សត្តីមរណសាក្សីដ៏វិសុទ្ទ ពែឡាហ្គីយ៉ា នៃទីក្រុងតារសុស
THE HOLY FEMALE MARTYR PELAGIA OF TARSUS

នាងពែឡាហ្គី យ៉ាកើតនៅទីក្រុងតារសុស (Tarsus) ក្នុងគ្រួសារដែលកាន់សាសនាព្រះក្លែងក្លាយ ដែលមានឥស្សរភាព និងសម្បូរទ្រព្យសម្បត្តិ។ កាលបានឮអំពីព្រះគ្រីស្ត និងការសង្គ្រោះព្រលឹងពីពួកគ្រីស្ទាន នាងបានមានចិត្ត ឆេះ ឆួល ពេញដោយសេចក្តីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ ហើយបានក្លាយជាគ្រីស្ទានពិតប្រាកដក្នុងព្រលឹង។
នៅពេលនោះ ការបៀតបៀនគ្រីស្ទានបានកើតមានឡើងយ៉ាងឃោរឃៅ។ អធិរាជឌីអូក្លេស្យ៉ង់ (Diocletian) បានឈប់សំរាកនៅតារសុស។ ក្នុងអំឡុងពេលនោះ បុត្រគ្រងរាជរបស់ទ្រង់ បានស្រឡាញ់ ពែឡាហ្គីយ៉ា យ៉ាងខ្លាំង ហើយចង់រៀបការជាមួយនាង។ ពែឡាហ្គីយ៉ាបានឆ្លើយតបតាមរយៈម្តាយដ៏អាក្រក់របស់នាងថា នាងបានភ្ជាប់ពាក្យជាមួយកូនកំលោះនៃស្ថានសួគ៌ គឺព្រះគ្រីស្តអម្ចាស់រួចហើយ។ ដោយគេចពីព្រះរាជបុត្រ និងម្តាយដ៏អាក្រក់ ពែឡាហ្គីយ៉ាបានរកឃើញសម្តេចប៊ីស្សប លីនុស (Bishop Linus) ដែលបានសម្គាល់ដោយភាពវិសុទ្ធរបស់គាត់។ លោកបានបង្រៀនពែឡាហ្គីយ៉ាអំពីជំនឿគ្រីស្ទាន ហើយបានធ្វើពិធីជ្រមុជទឹកដល់នាង។
បន្ទាប់មក ពែឡាហ្គីយ៉ាបានចែកចាយសំលៀកបំពាក់ថ្លៃៗរបស់នាងហើយនិងទ្រព្យសម្បត្តិដ៏ច្រើន ហើយបានត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ម្តាយថានាងបានទទួលពិធីជ្រមុជទឹករួចហើយ។ ពេលដឹងការនេះ ហើយបាត់បង់ក្តីសង្ឃឹមក្នុងការរៀបការជាមួយនាង ព្រះរាជបុត្របានយកដាវចាក់សម្លាប់ខ្លួនឯង។ ម្តាយដ៏អាក្រក់បានប្តឹងកូនស្រីរបស់នាងទៅអធិរាជ ហើយបញ្ជូននាងទៅកាត់ទោស។ អធិរាជភ្ញាក់ផ្អើលនឹងសម្រស់របស់នាង ហើយភ្លេចព្រះរាជបុត្រ ក៏កើតមានគំនិតអាក្រក់លើនាង។ ប៉ុន្តែដោយពែឡាហ្គីយ៉ា នៅតែមុតមាំក្នុងជំនឿ អធិរាជក៏បានបញ្ជាអោយដុតនាងទាំងរស់នៅក្នុងឡភ្លើងដែករូបគោ ដែលកំពុងឆេះក្រហមឆ្អៅ។
នៅពេលអ្នកដែលធ្វើទារុណកម្មដកសំលៀកបំពាក់របស់នាងចេញ សត្តីពែឡាហ្គីយ៉ាបានធ្វើសញ្ញាឈើឆ្កាង ហើយជាមួយការអធិស្ឋានថ្លែងអំណរគុណដល់ព្រះជាម្ចាស់ នាងបានចូលទៅក្នុងឡភ្លើងរូបគោដែលកំពុងក្ដៅឆេះ ហើយរលាយដូចជាខ្លាញ់ក្នុងមួយរំពេច។ ពែឡាហ្គីយ៉ាបានទទួលមរណភាពដ៏ថ្លៃថ្នូរនៅឆ្នាំ២៨៧គ.ស។ ឆ្អឹងរបស់នាងត្រូវបានសម្តេចប៊ីស្សបលីនុសយកទៅបញ្ចុះនៅលើភ្នំមួយនៅក្រោមថ្ម។ ក្នុងរាជ្យអធិរាជកុស្តង់ទីន កូព្រូនីមុស (Constantine Copronymos, ៧៤១-៧៧៥ គ.ស) ព្រះវិហារដ៏ស្រស់ស្អាតមួយត្រូវបានសាងសង់នៅកន្លែងនោះ ឧទ្ទិសដល់សត្តីមរណសាក្សីពែឡាហ្គីយ៉ា ដែលបានបូជាខ្លួនដើម្បីព្រះគ្រីស្ត ដើម្បីបាននៅជាមួយទ្រង់រហូតដល់អស់កល្ប។
