សត្តព្យាការី ដ៏វិសុទ្ធ លោកយេរេមា (Jeremiah)
THE HOLY PROPHET JEREMIAH

រេមាកើតប្រហែលឆ្នាំ៦៥០មុនព្រអគ្រិស្តក្នុងភូមិអាណាថូត (Anathoth) ជិតក្រុងយេរូសាឡិម។ គាត់ចាប់ផ្តើមព្យាការពេលមានអាយុ១៥ឆ្នាំ ក្នុងរាជ្យព្រះបាទយ៉ូស៊ីយ៉ា (Josiah)។ គាត់បានប្រកាសបង្រៀនអំពីការកែប្រែចិត្តគំនិតចេញពីអំពើបាប ដល់ស្តេច និងពួកអភិជន ពួកព្យាការីក្លែងក្លាយ
និងពួកបូជាចារ្យ។ ក្នុងរាជ្យព្រះបាទយ៉ូស៊ីយ៉ា លោកយេរេមាស្ទើរតែត្រូវបានសម្លាប់ដោយពួកពួកអភិជនដែលខឹងសម្បានឹងគាត់យ៉ាងខ្លាំង។ អំពី ស្តេចយ៉ូយ៉ាគីម (Jehoiakim) យេរេមាបានព្យាការថាសពរបស់ទ្រង់នឹងត្រូវបញ្ចុះដូចសាត់លា គឺរាងកាយរបស់ទ្រង់នឹងត្រូវគេចោលទៅក្រៅក្រុងយេរូសាឡិម ហើយអូសលើដី ដោយគ្មានពិធីបញ្ចុះសព [គេនឹងអូសសាកសពយ៉ូយ៉ាគីមចេញពី
ក្រុងយេរូសាឡឹម យកទៅកប់ដូចខ្មោចលា (យេរេមា ២២:១៨)]។ ការព្យាករណ៍នេះ បានធ្វើអោយយេរេមាត្រូវបានចាប់ដាក់គុក។
ដោយមិនអាចសរសេរក្នុងគុកបាន គាត់បានហៅលោកបារូក (Baruch) [កូនប្រុសរបស់លោក ណេរី] មក ដែលឈរនៅក្បែរបង្អួចគុក ហើយយេរេមាបានប្រាប់អោយគាត់សរសេរ។ ពេលការព្យាការណ៍នេះត្រូវបានអាននៅមុខស្តេចយ៉ូយ៉ាគីម ស្តេចដែលខឹងសម្បានេះ បានចាប់ក្រដាសនោះចោលទៅក្នុងអណ្តាតភ្លើង។ ព្រះជាម្ចាស់បានជួយអោយយេរេមារួចពីគុក ហើយព្យាការណ៍អំពីយ៉ូយ៉ាគីមក៏កើតឡើងដូចដែលព្យាការីបាននិយាយ។
អំពីស្តេច យេកុនយ៉ា (Jeconiah) [បុត្រារបស់ស្តេចយ៉ូយ៉ាគីម ស្តេចនៃយូដា] យេរេមាបានព្យាករណ៍ថាព្រះអង្គនឹងត្រូវបាននាំទៅបាប៊ីឡូនជាមួយគ្រួសារទាំងមូល ហើយនឹងស្លាប់នៅទីនោះ។ រឿងទាំងអស់នេះក៏កើតឡើងមែនមិនយូរប៉ុន្មាន។ ក្នុងរាជ្យព្រះបាទសេដេគីយ៉ា (Zedekiah) យេរេមាបានពាក់នឹមលើ ករបស់គាត់ ហើយដើរកាត់ក្រុងយេរូសាឡិម ដោយព្យាករអំពីការដួលរលំនៃក្រុងយេរូសាឡិម
និងការធ្លាក់ក្រោមនឹមបាប៊ីឡោន [ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។ (យេរេមា ២៧:២] [ខ្ញុំក៏បាននាំពាក្យទាំងនេះទៅទូលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ដូចតទៅ: សូមព្រះករុណា និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្តេចស្រុកបាប៊ីឡូន សូមបម្រើស្តេច និងប្រជារាស្ដ្រនោះទៅ ទើបព្រះករុណា និងប្រជាជនយូដាបានរួចជីវិត (យេរេមា ២៧:២]។
