សត្តបុគ្គលនៃ ថ្ងៃទី11 ខែឧសភា

SAINTS CYRIL AND METHODIUS, EQUALS TO THE APOSTLES


សត្តគីរីល និងមេតូឌ្យុស គឺជាបងប្អូនដែលកើតនៅក្រុងសាឡូនិក (Thessalonica) ក្នុងគ្រួសារមានឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្តិ ជាបុត្ររបស់លោកលីអូ (Leo) និងម៉ារីយ៉ា
(Maria)។ មេតូឌ្យុស ជាបងប្រុស បានចំណាយពេល១០ឆ្នាំជាមេបញ្ជាការនៅចំណោមជនជាតិស្លាវ នៅប្រទេសម៉ាសេដូនី (Macedonian Slavs) ហើយបានរៀនភាសាស្លាវ។ បន្ទាប់មក លោកបានដកខ្លួនទៅភ្នំអូឡាំពុស (Olympus) ដើម្បីបំពេញជីវិតជាអ្នកបួស។ នៅទីនេះហើយ ដែលគីរីល (ដែលមានឈ្មោះដើមថា កុងស្តង់ទីន / Constantine) បាន មកចូលរួមនៅជាមួយលោក។

នៅពេលដែលស្តេចខាហ្សារ (Khazars) ព្រះនាមកាហ្កាន (Kagan) បានស្នើសុំគ្រូបង្រៀនសាសនាគ្រិស្ត ពីព្រះចៅអធិរាជមីខាអែលទី៣ (Emperor Michael III) បងប្អូនទាំងពីរនេះត្រូវបានជ្រើសរើស ហើយចាត់ចែងឱ្យទៅកាន់តំបន់អាណាចក្រខាហ្សារ។

ពួកគេបានបំប្លែងស្តេចកាហ្កានឱ្យទទួលជំនឿព្រះគ្រិស្ត ហើយបានធ្វើពិធីជ្រមុជទឹកដល់ព្រះអង្គ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើន និងប្រជាជនជាច្រើនទៀត។ បន្ទាប់ពីមួយរយៈពេល ពួកគេបានត្រឡប់មកក្រុងកុងស្តង់ទីនូប៉ុល (Constantinople) ហើយបានបង្កើតតួអក្សរស្លាវ៉ូនិក (Slavonic) ដែលមាន៣៨តួ។ ពួកគេក៏បានបកប្រែសៀវភៅសាសនាពីភាសាក្រិកទៅជាភាសាស្លាវ៉ូនិក។
ដោយសារការស្នើសុំពីព្រះអង្គម្ចាស់ រាស្តិស្លាវ (Prince Rastislav) ពួកគេបានធ្វើដំណើរទៅម៉ូរាវី (Moravia) ដើម្បីផ្សព្វផ្សាយ និងពង្រឹងជំនឿដ៏វិសុទ្ធ​ ព្រមទាំងចម្លងសៀវភៅជាច្រើនដើម្បីចែកជូនពួកបូជាចារ្យសម្រាប់បង្រៀនយុវជន។

នៅពេលដែលសម្ដេចប៉ាប (Pope) ស្នើសុំអោយ លោកគីរីលធ្វើដំណើរទៅក្រុងរ៉ូម (Rome)​ លោកក៏ទៅ។ នៅទីនោះ លោកបានឈឺ ហើយបានទទួលមរណភាពនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ៨៦៧។ ចំណែកមេតូឌ្យុសបានត្រឡប់ទៅម៉ូរាវីវិញ ហើយបានបន្តការងារពង្រឹងជំនឿលើព្រះគ្រិស្តនៅចំណោមប្រជាជនស្លាវរហូតដល់ពេលលោកទទួល មរណភាព (លោកបានសោយទិវង្គតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ៨៨៥)។ បន្ទាប់ពីលោកសោយទិវង្គត សិស្សានុសិស្សរបស់លោក ដែលគេហៅថា អ្នកដើរតាមលោកទាំង៥នាក់ ជាមួយ សត្តគ្លីម៉ង់ (Clement) ដែលជាប៊ីស្សបរបស់ពួកគេ បានឆ្លងទន្លេដានូប (Danube) ហើយធ្វើដំណើរទៅភាគខាងត្បូងទៅកាន់ប្រទេស ម៉ាសេដូនី (Macedonia)។ ពួកគេបានបន្តកិច្ចការដែលលោកគីរីល និងមេតូឌ្យុសដែលបានចាប់ផ្ដើមនៅភាគខាងជើង ដោយចាប់ផ្តើមធ្វើការពីក្រុងអូរីដ (Ohrid)។