សត្តបុគ្គលនៃ ថ្ងៃទី5 ខែឧសភា

THE HOLY GREAT-MARTYR IRENE


អ៊ីរ៉េនរស់នៅតំបន់បាល់កង់ ក្នុងសម័យកាលពួកសាវ័ក នៅទីក្រុងម៉ាហ្គេដុន (Magedon)។ ឪពុករបស់នាងឈ្មោះលីស៊ីនុស (Licinius) ជាអ្នកអភិជន ថ្នាក់ក្រោម។ អ្នកខ្លះគិតថានាងជាជនជាតិស្លាវ។ អ៊ីរ៉េនកើតក្នុងគ្រួសារសាសនាព្រះក្លែងក្លាយ ដោយមានឈ្មោះដើមថា ពេណេឡូពេ (Penelope)។ នាងបានសិក្សាអំពីជំនឿគ្រីស្ទានពីគ្រូរបស់នាងឈ្មោះ អាពេលីអានុស (Appelianus)។ សត្តធីម៉ូថេ (Timothy) សិស្សរបស់សាវ័កប៉ុល បានធ្វើពិធីជ្រមុជទឹកដល់នាង និងបរិវាររបស់នាង ហើយបានផ្តល់ឱ្យនាងនូវសំបុត្ររបស់សាវ័កប៉ុលសម្រាប់អាន។ ដោយបដិសេធមិនព្រមរៀបការ នាងបានធ្វើឱ្យឪពុកខឹង ហើយចង់ធ្វើទារុណកម្មនាង។ ផ្ទុយទៅវិញ នាងបានបំភ្លឺឪពុករបស់នាងឱ្យប្តូរមកជឿគ្រីស្ទាន តាមរបៀបមួយដ៏អព្ភូតហេតុ។

អ៊ីរ៉េនត្រូវបានធ្វើទារុណកម្មដោយព្រះមហាក្សត្រ៤អង្គ (មិនរាប់បញ្ចូលឪពុកនាង) ប៉ុន្តែព្រះជាម្ចាស់បានជួយនាងតាមរយៈទេវទូតទ្រង់។ ព្រះមហាក្សត្រសេដេគីយ៉ា (Sedechias) បានជីករណ្តៅពោរពេញដោយពស់និងខ្យាដំរី ហើយដាក់នាងចូលទៅកប់ត្រឹមក។ ប៉ុន្តែទេវទូតបានបំផ្លាញសត្វគួរអោយស្អប់ខ្ពើមទាំងនោះ ហើយរក្សានាងឱ្យគ្មានរបួសស្នាមសូម្បីបន្ទិច។ ព្រះមហាក្សត្របានព្យាយាមអារនាងជាពីរ ប៉ុន្តែរណាបានបាក់នៅពេលប៉ះខ្លួននាងដូចជាប៉ះថ្ម។ បន្ទាប់​មក ស្ដេច​ដដែល​នេះ បាន​ចង​នាង​ជាប់​នឹង​កង់​ក្រោម​ម៉ាស៊ីន​កិន​ទឹក ហើយ​បញ្ចេញ​ទឹក​ហូរ​ដោយ​សង្ឃឹម​ថា​នឹង​លង់​ទឹក​នាង។ ប៉ុន្តែ​ទឹក​មិន​ព្រម​ហូរ​ទេ ហើយ​បាន​នៅ​ស្ងៀម ហើយ​នាងព្រហ្មចារីនេះ​នៅ​តែនៅមាន​ជីវិត។

