ព្យាការី ដ៏វិសុទ្ធ លោក អេសាយ
THE HOLY PROPHET ISAIAH

ព្យាការី អេសាយ ជាកូនចៅខ្សែស្រឡាយព្រះរាជវង្ស កើតនៅក្រុងយេរូសាឡិម ជាបុត្ររបស់លោកអាម៉ុស ( Amos) ដែលជាបងប្អូនព្រះបាទអាម៉ាស៊ី ស្តេចនៃប្រទេសយូដា។ ដោយព្រះគុណដ៏អស្ចារ្យពីព្រះអម្ចាស់ លោកអេសាយបានទទួលព្រះគុណអោយបានឃើញ ព្រះអម្ចាស់នៃកងទ័ពទេវទូត គង់លើបល្ល័ង្កនៅស្ថានសួគ៌ ហែហមដោយពួកទេវទូតសេរ៉ាភីម ដែលមានស្លាបប្រាំមួយ ច្រៀងឥតឈប់ថា៖
“ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពលោកទាំងមូល” (អេសាយ ៦:៣)។
អេសាយបាននិយាយព្យាករណ៍ អំពីហេតុការណ៍ជាច្រើន ដល់មនុស្សម្នាក់ៗ និងដល់ក្រុមមនុស្ស។ នៅពេលមួយ លោកបានដើរអាក្រាតតាមផ្លូវក្នុងក្រុងយេរូសាឡិមអស់ ៣ ថ្ងៃ ដើម្បីព្យាករណ៍ អំពីការដួលរលំនៃយេរូសាឡិមក្រោមដៃស្តេច ជនជាត់អាសស៊ើរ ឈ្មោះសេនណាគេរិប (Sennacherib) ហើយផ្តាំផ្ញើអោយព្រះមហាក្សត្រនិងអ្នកដឹកនាំកុំអោយរំពឹងជំនួយ ពីអេហ្ស៊ីប ឬអេត្យូពី ព្រោះប្រទេសទាំងនោះក៏នឹងត្រូវចាញ់ក្រោមដៃសេនណាគេរិបដែរ ហើយគួរដាក់ចិត្តលើព្រះជាម្ចាស់វិញ។ ព្យាករណ៍នេះ ព្រមទាំងព្យាករណ៍ ផ្សេងៗទៀត បានកើតឡើងយ៉ាងពិតប្រាកដ។
ព្យាករណ៍ដ៏សំខាន់ៗបំផុតរបស់អេសាយ មានដូចជា៖
- អំពីព្រះគ្រីសក្លាយជាទម្រង់មនុស្ស៖
“ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះ ប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត” (អេសាយ ៩:៦)
- អំពីកំណើតរបស់ព្រះគ្រីស្តក្នុងផ្ទែពោះនាងព្រម្មចារី ដ៏វិសុទ្ធគ្រប់យ៉ាង
“ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ានូអែល» ” (អេសាយ ៧:១៤)
- អំពីសត្តយ៉ូហានអ្នកនាំមុខ៖
“មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថានចូរបើកផ្លូវថ្វាយព្រះអម្ចាស់ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃ
យើង» ” (អេសាយ ៤០:៣)
ដោយសារចិត្តបរិសុទ្ធ និងសេចក្តីស្រលាញ់ផ្ដូរផ្ដាច់ដល់ព្រះជាម្ចាស់ ព្យាការីអេសាយក៏បានទទួលអំណោយនៃសមត្ថភាពធ្វើអព្ភូតហេតុផងដែរ។ នៅពេលយេរូសាឡិមជួបគ្រោះរាំងស្ងួត អេសាយបានអធិស្ឋាន ហើយទឹកបានហូរចេញពីជើងភ្នំស៊ីយ៉ូន (Zion). ទឹកនេះ ត្រូវបានគេហៅថា ស៊ីឡូអាំ (មានន័យថា “ដែលបានផ្ញើមក”)។ ទឹកនេះគឺជាទឹក ដែល ព្រះយេស៊ូបានបង្គាប់អោយបុរសខ្វាក់ពីកំណើតទៅងូតទឹកដើម្បីបានភ្លឺភ្នែក។
ក្នុងរាជ្យព្រះបាទម៉ាណាសេ អេសាយបានរិះគន់ទង្វើសាសនាព្រះក្លែងក្លាយរបស់ព្រះមហាក្សត្រ និងពួកមេដឹកនាំ ដោយប្រៀបធៀបជំនាន់នោះទៅនឹង ជំនាន់នៃ ទីក្រុងសូដុំ និងទីក្រុងកូម៉ូរ៉ា ដូច្នេះកំហឹងរបស់មេដឹកនាំ និងប្រជាជនបានផ្ទុះឡើងប្រឆាំងនឹងព្យាការីដ៏អស្ចារ្យនេះ។ គាត់ត្រូវបានគេចាប់យកចេញពីក្រុងយេរូសាឡិម ហើយត្រូវបានកាត់ខ្លួនពាក់កណ្តាល។ លោកអេសាយបានរស់នៅ និងធ្វើការព្យាករណ៍ ប្រហែល ៧០០ ឆ្នាំមុនសម័យកាលព្រះគ្រិស្ត។
