សត្តបុគ្គលនៃ ថ្ងៃទី13 ខែឧសភា

THE HOLY FEMALE MARTYR GLYCERIA


គ្លីកេរីយ៉ាគឺជាកូនស្រីរបស់អភិបាលក្រុងរ៉ូម។ ក្រោយពេលឪពុករបស់នាងស្លាប់ គ្រួសារនាងបានធ្លាក់ខ្លួនក្រ ហើយនាងបានចាកចេញទៅរស់នៅក្រុងត្រាយ៉ាណូប៉ូលីស (Trajanopolis) នៅតំបន់ថ្រេស (Thrace)។ ក្នុងរាជ្យរបស់ព្រះចៅអង់តូនីនុស (Antoninus) ដ៏អាក្រក់ គ្លីកេរីយ៉ាត្រូវបានគេចាប់ខ្លួននាំទៅបូជាដល់អតិទេពហ្ស៊ីអុស (Zeus)។ នាងបានគូសសញ្ញាឈើឆ្កាងនៅលើថ្ងាសរបស់នាង ហើពេលអភិបាលសាប៊ីនុស (Sabinus) សួរថា៖ «តើចង្កៀងរបស់នាងនៅឯណា?» (ពីព្រោះអ្នករាល់គ្នាត្រូវកាន់ចង្កៀងក្នុងដៃ) នាងបានចង្អុលទៅសញ្ញាឈើឆ្កាងនៅលើថ្ងាសហើយឆ្លើយថា៖ «នេះគឺជាចង្កៀងរបស់ខ្ញុំ»។

ដោយសារការអធិស្ឋានរបស់នាង ផ្លេកបន្ទោរបានបាញ់លើរូបចំលាក់អតិទេព ហើយបំផ្លិចបំផ្លាញវាជាបំណែកៗ។ អភិបាលបានខឹងក្រោធ ហើយបានបញ្ជាឱ្យវាយធ្វើទារុណកម្មនាង រួចចាប់បោះនាងចូលក្នុងគុក។ គេបានបិទទ្វារគុកយ៉ាងជិត ដោយបំណងចង់ឱ្យនាងស្លាប់ដោយសារការអត់អាហារ។ ទោះយ៉ាងណា ទេវទូតរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួនដល់នាង ហើយបានផ្ដល់អាហារពីឋានសួគ៌ដល់នាង។

ក្រោយពេលមួយរយៈ នៅពេលអភិបាលគិតថានាងប្រាកដជាស្លាប់ហើយ គាត់បានបើកទ្វារគុក ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញនាងមានសុខភាពល្អ ភ្លឺថ្លា និងរីករាយ។ ដោយបានឃើញការអស្ចារ្យនេះ ឡាអូឌីស្យុស (Laodicius) អ្នកយាមគុកបានទទួលស្គាល់ព្រះគ្រិស្តជាព្រះអម្ចាស់ ហើយត្រូវបានគេកាត់ក្បាលភ្លាមៗ។ បន្ទាប់មក គ្លីកេរីយ៉ាត្រូវបានគេចាប់ចោលទៅក្នុងឡភ្លើង ប៉ុន្តែនាងមិនត្រូវភ្លើងធ្វើអោយរបួសឡើយ។ កាលនៅក្នុងឡភ្លើង នាងបាននឹកឃើញដល់ការអស្ចារ្យរបស់ក្មេងប្រុសទាំងបីនៅក្នុងឡនៅបាប៊ីឡូន ហើយនាងក៏សរសើរតម្កើងព្រះអម្ចាស់។ ចុងក្រោយ នាងត្រូវបានគេចាប់ចោលទៅឱ្យសត្វតោសុី។ ក្នុងពេលដែលនាងកំពុងអធិស្ឋាន សត្តីដ៏វិសុទ្ធនេះបានប្រគល់ព្រលឹងរបស់នាងទៅព្រះអម្ចាស់ ដែលនាងបានអត់ទ្រាំនូវការឈឺចាប់ជាច្រើនដើម្បីទ្រង់។

នាងបានទទួលមរណភាពដ៏ថ្កុំថ្កើងក្នុងឆ្នាំ១៧៧នៃគ.ស.។ ប្រេងដ៏វិសុទ្ធ បានហូរចេញពីសពរបស់នាង ដែលបានធ្វើឱ្យអ្នកជំងឺធ្ងន់ធ្ងរជាច្រើនបានជាសះស្បើយ។