សត្តសាវ័ក យ៉ាកុប (James) ដ៏វិសុទ្ធ
THE HOLY APOSTLE JAMES

យ៉ាកុបជាកូនប្រុសរបស់លោក សេបេឌី (Zebedee) បងប្អូនរបស់លោកយ៉ូហាន និងជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំង១២រូប។ ពេលព្រះអម្ចាស់យេស៊ូ បានហៅគាត់ យ៉ាកុបបានចាកចោលសំណាញ់នេសាទ និងឪពុករបស់គាត់ ហើយ ដើរតាមព្រះអម្ចាស់ភ្លាមៗជាមួយយ៉ូហាន។ គាត់ជាសាវ័កម្នាក់ក្នុងចំណោមសាវ័កបីរូប ដែលព្រះអម្ចាស់បានបង្ហាញអច្ឆរិយការ ដ៏ជ្រាលជ្រៅទៅដល់ពួកគាត់ គឺទ្រង់បានប្រែរូប(transfiguration) នៅមុខពួកគាត់ នៅលើភ្នំតាប័រ (Tabor) ហើយទ្រង់បានសោកសង្រេង នៅមុខពួកគាត់ នៅសួន កេតសេម៉ានី (Gethsemane) មុនពេលទ្រង់ទទួលរងទុក្ខ។
ក្រោយពីទទួលព្រះវិញ្ញាណដ៏រិសុទ្ធ យ៉ាកុបបានផ្សព្វផ្សាយដំណឹងល្អនៅតាមទីកន្លែងផ្សេងៗ និងបានធ្វើដំណើរទៅប្រទេសអេស្ប៉ាញ។ ពេលត្រឡប់មកពីអេស្ប៉ាញ ពួកយូដាបានចាប់ផ្តើមជជែកវែកញែកជាមួយគាត់អំពីព្រះគម្ពីរដ៏វិសុទ្ធ ប៉ុន្តែគ្មាននរណាម្នាក់អាចឈ្នះគាត់បានឡើយ សូម្បីតែអ្នកមានវេទមន្តម្នាក់ឈ្មោះហឺម៉ូហ្គែន (Hermogenes) ក៏ដោយ។ ហឺម៉ូហ្គែន និងសិស្សរបស់គាត់ឈ្មោះហ្វីលីព (Philip) ត្រូវបានផ្ចាញ់ដោយអំណាចនៃសេចក្តីពិតដែលយ៉ាកុបបានប្រកាស ហើយអ្នកទាំងពីរបានទទួលពិធីជ្រមុជទឹក។
ក្រោយមក ពួកយូដាបានចោទប្រកាន់យ៉ាកុបនៅចំពោះព្រះបាទហេរ៉ូដ (Herod) ហើយបានលួងលោមអោយមនុស្សម្នាក់ឈ្មោះយ៉ូស៊ីអាស (Josias) មកបង្កាច់សាវ័ក។ យ៉ូស៊ីអាស កាលបានឃើញឥរិយាបថដ៏ក្លាហានរបស់យ៉ាកុប និងបានស្តាប់ការពន្យល់ដ៏ច្បាស់លាស់អំពីសេចក្តីពិត ក៏បានកែប្រែចិត្តគំនិត ហើយជឿលើព្រះគ្រីស្ត។ នៅពេលយ៉ាកុបត្រូវបានគេកាត់ទោសឲ្យស្លាប់ យ៉ូស៊ីអាសក៏ត្រូវបានគេកាត់ទោសឲ្យស្លាប់ដែរ។ នៅតាមផ្លូវទៅកាន់កន្លែងដាក់ទណ្ឌកម្ម យ៉ូស៊ីអាសបានអង្វរយ៉ាកុបអោយអត់ឱនទោសចំពោះកំហុសរបស់គាត់ក្នុងការមួលបង្កាច់។ យ៉ាកុបបានឱប និងថើបយ៉ូស៊ីអាស ហើយមានប្រសាសន៍ថា៖ «សន្តិភាព និងការអត់ឱន ទោសចូរមានដល់អ្នក!»។ អ្នកទាំងពីរបានក្រាបក្បាលចុះក្រោមដាវ ហើយត្រូវបានគេកាត់ក្បាលដើម្បីព្រះអម្ចាស់ដែលពួកគេស្រឡាញ់ និងបានបំរើ។
សត្តយ៉ាកុបបានទទួលមរណភាពនៅក្រុងយេរូសាឡិមក្នុងឆ្នាំ៤៥ គ.ស.។ រាងកាយរបស់គាត់ត្រូវបានយកទៅប្រទេសអេស្ប៉ាញ ដែលរហូតមកដល់សព្វថ្ងៃនេះ
មានអព្ភូតហេតុនៃការព្យាបាល កើតឡើងនៅក្បែរផ្នូររបស់គាត់។