យេរេមាបានសរសេរទៅកាន់អ្នកជាប់ជាចំណាប់ខ្មាំងអ៊ីស្រាអែលនៅបាប៊ីឡូន ដោយប្រាប់ថាកុំអោយរំពឹងថានឹងត្រឡប់មកយេរូសាឡិមឆាប់អី ព្រោះពួកគេនឹងនៅទីនោះអស់៧០ឆ្នាំ ដែលក៏កើតឡើងដូច្នេះមែន [ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិនហោច ហើយប្រជាជាតិទាំងនោះនឹងទៅជាចំណុះស្តេចស្រុកបាប៊ីឡូន អស់រយៈពេលចិតសិបឆ្នាំ(យេរេមា ២៥:១១)]។ នៅជិតក្រុងយេរូសាឡិមក្នុងជ្រលងភ្នំតូហ្វេត (Tophet) ដែលជាកន្លែងពួកយូដាបូជាកូនៗដល់ព្រះក្លែងក្លាយ យេរេមាបានយកឆ្នាំងដីឥដ្ឋមួយមកវាយបំបែកចំពោះមុខមនុស្ស ហើយព្យាករណ៍ អំពីការដួលរលំនៃរាជាណាចក្រយូដា។ ពួកបាប៊ីឡូនបានវាយកម្ទេចក្រុងយេរូសាឡឹម សម្លាប់ស្តេចសេដេគីយ៉ា ប្លន់ និងបំផ្លាញទីក្រុង ហើយបានកាត់ក្បាលជនជាតិយូដាជាច្រើននៅជ្រលងភ្នំតូហ្វេត គឺកន្លែងដដែល ដែលពួកគេបានបូជាកូនៗដល់ព្រះក្លែងក្លាយ និងដែលព្យាការីយេរេមា បានវាយបំបែកឆ្នាំងដីឥដ្ឋ។
លោកយេរេមា ជាមួយនឹងកូនចៅលេវី បាននាំហិបនៃសម្ព័នមេត្រី (Ark of the Covenant) ចេញពីព្រះវិហារទៅភ្នំនេបូ (Nebo) ជាកន្លែងដែលលោកម៉ូសេបានស្លាប់។ នៅទីនោះ គាត់បានលាក់ហិបនៃសម្ព័នមេត្រីនៅក្នុងគុហា។ តែគាត់បានលាក់ភ្លើងពីព្រះវិហារនៅក្នុងអណ្តូងជ្រៅ។ យេរេមាត្រូវបានពួកយូដាខ្លះបង្ខំអោយធ្វើដំណើរជាមួយពួកគេទៅអេហ្ស៊ីប ដែលគាត់បានរស់នៅទីនោះអស់៤ឆ្នាំ បន្ទាប់មកត្រូវបានគប់ដុំថ្មសម្លាប់ដោយជាតិសាសន៍របស់គាត់។
ចំពោះជនជាតិអេហ្ស៊ីប យេរេមាបានព្យាករអំពីការបំផ្លាញព្រះក្លែងក្លាយរបស់ពួកគេ និងការមកដល់នៃព្រះវរមាតា និងព្រះគ្រិស្តកុមារនៅអេហ្ស៊ីប។ មានប្រពៃណីមួយដែលនិយាយថាស្តេចអាឡិចសាន់ដឺ (Alexander the Great) បានមកកាន់ផ្នូរព្យាការីយេរេមា។ តាមបញ្ជារបស់អាឡិចសាន់ដឺ រាងកាយរបស់យេរេមាត្រូវបានយកទៅបញ្ចុះនៅអាឡិចសង់ឌ្រី។
កំណត់សម្គាល់
*) ជនជាតិអេហ្ស៊ីបបានគោរពយេរេមាជាសត្តបុគ្គល ។
នោះហើយជាមូលហេតុដែលពួកគេបានបញ្ចុះសពគាត់ដូចជាព្រះមហាក្សត្រ។ សូម្បីតែបន្ទាប់ពីស្លាប់ ពួកគេនៅតែចាត់ទុកគាត់ជាអ្នកមានអានុភាពធ្វើអព្ភូតហេតុ។ ពួកគេបានយកធូលីពីផ្នូររបស់គាត់ដើម្បីព្យាបាលពឹសពស់។ សព្វថ្ងៃនេះ គ្រីស្ទាន ជាច្រើននៅតែអធិស្ឋាន ដល់យេរេមាដើម្បីការពារពីសត្វពស់។
