ហៀរ៉ូមារធើរ (បូជាចារ្យ-មរណសាក្សី) បាស៊ីល ប៊ីស្សបនៃអាម៉ាស៊ី
THE HIEROMARTYR [PRIEST-MARTYR] BASIL, BISHOP OF AMASEA

លោក លីស៊ីនុស (Licinius) ជាប្អូនថ្លៃរបស់អធិរាជកុស្តង់ទីន (Constantine) តាមរយះការ រៀបការជាមួយប្អូនស្រីរបស់ទ្រង់ បានធ្វើធ្វើពុតជាគ្រិស្ទាន នៅមុខអធិរាជដ៏ខ្លាំងពូកែនេះ។ នៅពេលដែលគាត់ ទទួលបានអំណាចពីអធិរាជ អោយគ្រប់គ្រងតំបន់ខាងកើតទាំងមូល គាត់បានចាប់ផ្តើមបៀតបៀនគ្រីស្ទាន ដោយសំងាត់ជាដំបូង ហើយបន្ទាប់មកចេញជាសាធារណៈ ព្រមទាំងពង្រឹងសាសនាព្រះក្លែងក្លាយ។ ប្រពន្ធរបស់គាត់ព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែមិនអាចហាមឃាត់ស្វាមីពីការអាក្រក់នេះបានឡើយ។ លីស៊ីនុសបានប្រគល់ខ្លួនទៅសាសនាព្រះក្លែងក្លាយ និងតណ្ហាទាំងអស់ដោយមិនដែលឃាត់ឃាំងអារម្មណ៍ខ្លួនឯងឡើយ បុន្តែអ្វីដែលអាក្រក់ជាងគេនោះគឺ ការប្រព្រឹត្តអំពើឃោរឃៅលើស្ត្រី។
ក្រោមឥទ្ធិពលនៃតណ្ហាដ៏មិនស្អាតស្អំទាំងនេះ លីស៊ីនុសបានព្យាយាមរំលោភបំពាន នាងព្រហ្មចារិយ ឈ្មោះហ្គ្លាភីរ៉ា (Glaphyra) ដែលជាអ្នកបំរើព្រះអគ្គមហេសី។ ហ្គ្លាភីរ៉ាបានថ្លែងបរិយាយពី ហេតុការនេះ ដល់អគ្គមហេសី ហើយព្រះនាងបានជួយឲ្យនាងភៀសខ្លួនពីរាជវាំងនីកូមេឌី (Nicomedia)ដោយសម្ងាត់ ទៅខេត្តពុនទុស (Pontus)។ ហ្គ្លាភីរ៉ាបានមកដល់ទីក្រុងអាម៉ាស៊ី (Amasea) ហើយត្រូវបានស្វាគមន៍ដោយប៊ីស្សបបាស៊ីល និងគ្រីស្ទានដទៃទៀត។ នាងរីករាយយ៉ាងខ្លាំងដែលព្រះបានជួយរក្សាភាពបរិសុទ្ធរបស់នាង ហើយបានសរសេរសំបុត្រមកព្រះអគ្គមហេសីដើម្បីរាយការណ៍។ ព្រះអគ្គ ហេសីក៏រីករាយដែរ ហើយបានផ្ញើថវិកាទៅព្រះសហគមន៍ នៅអាម៉ាស៊ី។ ទោះយ៉ាងណា សំបុត្រមួយរបស់ហ្គ្លាភីរ៉ាដែលចង់ផ្ញើទៅដល់អគ្គមហេសី បុន្តែបានធ្លាក់ក្នុងដៃអ្នកបំរើអធិរាជ (អាម៉ាត) ហើយគេក៍យកសំបុត្រនោះទៅបង្ហាញដល់លីស៊ីនុស។
អធិរាជបានដឹងថាហ្គ្លាភីរ៉ាស្ថិតនៅទីណា ក៏បានបញ្ជាភ្លាមៗឲ្យនាំនាង និងសម្តេចប៊ីស្សបមកនីកូមេឌីវិញ។ ក្នុងពេលនោះ ហ្គ្លាភីរ៉ាបានទទួលមរណភាព ហើយទាហានបាននាំតែសម្តេចប៊ីស្សបបាស៊ីលម្នាក់ឯង ដោយចងខ្សែគាត់មកនីកូមេឌី។ បន្ទាប់ពីការធ្វើទារុណកម្ម និងការឃុំឃាំង បុគ្គលដ៏មានពរនេះត្រូវបានគេកាត់ក្បាល ហើយបោះចោលសពគាត់ទៅក្នុងសមុទ្រ ក្នុងឆ្នាំ៣២២ គ.ស។ តាមរយៈចក្ខុវិញ្ញាណនៃទេវទូតរបស់ព្រះអម្ចាស់ បុព្វជិតក្នុងព្រះវិហាររបស់សត្តបាសីល បានរកឃើញរាងកាយរបស់គាត់នៅជិតទីក្រុងស៊ីនូប (Sinope)។
ពួកគេបានស្រងរាងកាយគាត់ពីទឹកដោយប្រើសំណាញ់របស់អ្នកនេសាទ ហើយបាននាំរាងកាយគាត់ត្រឡប់មកអាម៉ាស៊ីវិញ ដែលពួកគេបានបញ្ចុះដោយកិត្តិយសនៅក្នុងព្រះវិហារដែលគាត់បានខិតខំសាងសង់។ អធិរាជកុងស្តង់ទីន បានលើកកងទ័ពទៅប្រឆាំងនឹងលីស៊ីនុស បានឈ្នះ ហើយបានចាប់ខ្លួនលីសុីនុស ហើយនិរទេសគេទៅកាន់ប្រទេសហ្គាល (Gaul) ដែលជាកន្លែង លីសុីនុសបានបញ្ចប់ជីវិតពេញដោយសេចក្តីស្អប់ព្រះ។