ព្រះមហាក្សត្រសាព័រ (Sapor) បុត្ររបស់ព្រះមហាក្សត្រសេដេគីយ៉ា បានផ្ចាប់ជើងនាងជាមួយដែកគោលច្រើន ដាក់បាវខ្សាច់មកលើនាង ហើយបានបញ្ជឱ្យដឹកនាងដូចសត្វ ដល់ឆ្ងាយក្រៅភូមិ។ «ខ្ញុំដូចជាសត្វនៅមុខទ្រង់​ ឱព្រះអម្ចាស់អើយ!» នាងបាននិយាយ ខណៈដែលនាងរត់តាមអ្នកធ្វើទារុណកម្មដែលចងខ្សែទាញនាង។ ទេវទូតបានរុំញ័រផែនដី ហើយផែនដីបានបើកមាឌលេបយកអ្នកធ្វើទារុណកម្មទាំងនោះ។ បន្ទាប់ពីឆ្លងកាត់ទារុណកម្មទាំងអស់ ដែលនាងបានបំភ្លឺពួកសាសនាព្រះក្លែងក្លាយ រាប់មិនអស់ឱ្យប្តូរមកជឿជំនឿគ្រីស្ទាន អ៊ីរ៉េនបានចូលទៅទីក្រុងកាល់លីនីគុស (Callinicus) ដែលនាងបានផ្សព្វផ្សាយជំនឿគ្រីស្ទាន។


ព្រះមហាក្សត្រនៅក្រុងនោះឈ្មោះនូមេរីអាន (Numerian) បានព្យាយាមសម្លាប់នាងដោយចាប់នាងដាក់ចូលទៅក្នុងឡភ្លើងគោដែក ចំនួន៣ដង តែនាងនៅតែនៅរស់។ មនុស្សជាច្រើនបានឃើញរឿងនេះហើយបានជឿ។ មេដឹកនាំកំពូលឈ្មោះ វ៉ាន់ដូណុស បាននាំនាងទៅទីក្រុង កុងស្តាន់ទីយ៉ា (Constantina) ជាកន្លែងដែលគាត់គិតចង់សម្លាប់នាងដោយដាក់នាងនៅលើដែកក្តៅក្រហម។ ប៉ុន្តែ​វាក៏​មិន​បាន​ធ្វើ​បាប​​សត្ត អ៊ីរ៉េន ដែរ ហើយ​នាង​បាន​នាំ​មនុស្ស​ជា​ច្រើន​មក​កាន់​ជំនឿ​ពិត។​


ចុងក្រោយ អ៊ីរ៉េនបានទៅដល់ទីក្រុងមេសេមប្រីយ៉ា (Mesembria) ដែលនាងត្រូវបានសម្លាប់ដោយព្រះមហាក្សត្រស្ហាពើ (Shapur) ប៉ុន្តែព្រះជាម្ចាស់បានដាស់នាងឱ្យរស់ឡើងវិញ។ ព្រះមហាក្សត្រ និងប្រជាជនជាច្រើនបានឃើញហេតុការណ៍នេះ ហើយបានជឿលើព្រះគ្រីស្ត និងទទួលពិធីជ្រមុជទឹក។ តាមរយៈការរងទុក្ខនិងអព្ភូតហេតុរបស់នាង សត្តីអ៊ីរ៉េនបានបំភ្លឺពួកសាសនាព្រះក្លែងក្លាយចំនួន ជាងមួយសែននាក់ឱ្យប្តូរមកជឿជំនឿគ្រីស្ទាន។ ទីបំផុត នាងបានចូលទៅក្នុងម្ឈូស ហើយបញ្ជាឱ្យអាពេលីអានុសបិទវា។ ៤ថ្ងៃក្រោយមក ពេលបើកម្ឈូស គេមិនបានឃើញរាងកាយរបស់នាងទេ។ ដូច្នេះ ព្រះជាម្ចាស់បានប្រទានសិរីដល់សត្តីមហាមរណសាក្សីអ៊ីរ៉េនដ៏អស់កល្ប ដែលនាងបានលះបង់អ្វីៗទាំងអស់ និងអត់ទ្រាំជាមួយអ្វីៗទាំងអស់ដើម្បីឱ្យព្រះជាម្ចាស់បានរុងរឿងក្នុងចំណោមមនុស្ស។


កំណត់សម្គាល់
*) អគ្គបីស្សប ភីឡារេត នៃឆឺនីហ្គុវ (Archbishop Philaret of Chernigov) ជឿថាសត្តីអ៊ីរ៉េនជាជនជាតិស៊ែប។ សូមអានពី «ជីវិតនៃសត្តបុគ្គល» របស់លោក។