សត្តបុគ្គលនៃ ថ្ងៃទី10 ខែឧសភា

THE HOLY APOSTLE SIMON THE ZEALOT


ស៊ីម៉ូន (Simon) គឺជាសាវ័កដ៏អស្ចារ្យមួយរូបក្នុងចំណោមសាវ័កទាំង១២រូប។ លោកកើតនៅក្រុងកាណា (Cana) ខេត្តកាលីលេ (Galilee)។ ព្រះអម្ចាស់យេស៊ូ ព្រមទាំងមាតា និងសាវ័កទាំងឡាយបានយាងមកចូលរួមពិធីមង្គលការរបស់លោក។ ពេលអស់ស្រា ព្រះអម្ចាស់បានប្រែទឹកទៅជាស្រាក្រហម (យ៉ូហាន ២:១-១១)។ ដោយបានឃើញការអស្ចារ្យនេះ ស៊ីម៉ូន ដែលជាកូនកំលោះបានចាកចេញពីផ្ទះ ឪពុកម្ដាយ និងកូនក្រមុំ ហើយតាមព្រះគ្រិស្ដ។


ស៊ីម៉ូនត្រូវបានហៅថា “អ្នកស្រលាញ់ប្ដូរផ្ដាច់” ដោយសារសេចក្ដីស្រលាញ់ពោរពេញដោយភាពខ្នះខ្នែង និងខ្លាំងក្លាដូចភ្លើង របស់លោកចំពោះព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់។ ក្រោយពីទទួលអំណោយនៃព្រះវិញ្ញាណដ៏វិសុទ្ធស៊ីម៉ូនបានចេញទៅប្រកាសដំណឹងល្អនៅតំបន់ម៉ូរីតានី (Mauritania) នៅអាហ្វ្រិក។ ដោយសារលោកបានជោគជ័យក្នុងការបំប្លែងប្រជាជនជាច្រើនឱ្យមកកាន់ជំនឿគ្រិស្ដសាសនា ស៊ីម៉ូនត្រូវបានគេធ្វើទារុណកម្ម ហើយទីបំផុតលោកត្រូវបានគេព្យួរលើឈើឆ្កាង ដូចព្រះអម្ចាស់របស់លោកដែលបានត្រៀមជូនលោកនូវមកុដនៃសិរីរុងរឿងនៅក្នុងព្រះរាជ្យដ៏អមតៈ។