សត្តបុគ្គលនៃ ថ្ងៃទី3 ខែឧសភា

THE HOLY MARTYRS TIMOTHY AND MAURA


វាសនារបស់មរណសាក្សីដ៏ ឧត្តមទាំងពីរនេះ (ជាប្តីប្រពន្ធនិងគ្នា) គឺគួរអោយអស្ចារ្យណាស់! ដោយសារជំនឿគ្រីស្ទានរបស់ពួកគាត់ ពួកគាត់ត្រូវបានគេយកមកជំនុំជម្រះនៅចំពោះមុខ អារីអានុស (Arrianus) ដែលជាអភិបាលខេត្តនៃធីបេ (Thebaid) ក្នុងរាជ្យអធិរាជឌីអូក្លេស្យ៉ង់ (Diocletian)។


ហេតុការណ៍នេះកើតឡើងត្រឹមតែ២០ថ្ងៃបន្ទាប់ពីពិធីមង្គលការរបស់ពួកគេ។ ធីម៉ូថេជាអ្នកអានព្រះគម្ពីរនៅព្រះវិហារក្នុងតំបន់របស់គាត់។ លោកអភិបាលបានសួរគាត់ថា៖

“អ្នកជានរណា?”

ធីម៉ូថេឆ្លើយ៖
“ខ្ញុំជាគ្រីស្ទាន និងជាអ្នកអានព្រះគម្ពីរនៅព្រះវិហាររបស់ព្រះជាម្ចាស់។”
អភិបាលបន្ត៖
“តើអ្នកមិនឃើញឧបករណ៍ធ្វើទារុណកម្មដែលហ៊ុំព័ទ្ធអ្នកទេឬ?”
ធីម៉ូថេឆ្លើយ៖
“ហើយតើអ្នកមិនឃើញទេវទូតទាំងអស់របស់ព្រះជាម្ចាស់ដែលកំពុងពង្រឹងកម្លាំងខ្ញុំទេឬ?”
លោកអភិបាលបញ្ជាអោយដោតដែកចូលត្រចៀករបស់ធីម៉ូថេ ដែលបានធ្វើអោយភ្នែកគាត់លានចេញដោយសារឈឺខ្លាំងពេក។ បន្ទាប់មក
ពួកគេព្យួរគាត់ដោយផ្ងារជើងឡើងលើ ហើយដាក់ឈើមួយដុំក្នុងមាត់គាត់។


ដំបូងម៉ូរ៉ា​ព្រឺព្រួយខ្លាចដោយសារទុក្ខវេទនារបស់ប្តី ប៉ុន្តែនៅពេលប្តីអោយកម្លាំងចិត្ត នាងក៏បានប្រកាសជំនឿរបស់នាងដោយមុតមាំនៅចំពោះមុខអភិបាល។ អភិបាលបញ្ជាអោយគេដកសក់នាងទាំងអស់ បន្ទាប់មកកាត់ម្រាមដៃនាង។បន្ទាប់ពីទារុណកម្មជាច្រើនទៀត (ដែលពួកគេនឹងមិនអាចទ្រាំបានទេ បើមិនមានព្រះគុណព្រះជាម្ចាស់ជួយពង្រឹង) ពួកគេត្រូវបានព្យួរលើឈើឆ្កាងដោយបែរមុខទល់នឹងគ្នា។


ពេលព្យួរនៅលើឈើឆ្កាង ពួកគេនៅរស់បាន៩ថ្ងៃ ដោយផ្តល់ការណែនាំ និងកម្លាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងការការតស៊ូអត់ធ្មត់។ នៅថ្ងៃទី១០ ពួកគេបានថ្វាយព្រលឹងទៅព្រះអម្ចាស់ដែលពួកគេបានស៊ូទ្រាំការស្លាប់នៅលើឈើឆ្កាងដើម្បីទ្រង់ ហើយដូច្នេះបានទទួលសិរីរុងរឿងក្នុងព្រះរាជ្យរបស់ទ្រង់។ ពួកគេបានទទួលមរណភាពដ៏ថ្លៃថ្នូរដើម្បីព្រះគ្រីស្តនៅឆ្នាំ២៨៦គ.ស។


កំណត់សម្គាល់
*) ឈ្មោះ “ម៉ូរ៉ា” មានន័យថា “ខ្មៅ”។ ហេតុនេះនៅប្រទេស ម៉ាសេដូនៀ ថ្ងៃបុណ្យរបស់ពួកគេត្រូវបានហៅថា “ថ្ងៃខ្មៅ”។ នៅ ហ្សាគីនថូស (Zakynthos) មានព្រះវិហារមួយឧទ្ទិសដល់សត្តធីម៉ូថេ និងម៉ូរ៉ា ដែលមានអព្ភូតហេតុព្យាបាលជាច្រើន បាន​កើតឡើង។