សត្តបុគ្គលនៃ ថ្ងៃទី2 ខែឧសភា

THE HOLY MARTYRS HESPERUS, ZOE, CYRIACUS AND THEODULUS


ក្នុងរាជ្យរបស់អធិរាជហាដ្រីយ៉ានុស (Hadrian, គ.ស.១១៧-១៣៨) មានអ្នកកាន់សាសនាព្រះក្លែងក្លាយម្នាក់ឈ្មោះខាតាលុស (Catallus) បានទិញ លោកហេស្ពែរ៉ូស (Hesperus) ប្រពន្ធគាត់ឈ្មោះហ្សអេ (Zoe) ព្រមទាំងកូនប្រុសទាំងពីរគឺ គីរីអាកុស (Cyriacus) និងថេអូឌុលុស (Theodulus) ជាទាសករ។ ដោយសារជាគ្រីស្ទាន ដ៏មុតមាំ ពួកគេបានបដិសេធមិនបរិភោគអាហារណាដែលបានបូជាដល់សំណាកព្រះក្លែងក្លាយឡើយ ហើយបានចាក់ចោលអាហារទាំងនោះដល់ឆ្កែ ខ្លួនឯងវិញសុខចិត្តអត់ឃ្លានអត់ទឹកដោយសេចក្តីអត់ធ្មត់។


ពេលដឹងហេតុនេះ ខាតាលុសក្រោធខឹង ហើយចាប់ផ្តើមធ្វើទារុណកម្មដល់ទាសកររបស់គាត់យ៉ាងឃោរឃៅ។ ដំបូងគាត់ធ្វើទារុណកម្មដល់កុមារទាំងពីរ ប៉ុន្តែកុមារនៅតែមុតមាំក្នុងជំនឿ ហើយថែមទាំងសុំអោយមានទារុណកម្មធ្ងន់ជាងមុនទៀត។ ទីបំផុត អ្នកទាំងបួននាក់ត្រូវបានគេចាប់ចោលទៅក្នុងឡភ្លើង ដែលក្រោយពីបានអធិស្ឋានថ្លែងអំណរគុណ ពួកគេបានថ្វាយព្រលឹងទៅដល់ព្រះអម្ចាស់។ រាងកាយរបស់ពួកគេនៅដដែល មិនត្រូវបានភ្លើងឆេះឡើយ។