគុក ហើយអូសគាត់លើផ្លូវដដែល
ដោយស្រែកឡើងវិញថា៖ «យើងនឹងអូសគោទៅក្រោល!»។ ពេលគាត់អស់កម្លាំងទាំងស្រុង
ម៉ាកុសបានពោលថា៖ «ឱព្រះអម្ចាស់ ខ្ញុំបញ្ជូនព្រលឹងរបស់ខ្ញុំទៅព្រះអង្គ»។ ម៉ាកុសបានចាកលោកនេះទៅ ហើយព្រលឹងរបស់គាត់បានឡើងទៅកាន់លោកដែលប្រសើជាងលោកិយនេៈ។ រាងកាយដ៏វិសុទ្ធរបស់គាត់ត្រូវបានគ្រីស្ទាន បញ្ចុះដោយកិត្តិយស ហើយតាំងពីពេលនោះមក សព្វគាត់បានផ្តល់ភាពជាសះស្បើយដល់មនុស្សជាច្រើនពីជំងឺ និងទុក្ខវេទនាផ្សេងៗ។
