សត្តបុគ្គលនៃ ថ្ងៃទី16 ខែឧសភា

THE VENERABLE THEODORE THE SANCTIFIED


សត្ត ថេអូដ័រ គឺជាសាវ័ករបស់សត្ត ប៉ាកូម (Pachomius)។ លោកកើត និងធំឡើងក្នុងសាសនាព្រះក្លែងក្លាយ ប៉ុន្តែពេលជាយុវជន លោកបានដឹងពីជំនឿពិត ហើយបានទទួលពិធីជ្រមុជទឹក។ ពេលដឹងអំពីសត្ត ប៉ាកូម សត្ត ថេអូដ័រ បានរត់ចេញពីផ្ទះឪពុកម្តាយដោយសម្ងាត់ ទៅកាន់សង្ឃស្ថានរបស់សត្ត ប៉ាកូម។ សត្ត ប៉ាកូម បានបំបួសលោកជាសង្ឃ ហើយស្រឡាញ់លោកដោយសារ សេចក្តីខ្មីឃ្មាត និងការស្តាប់បង្គាប់យ៉ាងខ្លាំងរបស់ថេអូដ័រ។

នៅពេលម្តាយរបស់លោកមកដើម្បីហៅលោកត្រឡប់មកផ្ទះវិញ សត្ត ថេអូដ័រ មិនចង់ ជួប នឹងនាងសូម្បីតែម្តងឡើយ។ ជំនួសវិញ លោកបានអធិស្ឋាថាសូមឱ្យព្រះជាម្ចាស់ បើកចិត្តនាងឱ្យឃើញសេចក្តីពិត។ ជាការពិតមែន មិនត្រឹមតែកូនរបស់នាងមិនត្រឡប់ មកផ្ទះទេ ថែមទាំងនាងផ្ទាល់ក៏មិនត្រឡប់ទៅផ្ទះដែរ។

កាលឃើញដូនជីស្ថាននៅជិតខាងមួយ ដែលស្ថិតនៅក្រោមការណែនាំខាងវិញ្ញាណរបស់ បងស្រីរបស់សត្ត ប៉ាកូម នាងបានចូលទៅកាន់ដូនជីស្ថាននោះ ហើយត្រូវបានបំបួសជាដូនជី។

ក្រោយមក ប៉ានូទ្យស (Paphnutius) ដែលជាបងប្រុសរបស់សត្ត ទេអូដ័រក៏បានមកកាន់សង្ឃស្ថាន ហើយត្រូវបានបំបួសជាសង្ឃ។ ក្នុងពេលក្រោយមក ប៊ីស្សបនៃផាណូផូលីស (Panopolis) បានអំពាវនាវឱ្យសត្ត ប៉ាកូមបង្កើតសង្ឃស្ថានសម្រាប់អ្នកដែលចង់រស់នៅក្នុងជីវិតជាអ្នកបួស។ សត្ត ប៉ាកូម បាននាំសត្ត ថេអូដ័រ ទៅជាមួយ ហើយបានផ្ទេរកាតព្វកិច្ចឱ្យលោករៀបចំសង្ឃស្ថានថ្មីនេះ។

បន្ទាប់ពីសត្ត ប៉ាកូម សោយទិវង្គត សត្ត ថេអូដ័រ បានក្លាយជាព្រឹទ្ធាចារ្យគ្រប់គ្រងសង្ឃស្ថានទាំងអស់របស់សត្ត ប៉ាកូមហើយរស់នៅដល់វ័យចំណាស់។ សត្ត ថេអូដ័រ បានរស់នៅក្នុងជីវិតដែលព្រះអម្ចាស់សព្វព្រះហឫទ័យ ដោយណែនាំសង្ឃស្ថានច្រើនឱ្យដើរតាមផ្លូវនៃសេចក្តីសង្គ្រោះ។ លោកបានចូលទិវង្គតដោយស្ងប់សុខ ហើយបានឡើងទៅកាន់ព្រះរាជ្យនៃពន្លឺអស់កល្បជានិច្ច ក្នុងឆ្នាំ ៣៦៨ នៃគ.ស។