សត្តបុគ្គលនៃ ថ្ងៃទី12 ខែឧសភា

SAINT EPIPHANIUS, BISHOP OF CYPRUS


សត្តអេពីផានី កើតមកជាជនជាតិយូដា ប៉ុន្តែ បន្ទាប់ពីបានឃើញអំណាចនៃជំនឿគ្រិស្ទាន លោកបានទទួលពិធីជ្រមុច ទឺក ជាមួយនឹងប្អូនស្រីរបស់លោក គឺកាលីថ្រូប (Callithrope)។ ពេលមានអាយុ ២៦ ឆ្នាំ លោកត្រូវបានបំបួសជាសង្ឃនៅសង្ឃស្ថានរបស់សត្តហ៊ីឡារីអុន (St. Hilarion)។ ក្រោយមក លោកបានបង្កើតសង្ឃស្ថានថ្មីមួយ ហើយក្លាយជាអ្នកល្បីល្បាញពេញបាលេស្ទីន (Palestine) និងអេហ្ស៊ីប (Egypt) ដោយសារការបំពេញជិវិតជាអ្នកបួស ពេញដោយប្រាជ្ញាខាងវិញ្ញាណ និងអព្ភូតហេតុអស្ចារ្យផ្សេងៗ។ ដើម្បីគេចពីកិត្តិនាមមនុស្ស អេពីផានីបានដកខ្លួនទៅនៅអេហ្ស៊ីប។


នៅតាមផ្លូវ លោកបានជួបនឹងសត្តផាហ្វនូទីអុស (Paphnutius) ដ៏អស្ចារ្យ ដែលបានព្យាករថាលោកនឹងក្លាយជាប៊ីស្សបនៅកោះស៊ីប។ ជាការពិតមែន ដោយតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ បន្ទាប់ពីច្រើនឆ្នាំមក អេពីផានីបានមកដល់កោះស៊ីប ហើយត្រូវបានជ្រើសរើសជាប៊ីស្សបដោយមិនបានរំពឹងទុក។ ពេល អាយុ ៦០ ឆ្នាំ លោកបានក្លាយជាប៊ីស្សបនៃក្រុងសាឡាមីស (Salamis) ដោយបានគ្រប់គ្រងព្រះសហគមន៍របស់ព្រះជាម្ចាស់អស់រយៈពេល ៥៥ ឆ្នាំ។ លោករស់នៅលើផែនដីនេះសរុប ១១៥ ឆ្នាំ មុននឹងចាកចេញពីជីវិតនេះ ដើម្បីចូលទៅរស់នៅអស់កល្បក្នុងព្រះរាជ្យរបស់ព្រះគ្រិស្ត។

មុនពេលសោយទិវង្គត លោកត្រូវបានអញ្ជើញដោយព្រះចៅអធិរាជអាកាឌីអុស (Arcadius) និងអគ្គមហេសី អេដុកស៊ីអា (Eudoxia) ឱ្យមកក្រុងកុងស្តង់ទីនូប៉ុល (Constantinople) ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈប៊ីស្សប ដែលតាមព្រះបំណងរបស់ព្រះចៅនិងព្រះនាង គឺចង់ធ្វើការដាក់ទោសសត្តយ៉ូហានគ្រីសូស្តុម (St. John Chrysostom)។ នៅពេលមកដល់ អេពីផានីបានចូលទៅដំណាក់ព្រះចៅភ្លាមៗ។ ព្រះចៅនិងព្រះនាងបានឃាត់លោកយ៉ាងយូរដើម្បីព្យាយាម បញ្ចុះបញ្ចូលគាត់ឱ្យយល់ព្រមប្រឆាំងនឹង លោកគ្រីសូស្តុម។ ប្រជាជន និងគ្រីសូស្តុមបានលឺថា អេពីផានីបានយល់ព្រមជាមួយព្រះចៅដើម្បីបណ្ដេញគ្រីសូស្តុម។ ហេតុនេះ គ្រីសូស្តុមបានសរសេរសារមកលោកថា៖

“បងអេពីផានីជាទីស្រឡាញ់ ខ្ញុំបានឮថាលោកបានផ្ដល់ដំបូន្មានដល់ព្រះចៅឱ្យនិរទេសខ្ញុំ។ សូមដឹងថា លោកនឹងមិនអាចឃើញបល្ល័ង្ករបស់លោកម្តងទៀតឡើយ!”

អេពីផានីបានឆ្លើយតបថា៖

“ឱយ៉ូហានដែលកំពុងរងទុក្ខ សូមអត់ធន់នឹងការបន្ទោសបង្អាប់! សូមដឹងថា លោកនឹងមិនអាចឈានដល់កន្លែងដែលលោកត្ត្រូវ​បាន​និរទេស​នោះ​ទេ”

ហើយការព្យាករណ៍ទាំងពីររបស់សត្តទាំងពីរនេះបានកើតឡើងយ៉ាងឆាប់រហ័ស។ ដោយមិនព្រមយល់ព្រមជាមួយព្រះចៅក្នុងការបណ្ដេញគ្រីសូស្តុម អេពីផានីបានឡើងនាវាដោយសម្ងាត់​ ហើយចេញដំណើរទៅកោះស៊ីប ប៉ុន្តែលោកបានសោយទិវង្គតនៅលើនាវា។ ចំណែកព្រះចៅអធិរាជបានបណ្ដេញគ្រីសូស្តុមទៅកាន់ប្រទេសអាមេនី (Armenia) ប៉ុន្តែសត្តអង្គនេះក៏បានសោយទិវង្គតនៅតាមផ្លូវដែរ។

សត្តអេពីផានីបានសោយទិវង្គតនៅឆ្នាំ ៤០៣ នៃគ.ស.។ ក្នុងចំណោមស្នាដៃជាច្រើនរបស់លោក សៀវភៅល្បីបំផុតគឺ “ប្រអប់ថ្នាំ” (Panarion) ដែលរាយនាមនិងបដិសេធពន្យល់ ការបង្រៀនខុសឆ្គងចំនួន ៨០ ប្រភេទ។