សត្តបុគ្គលនៃ ថ្ងៃទី28 ខែមេសា

THE HOLY APOSTLES JASON AND SOSIPATER, AND THE VIRGIN​ CERCYRA


សាវ័កទាំងពីរដំបូងជាសាវ័កក្នុងចំណោម សាវ័ក៧០នាក់ រីឯស្ត្រីព្រហ្មចារីនេះជាបុត្រីរបស់ព្រះមហាក្សត្រនៃកោះករហ្វ៊ូ (Corfu)។ សត្តប៉ូលបានលើកនិយាយពីយ៉ាសុន និងសូស៊ីប៉ាតទែ ហើយហៅពួកគាត់ថាជាបងប្អូនរបស់លោក (រ៉ូម ១៦:២១)។ យ៉ាសុនកើតនៅទីក្រុងតារសុស (Tarsus) ដូចគ្នានឹងសាវ័កប៉ូល ចំណែកសូស៊ីប៉ាទែ កើតនៅអាកាយ៉ា (Achaea)។ សត្តប៉ូលបានតែងតាំងយ៉ាសុនជាប៊ីស្សបនៃតារសុស ហើយសូស៊ីប៉ាទែជាប៊ីស្សបនៃអ៊ីកូនីញ៉ុម (Iconium)។


ក្នុងការធ្វើដំណើរផ្សព្វផ្សាយដំណឹងល្អ សាវ័កទាំងពីរបានមកដល់កោះករហ្វ៊ូ ដែលពួកគាត់បានសាងសង់ព្រះវិហារឧទ្ទិសដល់សត្តស្តេហ្វាន ដែលជាមរណសាក្សីដំបូងគេបង្អស់ (St. Stephen the Protomartyr) និងបាននាំពួកគោរពសាសនាខុស មួយចំនួនមកជឿលើព្រះគ្រីស្ត។ ព្រះមហាក្សត្រកោះនេះបានចាប់ពួកគាត់ដាក់គុក ដែលនៅទីនោះក៏មានចោរប្រាំពីរនាក់ជាប់ឃុំជាមួយដែរ។ ពួកចោរទាំងនោះមានឈ្មោះថា សាតូនីញ៉ុស (Saturnius) យ៉ាគីស្កូលុស (Jakischolus) ហ្វូស្ទីយ៉ានុស (Faustianus) យ៉ានុអារីញ៉ុស (Januarius) ម៉ាសាលីញ៉ុស (Marsalius) អេហ្វ្រាស៊ីញ៉ុស (Euphrasius) និងម៉ាមីញ៉ុស (Mammius)។

សាវ័កទាំងពីរបានប្រែចិត្តចោរទាំងប្រាំពីរនេះអោយមកជឿលើព្រះគ្រីស្ត ដូចផ្លាស់ប្តូរសត្វចចកទៅជាកូនចៀម។ ព្រះមហាក្សត្របន្ទាប់ពីដឹងរឿងនេះ ក៏ចាត់ឲ្យដាក់ពួកគេទាំងប្រាំពីរនាក់ចូលក្នុងទឹកពុះ ហើយពួកគាត់ក៏បានទទួលមកុដមរណសាក្សី។ ក្រោយមក ពេលព្រះមហាក្សត្រកំពុងធ្វើទារុណកម្មលើសាវ័កទាំងពីរ បុត្រីរបស់ទ្រង់ឈ្មោះសេគីរ៉ា (Cercyra) ដែលជាស្ត្រីព្រហ្មចារី បានមើលឃើញសេចក្តីរងទុក្ខរបស់ មនុស្សរបស់ព្រះជាម្ចាស់ទាំងនេះតាមបង្អួច។ ពេលបានដឹងពីមូលហេតុនាងបានប្រកាសខ្លួនថាជាគ្រីស្តសាសនិក ហើយបានចែកចាយគ្រឿងអលង្ការទាំងអស់ដល់អ្នកក្រីក្រ។ ព្រះមហាក្សត្រខឹងសម្បាយ៉ាងខ្លាំង ហើយបានចាប់នាងដាក់ ឃុំក្នុងគុកពិសេសមួយ។ ដោយឃើញថាមិនអាចធ្វើឲ្យនាងបោះបង់ព្រះគ្រីស្តបាន ទ្រង់បានចាត់ឲ្យគេដុតគុកនោះ។ គុកឆេះអស់ ប៉ុន្តែនាងនៅតែមានជីវិត។ មនុស្សជាច្រើនបានឃើញអព្ភូតហេតុនេះ ហើយបាននាំគ្នាទទួលពិធីជ្រមុជទឹក។ ព្រះមហាក្សត្រកាន់តែខឹងសម្បារ បានចាត់ឲ្យចងនាងទៅនឹងដើមឈើ ហើយបាញ់ព្រួញដាក់នាងរហូតដល់ស្លាប់។


អ្នកដែលជឿលើព្រះគ្រីស្តបានរត់គេចពីព្រះមហាក្សត្រដ៍អាក្រក់នេះ ទៅលាក់ខ្លួននៅកោះជិតខាង។ ព្រះមហាក្សត្របានដេញតាមពួកគេតាមទូក ប៉ុន្តែទូកនោះបានលិចទៅក្នុងសមុទ្រ ហើយជនដ៍ទុច្ចរិតនេះបានស្លាប់ដូចព្រះចៅផារ៉ោន (Pharoh) កាលសម័យពីមុនដែរ។ ព្រះមហាក្សត្រថ្មីបានទទួលជំនឿគ្រីស្តសាសនិក ហើយបានទទួលពិធីជ្រមុជទឹក ដោយទទួលឈ្មោះថា សេបាស្ទៀន (Sebastian)។ យ៉ាសុន និងសូស៊ីប៉ាទែ បានផ្សព្វផ្សាយដំណឹងល្អដោយសេរី ហើយបានពង្រឹងព្រះ សហគមន៍របស់ព្រះជាម្ចាស់នៅកោះករហ្វ៊ូរហូតដល់វ័យចំណាស់។ ពួកគាត់បានបញ្ចប់ជីវិតលោកិយនៅទីនោះ ហើយបានឡើងទៅនៅ ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។