សត្ត ប៉ាកូម ដ៏គួរអោយគោរព
THE VENERABLE PACHOMIUS THE GREAT

ប៉ាកូម (Pachomius) កើតនៅប្រទេសអេហ្ស៊ីប ហើយក្នុងវ័យយុវជន លោកគោរពសាសនាព្រះក្លែងក្លាយ។ ពេលជាទាហាន លោកបានចូលរួមច្បាំងជាមួយព្រះចៅអធិរាជ កុងស្តង់ទីន (Constantine) ប្រឆាំងនឹង ម៉ាក់សង់ទីអូស (Maxentius)។ ក្រោយមក លោកបាន ស្គាល់ព្រះជាម្ចាស់តែមួយ ពីពួកគ្រីស្ទាន ហើយដោយបានឃើញពីជីវិតដ៏ស្មោះស្ម័គ្ររបស់ពួកគេ លោកក៏បានទទួលពិធីជ្រមុជទឹក។ លោកបានចាកចេញទៅកាន់ទីវាល រហោ ឋាន ថេបេអ៊ីដ (Thebaid) ហើយរស់នៅជាមួយអ្នកបួសដ៏ល្បីល្បាញម្នាក់ឈ្មោះ ប៉ាឡាម៉ុន (Palamon) ដោយអនុវត្តជីវិតជាសង្ឃ រយៈពេល ១០ ឆ្នាំ។
ក្រោយមក នៅកន្លែងមួយឈ្មោះ តាបេននីស៊ី (Tabennisi) ទេវទូតមួយអង្គបានបង្ហាញខ្លួនដល់លោក ពាក់អាវផាយរបស់សង្ឃស្គីម៉ា ហើយប្រទានឲ្យលោកនូវបន្ទះក្តារដែលមានសរសេរច្បាប់សម្រាប់ប្រើក្នុងសង្ឃស្ថានដែលរស់នៅជាសហគមន៍។ ទេវទូតបានបញ្ជាឲ្យលោកបង្កើតសង្ឃស្ថានបែបនេះនៅទីនោះ ព្រមទាំងប្រកាសថា សង្ឃស្ថាននេះនឹងមានសង្ឃជាច្រើនមករស់នៅដើម្បីសង្គ្រោះព្រលឹងរបស់ពួកគេ។
ប៉ាកូម បានគោរពតាមបន្ទូលរបស់ទេវទូត ហើយចាប់ផ្តើមសាងសង់កុដិជាច្រើន ទោះបីនៅពេលនោះមិនមាននរណាម្នាក់ផ្សេងនៅក្រៅពីប្អូនប្រុសរបស់លោកឈ្មោះ ចន (John) ក៏ដោយ។ នៅពេលប្អូនប្រុសរិះគន់លោកដោយសារការសាងសង់កុដិដែលគ្មាននរណារស់នៅលោក ប៉ាកូម គ្រាន់តែឆ្លើយថា៖ «ខ្ញុំកំពុងធ្វើតាមបញ្ជាព្រះជាម្ចាស់ ដោយមិនចាំបាច់ដឹងថាអ្នកណានឹងមកនៅ និងនៅពេលណា។»
មិនយូរប៉ុន្មាន មនុស្សជាច្រើនដែលបានដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានជួបជុំនៅកន្លែងនោះ ហើយចាប់ផ្តើមរស់នៅតាមច្បាប់របស់ ប៉ាកូម ដែលលោកបានទទួលពីទេវទូត។ កាលណាចំនួនព្រះសង្ឃកើនឡើង ប៉ាកូម បានបន្តបង្កើតសង្ឈស្ថានថ្មីៗ សរុបទាំងអស់ ៦ ទៀត។ ចំនួនសិស្សរបស់លោកមានជាង ៧,០០០ អង្គ។ សត្ត អង់តូនី (Anthony) ត្រូវបានចាត់ទុកជាស្ថាបនិកនៃជីវិតដែលនៅម្នាក់ឯងដាច់ស្រយាលពីមនុស្សដ៍ទៃ ឯសត្ត ប៉ាកូម ជាស្ថាបនិកនៃជីវិតសង្ឃរស់នៅរួមគ្នាជាសហគមន៍។
ការដាក់ខ្លួន ការស្រឡាញ់ការងារពលកម្ម និងការឃាត់ចំណង់គ្រប់យ៉ាងរបស់សត្ត លោកឪពុក ដ៏វិសុទ្ធនេះ គឺជាគំរូដ៏កម្រមួយសម្រាប់ព្រះសង្ឃមួយចំនួនធំ ដើម្បីយកតម្រាប់តាម។ សត្ត ប៉ាកូម បានធ្វើអព្ភូតហេតុជាច្រើន ប៉ុន្តែលោកក៏បានជួបនឹងការល្បួងជាច្រើនពីអារក្ស និងមនុស្សដែរ។ លោកបានបម្រើមនុស្សជាច្រើន ក្នុងនាមជាឪពុក និងជាបងប្អូន។
លោកបានជំរុញមនុស្សជាច្រើនឲ្យដើរតាមផ្លូវនៃសេចក្ដីសង្គ្រោះ ហើយណែនាំពួកគេឲ្យទៅតាមផ្លូវសច្ចធម៌។ លោកគឺជាពន្លឺដ៏អស្ចារ្យនៃព្រះសហគមន៍ និងជាសាក្សីដ៏ខ្លាំងក្លាសម្រាប់ព្រះគ្រីស្ទ។ លោកបានសោយទិវង្គតដោយសុខសាន្តក្នុងឆ្នាំ ៣៤៨គ.ស. ក្នុងជន្មាយុ ៧៤ ឆ្នាំ។ព្រះសហគមន៍បានលើកសិស្សជាច្រើនរបស់លោកឡើងជាសត្ត ដូចជា៖
សត្ត ថេអូដ័រ (Theodore)
សត្ត យ៉ូប (Job)
សត្ត ប៉ានូទីអូស (Paphnutius)
សត្ត ពេគូស៊ីអូស (Pecusius)
សត្ត អាថេណូដ័រ (Athenodorus)
សត្ត អេប៉ូនីកុស (Eponichus)
សត្ត សូរុស (Sorus)
សត្ត ភ្សូអ៊ីស (Psois)
សត្ត ឌីអូនីស៊ីអូស (Dionysius)
សត្ត ភ្សេនតេស៊ីស (Psentaesis)
និងអ្នកដទៃទៀត។
